Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​អភិរក្ស ស្នើ​ប្រជាពលរដ្ឋ បញ្ឈប់​ការបរិភោគ​សាច់​សត្វព្រៃ ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ នៅ​កម្ពុជា​

​រាជធានី​ភ្នំពេញ​៖  អ្នកជំនាញ បាន​សន្មត​ថា មិន​មាន​ចំនួន​សត្វ​ខ្លាធំ ដែល​អាច​បន្ត​ពូជ​បាន​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​។ ការបាត់បង់​នេះ គឺជា​លទ្ធផល​ដែល​ចេញពី​ការ​បរបាញ់​ការ​ដាក់​អន្ទាក់ ការជួញដូ​ច​សត្វព្រៃ ការបាត់បង់​ទីជម្រក និង​ការបាត់បង់​ជា​ចំណី​របស់​វា ជាពិសេស​គឺ​សង្គ្រាម​ដ៏​រ៉ាំ​រ៉ៃ ដែល​បង្ក​ជា​សំឡេង​រំខាន ដល់​ការរស់នៅ​របស់​វា ហើយ​អ្នកជំនាញ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​បញ្ឈប់​ការបរិភោគ​សាច់​សត្វព្រៃ​។​

​អបអរ​ទិវា​សត្វ​ខ្លាំធំ​ពិភពលោក កាលពី​ថ្ងៃ​សៅរ៍​ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នៅ​ផ្សារ​ទំនើប​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់ ចំពោះ​សត្វ​ខ្លាធំ​ទាំងអស់ ដែល​ជិត​ផុត​ពូជ​នៅ​ទូទាំង​ពិភពលោក​។​

ចំនួន​សត្វ​ខ្លាធំ​នៅលើ​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​គួរឲ្យកត់សម្គាល់ កាល​ពី​សតវត្សរ៍​មុន ដោយសារតែ​ការ​បរបាញ់​សត្វព្រៃ និង​ការបំផ្លាញ​ទី​ជម្រក​សត្វព្រៃ​គ្មាន​ការគ្រប់គ្រង​។ បច្ចុប្បន្ន​មាន​នៅ​សល់​សត្វ​ខ្លាធំ​ចំនួន ៣៩០០ ក្បាល​រស់នៅ​ក្នុង​ព្រៃ ប៉ុន្តែ​សត្វ​ខ្លាធំ​ទាំងនេះ​បាន​រង​ការគំរាមកំហែង​ជា​រៀងរាល់ថ្ងៃ ដោយសារ​ការ​បរបាញ់ ដើម្បី​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់​។

​លោក​សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល ដើម្បី​អភិរក្ស​ធនធានធម្មជាតិ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហៅ​កាត់​ថា WWF ថា​ថ្លែងថា អង្គការ​បាន​ផ្តួចផ្តើម​គម្រោង​អភិរក្ស​សត្វ​ខ្លាធំ រយៈពេល​ប្រាំ​មួយឆ្នាំ ដែល​គាំទ្រ​ដល់​យុទ្ធនាការ TX2 ដែល​ជា​គោលដៅ​ពិភពលោក ដើម្បី​បង្កើន​ទ្វេ​ដង​ចំនួន​សត្វ​ខ្លាធំ​ត្រឹម​ឆ្នាំ ២០២២ ។ កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន ១៣ ដែល​មាន​សត្វ​ខ្លាធំ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​បង្កើន​ទ្វេដង ចំនួន​សត្វ​ខ្លាធំ​ទូទាំង​ពិភពលោក ដោយ​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​សង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែល​ផ្តោត​លើ​ការនាំយក​សត្វ​ខ្លាធំ ចូលទៅក្នុង​តំបន់​វាលទំនាប​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។

