នេះពិតជារឿងមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំង ខណៈដែលស្រ្តីចំណាស់ជាអ្នកជិតខាងម្នាក់ មិនដឹងជាមានរឿងហេតុអ្វី ឬមានបំណងអាក្រក់យ៉ាងណានោះទេ ស្រាប់តែបានយកខោអាវដែលបានគក់រួចហើយ មកហាលនៅពីមុខផ្ទះ ដែលជាកន្លែងការិយាល័យធ្វើការក្រុមហ៊ុនមួយ និងថែមទាំងយកសោមកចាក់ទ្វារខាងក្រៅទៀត។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៧ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ16 ផ្លូវលេខ6A (បុរីពិភពថ្មី) ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាក់ស្តែង តាមរយៈរូបភាពនៃវីដេអូមួយ បានបង្ហាញឲ្យឃើញស្នួលហាលខោអាវមួយ ដែលទើបបោកគក់រួចហើយថ្មីៗ ត្រូវបានដាក់ហាលពីមុខច្រកទ្វារផ្ទះ និងសំពត់មួយក៏ត្រូវបានហាលពីលើរបងទ្វារ និងថែមទាំងយកសោ មកចាក់ខាងក្រៅទៀតផង ខណៈបុគ្គលិកក្រុមហ៊ុន កំពុងស្ថិតនៅខាងក្នុង។ រីឯវីដេអូផ្សេងទៀត ក៏បានបង្ហាញស្រ្តីរូបនេះ បានបាញ់ទឹកពីផ្ទះរបស់ខ្លួន ចូលក្នុងផ្ទះគេទៀតផង។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺបន្ទាប់ពីបុគ្គលិកបានរាយការណ៍ករណីនេះ ទៅខាងសន្តិសុខ ដើម្បីឲ្យមកជួយអន្តរាគមន៍ ស្រាប់តែស្រ្តីចំណាស់រូបនេះ បានប្រើសំដីជេរប្រមាថខ្លាំងៗទៅលើសន្តិសុខប្រៀបដូចសំរាមបែបនេះថា «បើអ្ហែង មិនស្គាល់អញជាថ្នាក់ណាទេ កុំបាច់មកបញ្ជាក្បាលអញ អាថោក!…»។
ទោះជាយ៉ាងណា ទាក់ទងករណីយករបស់របរមកបំពាន និងសកម្មភាពយាយី ជាពិសេសគឺយកសោ មកចាក់ទ្វារពីខាងក្រៅ ដែលត្រូវបានចាត់ទុកថាជាទង្វើអាចជាចេតនាបង្កគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ នៅពេលនេះ ខាងម្ចាស់ក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចរួចហើយ ចាំមើលថាតើស្រ្តីរូបនេះខ្លាំងដូចនៅក្នុងវីដេអូដែរទេ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង