ពិតជារឿងដ៏ហួសចិត្ត និងគួរឲ្យស្អប់យ៉ាងខ្លាំង ក្រោយពីបានដឹងថា បុរសជាអ្នកដំណើរម្នាក់ បានលួចធ្វើសកម្មភាពប៉ុនប៉ង «បៀតបៀន» ទៅលើក្មេងស្រីម្នាក់ នៅកៅអីខាងក្រោយ នៃរថយន្តក្រុងសាធារណៈ ប៉ុន្តែ សំណាងល្អ ត្រូវបានអ្នកបើកបរក្រឡេកឃើញទាន់ ក៏បានឈប់ឡានទៅបង្អាក់សកម្មភាពរបស់បុរសរោគចិត្តរូបនេះភ្លាមៗ។
ក្រោយករណីនេះកើតឡើង អ្នកបើកបរឡានក្រុងសាធារណៈ បានទៅចង្អុលមុខបុរសរូបនេះ និងចោទប្រព្រឹត្តអំពើអនាចារលើកុមារ បង្កការភ្ញាក់ផ្អើលពេញឡានតែម្តង។ តែភ្លាមៗនោះ បុរសរោគចិត្តរូបនេះ បានប្រកែកដាច់អហង្ការថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់បែបនេះទេ និងថែមទាំងឲ្យអ្នកបើកឡានឆែកកាមេរ៉ា ដើម្បីបញ្ជាក់ការពិតទៀតផង។
ទោះជាយ៉ាងណា នៅពេលអ្នកបើកបរហៅក្មេងស្រីរងគ្រោះ មកសួរនាំ នាងតូចក៏បានឆ្លើយប្រាប់ត្រង់ៗថា បុរសរូបនេះ ពិតជាបានស្អាបអង្អែលថ្ងាស និងកៀកក្បាលរបស់នាងប្រាកដមែន។
បើតាមបុរសជាឪពុកបង្កើត ដែលមានគណនីហ្វេសប៊ុកឈ្មោះ Svay Chantol បានប្រាប់ឲ្យដឹងថា ហេតុការណ៍ដែលបានកើតឡើងមកលើកូនស្រីរបស់គាត់ គឺកើតឡើងនៅវេលារសៀល (ម៉ោងក្មេងទៅរៀន) ស្ថិតនៅម្តុំស្ពានអាកាសពេទ្យលោកសង្ឃ។ ហើយជាមួយគ្នានេះ គាត់ក៏សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ជួយរកមុខជនម្នាក់នេះ ដែលបានប្រព្រឹត្តអំពើថោកទាបលើកុមារផង។
តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺនៅពេលបានឃើញមនុស្សមួយចំនួនតូច យល់ឃើញថា ទង្វើរបស់ជនរូបនោះ គ្រាន់តែជាកាយវិការលេងញ៉េះញ៉ុះ ក៏បានធ្វើឲ្យគណនីហ្វេសប៊ុកមួយបានឆ្លើយតបដាក់ឲ្យដឹងបែបនេះថា៖ «ខ្ញុំកោតមានអ្នកចូលមកខមមិនថា “គ្រាន់តែអង្អែល បែបស្រលាញ់ទេដឹង”, “គ្រាន់តែលេងញ៉ោះទេដឹង”…ឱ…ព្រះអើយ…ចំនេះដឹងទាក់ទងការថែទាំការពារកុមារពីការរំលោភបំពាន គឺសូន្យតែម្ដង។ បែបទាល់តែរំលោភហ្មង បានចាប់? មិនថាជាឪពុក ពូ ឬបងប្រុស ជាពិសេសអ្នកមិនស្គាល់តែម្ដង គ្មានសិទ្ធិទៅអោប ថើប អង្អែលក្មេងៗក្នុងន័យបង្កើតតណ្ហាទេ។ យើងទាំងអស់គ្នា គួរយកគំរូរតាមពូតៃកុងឡាន គឺមិនឈរអោបដៃមើល ទាល់ក្មេងបាត់អនាគត បានស្រែកទេ! ការបំពានលើកុមារ-child harassment គឺជារឿងគួរអោយស្អប់ខ្ពើមណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