​លោក​បាន​ជា​សំណួរ​ថា​តើ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​ចូលរួម​យ៉ាង​ដូចម្តេច​ទៅ​លើ​ការអភិរក្ស និង​ការការពារ​សត្វ​ខ្លាំធំ នៅក្នុង​ប្រទេស​កម្ពុជា​? លោក​បន្តថា “​ប្រជាពលរដ្ឋ​ដែល​ចង់​ចូលរួម​អភិរក្ស​សត្វ​ខ្លាធំ គឺជា​សាមញ្ញ​បំផុត ត្រូវ​បញ្ឈប់​ការបរិភោគ​សាច់​សត្វព្រៃ​ទាំងអស់ ពីព្រោះ​យើង​ដឹង​សត្វ​ខ្លាំធំ​ជា​សត្វ​នៅលើ​គេ​ទាំង​អស់ និង​ស៊ី​សាច់សត្វ​ជា​អាហារ ហើយ​សត្វ​ខ្លាធំ​រស់នៅ​ក្នុង​ព្រៃ​បាន ទាល់​តែ​មាន​សត្វ​ជា​អាហារ​របស់​វា​មាន​គ្រប់គ្រាន់​នៅ​ក្នុង​ព្រៃ អីចឹង​ទេ​ប្រជាពលរដ្ឋ​បើ​ចង់​ចូលរួម​អភិរក្ស​សត្វ​ខ្លាធំ ដោយ​ធ្វើ​ការងារ​ដោយ​សាមញ្ញ​បំផុត​គឺ​ឈប់​ពិសារ​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ និង​កុំ​ហូប កុំ​សួរថា​មាន​សាច់​សត្វព្រៃ​លក់​ទេ ដូចជា ជ្រូក​ព្រៃ ប្រើ​ស លក់​ទេ នៅ​តាម​ភោជនីយដ្ឋាន ដែល​កាយវិកា​នេះ​គឺជា​កាយវិកា​តែមួយគត់ ហើយ​បើ​យើង​មិន​បរិភោគ​សាច់​សត្វព្រៃ តម្រូវការ​នៅក្នុង​ភោជ​នីយដ្ឋាន ក៏​លក់​មិន​ចេញ​ដែរ និង​ជា​ពិសេស​អ្នក​បរបាញ់ អ្នក​ដាក់​អន្ទាក់​ក្នុងព្រៃ​ដែល​យក​សាច់សត្វ​មក​ផ្គត់ផ្គង់​លើ​ទៅ​ផ្សារ ក៏​ទៅ​រួច​ដែរ “​។​

​លោក សេង ទៀក មានប្រសាសន៍ថា “​សត្វ​ខ្លាធំ​គឺជា​សត្វ​ដ៏​អស្ចារ្យ និង​មាន​ភាព​ទាក់ទាញ ហើយ​វា​ត្រូវបាន​ចាត់ទុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ នេះ​គឺជា​ពេលវេលា​ដែល​ត្រឹមត្រូវ​បំផុត ដែល​យើងទាំងអស់គ្នា រួមគ្នា​ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ​នេះ​។ យើងខ្ញុំ​សូមឲ្យ​មាន​ការចូលរួ​ម​ពី​គ្រប់​ស្រទាប់​ទាំងអស់ ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ ហើយ​ក៏​សូម​អំពាវនាវ ដល់​អតិថិជន​ទាំងអស់ឲ្យ​បញ្ឈប់​ការជួញដូរ​សត្វ​ខ្លាធំ និង​សាច់​សត្វព្រៃ​ជាបន្ទាន់ និង​សូមឲ្យ​រាជរដ្ឋាភិបាល ជួយ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​អ្នក​ដែល​ដាក់​អន្ទ្រាក់​នៅក្នុង​ព្រៃ ការពារ និង​បង្កើន​ការពិន័យ ដល់​អ្នក​ដែល​ដាក់​អន្ទាក់​ក្នុងព្រៃ​ការពារ​។

លោក​បាន​បន្ថែមទៀតថា “​អន្ទាក់​គឺជា​ឃាតករ​លាក់​មុខ ដែល​ឆក់​យក​ជីវិត​សត្វព្រៃ និង​កំពុងតែ​បំផ្លិចបំផ្លាញ​ជីវិត​សត្វព្រៃ របស់​ប្រទេស​កម្ពុជា ក៏ដូចជា​សត្វព្រៃ ដែល​មាន​ការ​យក​ចាត់​ទុកដាក់​ខ្ពស់ របស់​ពិភពលោក​ទាំងមូល​។​”

​លោក​សេង ទៀក បាន​ថ្លែងថា កាលពី​ឆ្នាំ​២០០៤ ចំនួន​សត្វ​ខ្លាធំ​ត្រូវបាន​គេ​ប៉ាន់​ប្រមា​ណា​មាន​ប្រហែល​ពី​១០​ទៅ​៥០​ក្បាល នៅក្នុង​ប្រទេស​កម្ពុជា​។ ទោះជា​យ៉ាងណា​រូបភាព​សត្វ​ខ្លាធំ ដែល​ថត​បាន​ជា​ចុងក្រោយ គឺ​នៅ​ឆ្នាំ​២០០៧ នៅ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត នៃ​ប្រទេស​កម្ពុជា​។ ចាប់តាំងពី​ពេលនោះ​មក ពុំ​មាន​ភស្តុតាង​ណាមួយ បង្ហាញថា​មាន​សត្វ​ខ្លាធំ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ បើទោះជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង ស្វែងរក​វា​យ៉ាងណា​ក៏ដោយ​។​

​លោក​បាន​បន្តថា អន្ទាក់​ត្រូវបាន​ដាក់​ដោយ​ព្រានប្រម៉ាញ់​ខុសច្បាប់ ក្នុង​គោលបំណង​ចាប់​យក​សត្វព្រៃ​ដេល​មាន​តម្រូវការ​ខ្ព​ស់ នៅលើ​ទីផ្សារ​សត្វព្រៃ​ខុសច្បាប់​។ អន្ទាក់​គឺធ្វើឡើង​ដោយ​វិធី​សាមញ្ញ​បំផុត ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ អន្ទាក់​ដែល​ធ្វើឡើង​ដោយ​ខ្សែលួស​ដូចជា​ហ្វ្រាំង​កង់ និង​ងាយស្រួល​ក្នុង​ការដាក់ ហើយ​បាន​បង្កើត​ជា​បញ្ហា​យ៉ាងច្រើន​នៅក្នុង​ព្រៃ​នៅក្នុង​ប្រទេស​កម្ពុជា​។

ឧទាហរណ៍​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​តែមួយ​ប៉ុណ្ណោះ អន្ទាក់​ចំនួន​៧១១​ត្រូវបាន​ដោះ​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ចំនួន​៣.១០១ និង​ឆ្នាំ​២០១៦​ចំនួន​៣៧៩៥​អន្ទាក់​ដោះ​ក្នុង​ដែន​ជម្រក​នេះ​។ ដូចនេះ​យើង​ឃើញ​ថា​ចំនួន​អន្ទាក់​មាន​ការកើនឡើង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​ជា​ការព្រួយបារម្ភ​សម្រាប់​យើងទាំងអស់គ្នា​។​

​លោក​បាន​បន្តថា យើង​ត្រូវ​ធានា​ឲ្យបាន​ថា​សត្វ​ខ្លាំធំ​មាន​កន្លែង​និង​ចំណី​ដែល​ពួក​វា​ត្រូវការ ការការពារ​ទី​ជម្រក​របស់​ពួក​វា ការបង្កើន​ចំនួន​សត្វរំពារ​របស់​វា និ​ង​ការយក​ពួក​វា​ទៅ​ដាក់​កន្លែង​ដែល​ពួក​វា​ធ្វាប់​រស់នៅ គឺជា​ការ​ត្រូវធ្វើ​ឲ្យខាងតែបាន​។ ខ្ញុំ​សុំ​មិន​បរិយាយ​ច្រើន​អំពី​អ្វិ​ដែល​យើង​ត្រូវ​ធ្វើ​នោះ​ទេ ដោយសារ​តែ​អ្វីៗ​ដែល​ចាំបាច់ ធ្វើ​គឺ​មាន​នៅក្នុង​ផែនការ​សកម្មភាព​អភិរក្ស​សត្វ​ខ្លាធំ​របស់​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កា​លពី​ឆ្នាំ ២០១៦​កន្លងទៅ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការអភិរក្ស​សត្វ​ខ្លាធំ​នឹង​ទទួល​បាន​ជោគជ័យ ទៅបាន​លុះត្រាតែ​មាន​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​តែ​មាន​ខ្លាំធំ​រស់នៅ​។ ការគាំទ្រ​នោះ​មួយ​ផ្នែក​បាន​មក​ពី​មោទនភាព​ជាតិ ដោយសារ​តែ​សត្វ​ខ្លាធំ​គឺជា​សត្វ​តំណាង​ឲ្យ​ជាតិ​និង​វប្បធម៌ និង​មួយទៀត​គឺថា​ការការពារ​សត្វ​ខ្លាធំ គឺ​ល្អ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច តាមរយៈ​សកម្មភាព​នានា ដូចជា​ទេសចរ​ធម្មជាតិ​ជាដើម​។ ដូចនេះ​យើង​រំពឹង​ថា​រាជ​រដ្ឋា​ភិបាល នឹង​បង្កើន​​ការវិនិយោគ​បន្ថែមទៀត ទៅ​លើ​ការអភិរក្ស​សត្វ​ខ្លាធំ​ក្នុងប្រទេស​កម្ពុជា​។ ប៉ុន្តែ​រាជរដ្ឋាភិបាល​មិន​អាច​ធ្វើ​រឿង​នេះ បាន​តែ​ម្នាក់​ឯង​បាន​នោះទេ យើង​ត្រូវការ​សហគមន៍​អន្តរជាតិ ដើម្បី​ជួយ​ដល់​កិច្ចប្រឹងប្រែង​មួយ​នេះ មានន័យ​ថា​ការប្តេជ្ញា​ក្នុង​ការផ្តល់​មូលនិធិ ដើម្បី​​ការពារ​សត្វ​ខ្លា​ពី​ការ​បរបាញ់ និង​ការបញ្ឈប់​ការជួញដូរ​ស្បែក​និង​ឆ្អឹង​របស់​វា បង្កើត​កន្លែង​សម្រាប់​អភិរក្ស​សត្វ​ខ្លា និង​ស្តារ​នូវ​តំបន់​ដែល​ខ្លា​ធ្លាប់​រស់នៅ​កន្លងមក​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឃុត ចាន់​ដា​រា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ថ្លែងថា វត្ត​មាន​សត្វ​ខ្លាធំ​នៅ​កម្ពុជា ត្រូវ​បាន​ថត​ជាប់​នៅ​ក្នុង​កាម៉េរ៉ា ដែល​បាន​ដាក់​នៅក្នុង​ព្រៃ​ចោល​ប្រហែល​១​ឆ្នាំ​នោះ គឺ​បាន​ថត​ជាប់​សត្វ​ខ្លាធំ​នៅ​សួនឧទ្យាជា​តិវិ​រជ័យ​ខេត្តមណ្ឌលគិរី ប៉ុន្តែ​ជាក់ស្តែង​ការសិក្សា​ជា​លក្ខណៈ​វិទ្យាសាស្ត្រ មកដល់​ពេល​បច្ចុប្បន្ន​នេះ អត់​ទាន់​រកឃើញ​ថា​មាន​សត្វ​ខ្លាធំ បន្ត​បង្ក​កំណើត​កូន​ខ្លា​នៅលើ​ទឹក​កម្ពុជា​ទៀត​ទេ​។ ការបាត់បង់​សត្វ​ខ្លាធំ ដោយសារតែ​ប្រទេស​កម្ពុជា​មាន​សង្គ្រាម ដែល​បង្ក​ឲ្យមាន​សំឡេង​គ្រាប់កាំភ្លើង​រំខាន​ការរស់នៅ​របស់​វា ទើប​រត់គេច​ចេញពី​ទីជម្រក​ទៅកាន់​កន្លែង​ផ្សេង ដែល​មាន​ភាពស្ងប់ស្ងាត់ គ្មាន​ការរំខាន ពីព្រោះ​សត្វ​ខ្លាធំ​ចូលចិត្ត​រស់នៅ ដោយ​មាន​សេរីភាព គ្មាន​ការរំខាន​ពី​សំឡេង​ចំឡែកៗ ដែល​វា​មិន​ធ្លាប់​ឮ​។ លោក​បន្តថា ក្នុងនាម​ក្រសួង​បរិស្ថាន​ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល តាំងចិត្ត​ថែមទៀត​ជាមួយនឹង​ដៃគូរ​អង្គការ​ទាំងអស់ ធ្វើយ៉ាងណា​ឲ្យ​ផែនការ​សកម្មភាព​អភិរក្ស​សត្វ​ខ្លាធំ​ទទួលបាន​ជោគជ័យ​តាម​ផែនការ​របស់​ពិភពលោក​។ ការចូលរួម​អភិរក្ស និង​ការពារ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ឲ្យមាន​ចំនួន​ច្រើន​មកវិញ ដូច​មុន​ឆ្នាំ​១៩៧០ ហើយ​បើ​តាម​ការសិក្សា​នៅមុខ​ឆ្នាំ​១៩៧០ សត្វ​ខ្លាធំ​នៅ​កម្ពុជា​មាន​ជាង​១០០​ក្បាល និង​សង្ឃឹមថា​នៅ​ថ្ងៃ​អនាគត​ខ្លាធំ​នឹង​វិលត្រឡប់​មក​រស់នៅ​ក្នុង​ព្រៃ​ប្រទេស​កម្ពុជា ឡើងវិញ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា​៖ “​យើង​ចង់ឱ្យ​ប្រជាជន​ធ្វើ​សកម្មភាព​ជួយសង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា រាជ​រដ្ឋាភិបាល​កម្ពុជា យើង​កំពុង​ធ្វើការ​ជាមួយ​ដៃគូ​ជាមួយ​អង្គការ WWF ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជា​សកល និង​មូលនិធិ​សម្រាប់​ជួយសង្គ្រោះ​សត្វ​ខ្លាធំ​។​” អ្នកជំនាញ​សត្វ​ព្រៃរបស់​អង្គការ WWF បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​ស្វែងយល់ឲ្យ​ច្បាស់​ពី​ស្ថានភាព​របស់ស​ត្វ​ខ្លាធំ​។ អ្នក​ទេសចរណ៍​ក៏​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ​លើ​ការ​ទស្សនា​ធន​ធាតិ​ធម្មជាតិ​និង​សត្វព្រៃ ពិសេស​គឺ​អំបូរ​សត្វ​ខ្លាធំ ដែល​តម្រូវ​អោយ​អ្នកកា​ពារ​សត្វព្រៃ​បន្ត​ការស្វែងរក​សត្វ​ខ្លាធំ​នេះ និង​បន្ត​សហការ​នាំយក​ខ្លា​នេះ​មក​លែង​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក នៅ​ឆ្នាំ​២០២២​ខាងមុខ​។ ខណៈ​រដ្ឋាភិបាល​កម្ពុជា អនុម័ត​លើ​ផែនការ​សកម្មភាព​អភិរក្ស​សត្វ​ខ្លាធំ​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​អង្គការ​អភិរក្ស​ធនធានធម្មជាតិ​និង​សត្វព្រៃ សម្តែង​ការ​សាទរ ចំពោះ​ការសម្រេច​នេះ​។ អង្គការ WWF និង​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការសម្រេចចិត្ត​របស់ រដ្ឋាភិបាល លើ​ការអភិរក្ស​សត្វ​ខ្លាធំ​នេះ​ថា​ជា​ផែនការ​ដ៏​សំខាន់​ក្នុង ការបង្កើន​ចំនួន​សត្វ​ខ្លា នៅក្នុង​ប្រទេស​​កម្ពុជា ចំ​ពេល​ដែល​ប្រភេទ​សត្វ កម្រ​នេះ កំពុង​ប្រឈម​នឹង​ការបាត់បង់ ពី​លើ​ទឹកដី​ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់​ថា ក្នុង​រយៈកាល​១០០​ឆ្នាំ​កន្លងមកនេះ ចំនួន​សត្វ​ខ្លាធំ​ក្នុង​សកលលោក​បាន​ធ្លាក់ចុះ​ប្រហែល​ពី​១០០.០០០​ក្បាល មក​នៅ​ត្រឹម​តែ​ចំនួន​៣.២០០​ក្បាល​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១០​។ ចំនួន​នេះ​គឺ​វា​តិចជាង​៩៥​ភាគរយ នៃ​ចំនួន​សត្វ​ខ្លាធំ​ដែល​មាន​កាលពី​ជាង​១០០​ឆ្នាំ​មុខ ។ ទី​ជម្រក​របស់​សត្វ​ខ្លាធំ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​តិចជាង ១០​ភាគរយ ដែន​ជម្រក​ដែល​ពួក​វា​ធ្លាប់​រស់នៅ​។ ថ្មីៗ​នេះ​ចំនួន​សត្វ​ខ្លាធំ​បាន​កើនឡើង​បន្តិច​មក​ត្រឹម​ប្រហែល​ចំនួន​៣.៩០០​ក្បាល​ក្នុង​ឆ្នាំ​២០១៦ ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល ដើម្បី​អភិ​រក្ស​​សត្វ​ខ្លាធំ ដោយ​មេដឹកនាំ​របស់​ប្រទេស​១៣ ដែល​មាន​វត្តមាន​សត្វ​ខ្លាធំ ចាប់ពី​ឆ្នាំ​២០១០​កន្លងមក​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

×