ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង បន្ថែមស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ខ្យល់បោកបក់ រលកសមុទ្រខ្ពស់ សូមប្រុងប្រយ័ត្ន ។
ក្រសួងធនធានទឹក បានបញ្ជាក់ឲ្យដឹងទៀតថា ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។
ក្រសួងជំនាញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី