Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​រម្លឹក​ផង! ជើងខ្លាំង​កង់​បី ត្រូវ​ចា-ប់​ខ្លួន នៅឡើយ អធិការរង​ដៃ​ធ្ង-ន់​ ហាក់​ស្ងាត់ ខណៈ​ជនរងគ្រោះ​បង្ហាញ​លទ្ធផល​ស្កេន បា-ក់​ថ្គាម…

ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ចំពោះទង្វើមិនសមជាមន្រ្តីអនុវត្តច្បាប់ របស់លោក ហ៊ុត គង់ អធិការរងនគរបាលខណ្ឌចំការមន ដែលបានជិះម៉ូតូ PCX ទៅឃាត់រថយន្តបុរសម្នាក់ ដែលបើកបុក «គម្របលូ» ខឿនផ្លូវ បណ្តាលឲ្យខូចខាតបន្តិចបន្តួច និងប្រើប្រាស់សំដីដ៏មិនសមរម្យទាំងខ្លួនស្រវឹងស្រាជោគ រហូតដល់ប្រើអំពើហិង្សាមកលើម្ចាស់រថយន្ត PRIUS ជាពិសេសលួចឆ្មក់វាយ១ដៃចុងក្រោយ ឡើងដាច់ផ្ងារសន្លប់ស្តូកស្តឹង បានធ្វើឲ្យមហាជនផ្ទុះកំហឹង និងស្អប់យ៉ាងខ្លាំង។

ក្រោយវីដេអូនៃករណីនេះ ដែលបានកើតឡើងពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានចែករំលែកយ៉ាងលឿន នៅលើបណ្តាញសង្គម ខណៈបានដឹងថា បុរសជិះម៉ូតូ PCX ទាំងស្ថានភាពស្រវឹង គឺជាអធិការរងនគរបាលខណ្ឌចំការមន ដែលប្រើអំពើហឹង្សាទៅលើពលរដ្ឋក្នុងនាមជាមន្រ្តីអនុវត្តច្បាប់ គួរតែហៅ ឬឃាត់ម្ចាស់យានយន្ដ ដែលបើកបង្កគ្រោះថ្នាក់បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ដើម្បីធ្វើកិច្ចសន្យា ឬផាកពីន័យតាមផ្លូវច្បាប់នោះ, ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ មហាជនដែលតាមដានចង់ដឹងពីលទ្ធផល ហាក់ពុំទាន់ឃើញអធិការរងនគរបាលខណ្ឌចំការមន លោក ហ៊ុត គង់ ត្រូវបានសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់នោះទេ ពោលគឺស្ងាត់ឈឹងតែម្តង ខណៈជនរងគ្រោះជាម្ចាស់ឡាន Prius ដែលត្រូវលោកអធិការរងរូបនេះ ប្រើដៃធំដូចដំបងលួចវាយឆ្មក់មួយដៃ បណ្តាលឲ្យដាច់ផ្ងារទៅក្រោយទាំងជំហរ សន្លប់ស្តូកស្តឹង បានបញ្ចេញលទ្ធផលស្កេនបង្ហាញថាបាន «បាក់ឆ្អឹងថ្គាម» ដែលជាកន្លែងដ៏សំខាន់មួយ និងបញ្ជាក់ឲ្យមហាជនបានដឹងថា ប៉ូលិសប៉ុស្តិ៍មិនទទួលពាក្យបណ្តឹងរបស់គាត់ទេ ដោយគាត់បានស៊ែរផុសពីប្អូនស្រីរបស់គាត់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ សាន់ សាន់ សាឡន បានបង្ហោះសារបែបនេះថា៖ «អធិការងប្រើអំពើហឹង្សាលើប្រជាពរដ្ឋ ប៉ូលីសប៉ុស្តិ៍មិនទទួលពាក្យខាងជនរងគ្រោះ»។

ជាពិតណាស់ ខណៈរឿងបុរសកង់បីជើងខ្លាំង ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់បើកបរបញ្ច្រាសគន្លងផ្លូវ ខឹងគេស្តីឲ្យ ស្ទុះទាញដំបងទីប រកវាយអ្នកបើកបររថយន្តដែលបើកស្របទិសឡើងផ្អើលដងផ្លូវ ស្មានតែគេសម្តែង ក៏មានអ្នកនិយមលេងហ្វេសប៊ុកយ៉ាងសកម្មមួយរូប បានលើកឡើងយ៉ាងចាក់ដោតថា៖ «បើកហ្វេសបុកមើលអូសចុះអូសឡើង ឃើញតែតាកង់៣ បាត់រឿងអធិការរងដៃធ្ងន់បាត់… ទៅដល់ណាហើយ លោកអធិការរងហ្នឹង គុកកម្រិតធ្ងន់នៅ?»។

ទោះជាយ៉ាងណា យើងទាំងអស់គ្នា នឹងរង់ចាំមើលថា តើយុត្តិធម៌សម្រាប់ជនរងគ្រោះមានដែរ ឬយ៉ាងណា ហើយប្រសិនបើគ្មាន មហាជនបានលើកឡើងថា មិនចាំបាច់បង្កើតឲ្យមានច្បាប់ទៀតទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×