ដូចដែលបានដឹងស្រាប់ហើយថា សព្វថ្ងៃនេះ អំពើចោរឆក់ ចោរលួច បានកើតឡើងឥតស្បើយនោះទេ ដែលយើងគ្រប់គ្នាជាម្ចាស់របស់ទ្រព្យ មិនគួរធ្វេសប្រហែសឡើយ ដោយត្រូវចាំខ្ជាប់នូវពាក្យសុភាសិតថា «ប្រហែសបាត់ ប្រយ័ត្នគង់» ទើបមិនមានការសោកស្តាយ។
ជាក់ស្តែង ដូចករណីនេះ គឺពិតជាគួរឲ្យសោកស្តាយជំនួសជាខ្លាំង បន្ទាប់ពីម្ចាស់ផ្ទះមួយត្រូវបានចោរ២នាក់ លួចយកម៉ូតូម៉ាកហុងដា Click ១គ្រឿងយ៉ាងស្រួល ដោយសារតែការធ្វេសប្រហែសចតម៉ូតូនៅមុខផ្ទះ តែភ្លេចដកសោចេញ។ ហេតុការណ៍នេះ ត្រូវបានដឹងថាបានកើតឡើងនៅវេលាម៉ោង ៩ និង ៤១ នាទី ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យ៉ាងណាមិញ ជាមួយសកម្មភាពលួចយ៉ាងស្រួលៗបែបនេះ ត្រូវបានគេជឿថា ចោរទាំងពីរគឺចោរជំនាញកាច់កម៉ូតូ គឺបានជិះឆ្វែលអាចពីរបីដង មុនពេលធ្វើសកម្មភាព។ ប៉ុន្តែ ដោយសារតែឃើញម៉ូតូទុកសោចោលបែបនេះ ពួកគេក៏បានសម្រេចធ្វើសកម្មភាព ដោយបានក្រឡេកមើលឆ្វេងស្តាំ ហាក់ពុំមានមនុស្សនៅខាងក្រៅ ចោរម្នាក់ដែលពាក់មូកសុវត្ថិភាពនិងពាក់ម៉ាស់ បានដើរចូលឡើងជិះចាកចេញតែម្តង។
តែក្រឡេកមកមើលវីដេអូកាមេរ៉ាសុវត្ថិភាពពីផ្ទះអ្នកជិតខាងមួយផ្សេងទៀត បានបង្ហាញឲ្យឃើញថា បន្ទាប់ពីចោរបានឡើងជិះ គេក៏បានឃើញស្រ្តីជាម្ចាស់ផ្ទះបានរត់មកទាន់ ប៉ុន្តែ ចាប់កន្ទុយម៉ូតូមិនជាប់ ដែលធ្វើចោរជិះគេចខ្លួនយកទៅដោយសុវត្ថិភាព។ តែក៏ទុកថាជាសំណងរបស់លោកចោរហើយ ដែលពុំដួលម៉ូតូ ពុំនោះទេ អាចនឹងពិការ ឬសល់តែដង្ហើមចង្រិតក៏ថាបាន ព្រោះថា ភ្លាមៗនោះ ប្រជាពលរដ្ឋជិតខាងបានរត់ចេញមកព្រោងព្រាត ដែលក្នុងនោះក៏មានដំបងក្នុងដៃផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង