ដូចដែលប្រិយមិត្តជាអ្នកប្រើប្រាស់បណ្តាញសង្គម បានទទួលជ្រាបរួចហើយ ទាក់ទងករណីជនទុច្ចចរិករកស៊ីបោកប្រាស់តាមអនឡាញ ជាពិសេសការលក់ផលិតផលសម្លៀកបំពាក់តែម្តង ដែលត្រូវបានជនរងគ្រោះជាអតិថិជន តែងបង្ហោះពីករណីបោកប្រាស់នេះជារឿយៗ តាមរយៈការប្រម៉ូតលក់បង្ហាញឲ្យឃើញសុទ្ធតែផលិតផលល្អៗដ៏ទាក់ទាញ តែធាតុពិតពេលផ្ញើមកដល់ដៃ គឺសុទ្ធជារបស់ប្រើប្រាស់មិនកើត ឬវេលុយឲ្យមុន មិនផ្ញើអ៊ីវ៉ាន់ឲ្យជាដើម។
ជាក់ស្តែង ថ្មីៗនេះ នារីជាជនរងគ្រោះម្នាក់ បានឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីបានចាញ់បោកអ្នកលក់សម្លៀកបំពាក់អនឡាញមួយនេះ ដែលមានផេកហ្វេសប៊ុកឈ្មោះ Racy Clothing ដែលមានផេកខ្សែបណ្តាញរបស់ខ្លួនជាច្រើនទៀត ក្នុងនោះមានដូចជា (ពន្លឺ Fashion Shop, Je Noth Collection, Nita Collection) ដែលត្រូវបានដឹងថា បានបោកប្រាស់អតិថិជនដទៃទៀតកាលពីពេលកន្លងមករួចមកហើយ។
នារីរងគ្រោះបានរៀបរាប់ឲ្យដឹងថា ដោយសារឃើញផេក Racy Clothing ខាងលើនេះបានប្រម៉ូតលក់ខោអាវគួរឲ្យចាប់អារម្មណ៍៖ «ស្តុកថ្មីមួយឈុតតម្លៃ 6$ គ្រប់ម៉ូតទាំងអស់យកចាប់ពី ១០ ឈុតឡើងទៅ គិតតម្លៃបោះដុំឲ្យ 30$…» នៅពេលនោះ នាងក៏បានកុម្ម៉ង់យក ១៥ ឈុត សរុបទាំងថ្លៃសេវាដឹកជញ្ជូនចំនួន 47$ ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺនៅពេលសុំមើលខោអាវវេចខ្ចប់ អ្នកលក់បោកប្រាស់បានបោះសម្តីយ៉ាងអស្ចារ្យថា ពុំមានពេលបង្ហាញឲ្យមើលទេ ចាំទៅបើកមើលនៅក្រុមហ៊ុន J&T ទៅ បើមើលមិនឃើញកុំយក មិនបង្ខំឲ្យទិញទេ ព្រោះ១ឈុតចំណេញបានតែ១រៀល (1$) ។
តែដោយគិតថា អ្នកលក់ប្រហែលមានភាពស្មោះត្រង់ នាងក៏យល់ព្រមទិញ ព្រោះនាងជាប់រវល់ធ្វើការថែមម៉ោងសឹងតែគ្មានថ្ងៃសៅរ៍ អាទិត្យ សម្រាក ហើយណាមួយក៏ធ្លាប់កុម្ម៉ង់ផលិតផលផ្សេង គេពុំមានការបោកប្រាស់នោះទេ។ ទោះជាយ៉ាងណា អ្វីដែលធ្វើឲ្យនាងស្រឡាំងកាំងយ៉ាងខ្លាំងនោះ គឺនៅពេលទទួលអ៊ីវ៉ាន់ ពុទ្ធោអើយ ស្រាប់រកឃើញខោអាវប្រៀបដូចកន្ទប រហែករញ៉េរញ៉ៃ ពោលគឺស្លៀកមិនកើតតែម្តង។ ភ្លាមៗនោះ នាងក៏បានឆាតទាក់ទង តែត្រូវផេកលក់នេះមិនឆ្លើយតប និងប្លុកអាខោនចោលតែម្តង។ លើសពីនេះ នៅពេលខលទៅលេខទូរស័ព្ទផ្ញើលុយឲ្យ ក៏គ្មានការឆ្លើយតបទៀត។
ជាមួយការបោកប្រាស់ដ៏សាហាវនេះ នាងបានប្រាប់ថា ត្រឹមលុយ 47$ វាមិនច្រើនទេសម្រាប់អ្នកធូរធារ ប៉ុន្តែ សម្រាប់រូបនាងធ្វើការទទួលបានប្រាក់ខែបន្តិចបន្តួច គឺវាច្រើនណាស់ ព្រោះក្នុង១ខែៗសឹងតែមិនហ៊ានចំណាយហូបចុកនោះទេ តែបែរមកឈឺចាប់ខ្លាំងបំផុត ដែលយកលុយមិនហ៊ានស៊ីចាយ ទៅចាញ់បោកអ្នករកស៊ីបោកប្រាស់ដ៏ថោកទាបបែបនេះ។
សូមបញ្ជាក់ថា ផេក Racy Clothing ត្រូវបានរកឃើញថា បានបន្តប្រព្រឹត្តការរកស៊ីបោកប្រាស់ប្រជាពលរដ្ឋខ្មែរ តាមរយៈអនឡាញនេះរាប់ឆ្នាំមកហើយ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២២ នារីរងគ្រោះម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Syneth Ros ក៏បានបង្ហោះឲ្យដឹងបែបនេះថា៖ «ផេកនេះ បោកទេបងប្អូនសូមប្រយ័ត្នផង១ឆ្នាំទិញម្តងចំផេកបោកថាបោកក៏បោកចុះ ម៉េចចាំបាច់ទិញគោ ផ្ញើឆ្កែមកធ្វើអី ដកលុយយកតែម្តងទៅវាថី»។ នៅមានជនរងគ្រោះដទៃទៀត ក៏បានបង្ហោះផេក Racy Clothing និងខ្សែបណ្តាញរបស់ផេកខាងលើនេះដែលមានឈ្មោះ Nita Collection បោកប្រាស់ខោអាវដូចគ្នាផងដែរ។
ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរដទៃ បន្ទាប់ពីបានឃើញផេកទាំងប៉ុន្មានខាងលើនេះហើយ សូមកុំទាក់ទងកុម្ម៉ង់ទិញឲ្យសោះ ព្រោះសុទ្ធតែជាផេកប្រម៉ូតសម្លៀកបំពាក់ស្រស់ៗស្អាតទាក់ទាញ ដើម្បីបោកប្រាស់ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង