ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ចំពោះទង្វើដ៏មិនថ្លៃថ្នូរ មិនសមជាមន្រ្តីអនុវត្តច្បាប់ របស់លោក ហ៊ុត គង់ អធិការរងនគរបាលខណ្ឌចំការមនម្នាក់ ដែលបានជិះម៉ូតូ PCX ទៅឃាត់រថយន្តបុរសម្នាក់ ដែលបើកបុក «គម្របលូ» ខឿនផ្លូវបណ្តាលឲ្យខូចខាតបន្តិចបន្តួច និងប្រើប្រាស់សំដីដ៏មិនសមរម្យទាំងខ្លួនស្រវឹងស្រាជោគ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្ត PRIUS ដោយលួចឆ្មក់វាយ១ដៃចុងក្រោយឡើងសន្លប់ស្តូកស្តឹង បានធ្វើឲ្យមហាស្អប់យ៉ាងខ្លាំង។
ទោះជាយ៉ាងណា ក្រោយវីដេអូនៃករណីនេះ ដែលបានកើតឡើងពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានចែករំលែកយ៉ាងលឿន នៅលើបណ្តាញសង្គម ខណៈបានដឹងថា បុរសជិះម៉ូតូ PCX ទាំងស្ថានភាពស្រវឹង គឺជាអធិការរងនគរបាលខណ្ឌចំការមន ដែលធ្វើផ្ទុយក្នុងនាមជាមន្រ្តីអនុវត្តច្បាប់ គួរតែហៅ ឬឃាត់ម្ចាស់យានយន្ដ ដែលបើកបង្កគ្រោះថ្នាក់បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ដើម្បីធ្វើកិច្ចសន្យា ឬផាកពីន័យតាមផ្លូវច្បាប់នោះ, ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតទៀតនោះ គឺស្របពេលម្ចាស់ឡាន Prius ផ្ទុះកំហឹងស្ទុះទៅវាយយ៉ាងសន្ធាប់លែងគិតខ្វល់ពីរបស់ទ្រព្យ បន្ទាប់អធិការរងនគរបាលខណ្ឌចំការមនរូបនោះ ទះ១កំផ្លៀងយ៉ាងចាស់ដៃ ដែលបណ្តាលឲ្យជ្រុះទូរស័ព្ទ និងនាឡិកា គេក៏បានកត់សម្គាល់ឃើញបុរសម្នាក់ពាក់អាវការ៉ូ និងពាក់មូកក្រហម បានឆ្លៀតឱកាសរើសយកទៅបាត់ភ្លាមៗតែម្តង។
នេះបើតាមម្ចាស់រថយន្ត Prius ដែលមានគណនីហ្វេសប៊ុកឈ្មោះ Kong Sambath បានផ្តាំទៅកាន់បុរសឆ្លៀតឱកាសដើម្បីប្រយោជន៍ខ្លួនរូបនោះឲ្យដឹងយ៉ាងដូច្នេះថា៖ «ជួយស៊ែផង ទូរស័ព្ទ និងនាឡិការខ្ញុំ បើរើសបានយកអោយខ្ញុំវិញ ខ្ញុំមិនរករឿងទេ កុំឆ្លៀតឱកាស ខ្ញុំនឹងជូនសាគុណ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង