ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាក VOLKSWAGENមួយគ្រឿង ក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹង មិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣ ចំណុចស្តុបបេកាសេ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក VOLKSWAGEN ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AS-6123 បើកបរដោយបុរសជនបរទេសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿន យ៉ាងលឿនស្ថានភាពស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្កបន្តល្បឿន បើកទៅមុខតែទៅមិនរួច ដោយដាច់កាឡេកង់មុខចំហៀងខាងឆ្វេង ទើរជាប់ត្រឹមនិងទៅមុខលែងរួច។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វត្តភ្នំ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កទៅ រក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត