ភ្នំពេញ ៖ គ្រួសារមួយមានគ្នា ៤នាក់ ក្នុងនោះប្ដី-ប្រពន្ធពីរនាក់ និងប្អូនស្រីពីរនាក់ បានបង្ហាញពីភាពទុក្ខសោក និងរងនូវភាពអយុត្តិធម៌ ដោយលើកឡើងថា យើងខ្ញុំបានទិញផ្ទះ១ល្វែងរបស់ក្រុមហ៊ុន ធី សុភ័ក្រ ទិញលក់អចលនទ្រព្យ បានបង់លុយផ្ដាច់គ្រប់ចំនួនរួចរាល់អស់ហើយ ស្រាប់តែបែកធ្លាយមានប្លង់ពីរជាន់គ្នាទៅវិញ ហើយម្ចាស់ផ្ទះបានសំណូមពរយ៉ាងទទូចសុំឱ្យថៅកែក្រុមហ៊ុននេះមេត្តាធ្វើមោឃភាពប្លង់មិនប្រក្រតីមួយចេញ ដោយតម្រូវទុកតែប្លង់របស់ពួកគាត់បានហើយ ព្រោះពួកគាត់បានបង់លុយថ្លៃទិញផ្ទះនេះទៅឱ្យក្រុមហ៊ុនគ្រប់ចំនួនរួចរាល់អស់ហើយ ក្នុងតម្លៃ ៥៩០៧០ដុល្លារ (៥ម៉ឺន៩ពាន់៧០ដុល្លារ) ប៉ុន្តែថៅកែក្រុមហ៊ុនមិនព្រមមោឃភាពប្លង់មិនប្រក្រតីនោះចេញទេ បែរជាអាងខ្លួនមានលុយប្ដឹងអ្នកទាំង៤នេះទៅតុលាការ ពី ” បទ បរិហារបង្កាច់កេរ្ដិ៍ ” និង ” បទ ញុះញង់ឱ្យមានការរើសអើង ” ទៅវិញ។

ក្រុមគ្រួសារមានគ្នា៤នាក់ខាងលើនេះ មានឈ្មោះ ១- ឈាង សុគុណ ភេទប្រុស , ២- វ៉ាន់ ស្រីពៅ ភេទស្រី (អ្នកទាំងពីរជាប្ដី-ប្រពន្ធនឹងគ្នា), ៣- សេក ចរិយ៉ា ភេទស្រី និង ៤- សេក ម៉ាលី ភេទស្រី (អ្នកទាំងពីរជាបងប្អូនបង្កើតនឹងគ្នា) រស់នៅរាជធានីភ្នំពេញ។
ចំណែកក្រុមហ៊ុន ធី សុភ័ក្រ ទិញលក់អចលនទ្រព្យវិញ មានទីតាំងស្ថិតនៅបុរីសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានឈ្មោះ ជា សុភ័ក្រ្ត ភេទប្រុស និង គង់ យ៉ាងធី ភេទស្រី (ទាំងពីរនាក់នេះ ជាប្ដី-ប្រពន្ធនឹងគ្នា និងជាថៅកែក្រុមហ៊ុន ធី សុភ័ក្រ រួមគ្នា)។
ស្ដីពីគ្រួសារដែលមានគ្នា៤នាក់ខាងលើវិញ អង្គហេតុដែលនាំឱ្យមានវិវាទ និងរហូតដល់ក្រុមហ៊ុន ធី សុភ័ក្រ ទិញលក់អចលនទ្រព្យ ប្ដឹងក្រុមគ្រួសារនេះទៅតុលាការ ពី ” បទ បរិហារបង្កាច់កេរ្ដិ៍ ” និង ” បទ ញុះញង់ឱ្យមានការរើសអើង ” នោះ គឺកាលពីអំឡុងខែសីហា ឆ្នាំ២០២១ ឈ្មោះ ឈាង សុគុណ និង វ៉ាន់ ស្រីពៅ ដែលជាប្ដី-ប្រពន្ធនឹងគ្នា បានទិញផ្ទះ១ល្វែង លេខ ១៣C មានទីតាំងស្ថិតនៅបុរីសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីក្រុមហ៊ុន ធី សុភ័ក្រ្ត ទិញលក់អចលនទ្រព្យ ក្នុងតម្លៃ ៥៩០៧០ដុល្លារ (៥ម៉ឺន៩ពាន់៧០ដុល្លារ) គឺបង់លុយគ្រប់ចំនួន បង់លុយជាបីដំណាក់កាល មានលិខិតស្នាមប្រគល់-ទទួលប្រាក់ត្រឹមត្រូវបញ្ជាក់ពីក្រុមហ៊ុន និងបញ្ជាក់ពីធនាគារ។

ការបង់លុយទៅឱ្យក្រុមហ៊ុនដំណាក់កាលទី១ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រួសាររងគ្រោះឈ្មោះ ឈាង សុគុណ និង វ៉ាន់ ស្រីពៅ បានកក់ប្រាក់ចំនួន ២០០០ដុល្លារ (២ពាន់ដុល្លារ) ជាមួយនឹងបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុនឈ្មោះ សេក ម៉ាលី ។ ដំណាក់កាលទី២ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ឈាង សុគុណ និង វ៉ាន់ ស្រីពៅ បានបញ្ជូនលុយចេញពីធនាគារប្រៃសណីយ៍ វេរចូលគណនីរបស់លោក ជា សុភ័ក្រ ជាថៅកែក្រុមហ៊ុន ចំនួន ៤៩ ១៨៣ដុល្លារ (៤ម៉ឺន៩ពាន់១៨៣ដុល្លារ)។ ដំណាក់កាលទី៣ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ ឈាង សុគុណ និង វ៉ាន់ ស្រីពៅ បានបញ្ជូនលុយចេញពីធនាគារ ABA វេរចូលគណនីរបស់លោក ជា សុភ័ក្រ ថៅកែក្រុមហ៊ុនចំនួន ៧៨៨៧ដុល្លារ (៧ពាន់៨រយ៨៧ដុល្លារ) គឺជាការបង់គ្រប់ចំនួនឱ្យទៅក្រុមហ៊ុន មានស្នាមមេដៃអ្នកប្រគល់ អ្នកទទួល និងសាក្សីច្បាស់លាស់ត្រឹមត្រូវ និងទទួលបានលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ (ប្លង់ទុន) ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ មានស៊ីញ៉េបោះត្រា ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ។
គ្រួសារទាំង៤នាក់ បានរៀបរាប់ថា ក្រោយពេលទទួលបានផ្ទះ និងចូលរស់នៅបានបន្តិច ស្រាប់តែនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៦ ល្ងាច មានស្ត្រីចំណាស់ម្នាក់បានមកដល់ផ្ទះរបស់ពួកយើងខ្ញុំ គឺផ្ទះ ១៣C ហើយនិយាយប្រាប់ថា ផ្ទះនេះ គឺជាផ្ទះរបស់កូនគាត់ឈ្មោះ គឹម ជង់ហៀង មានប្លង់កាន់កាប់ត្រឹមត្រូវ គឺផ្ទះលេខ C13 ធ្វើប្លង់ទន់ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស៊ីញ៉េ បោះត្រា ត្រឹមអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដូចគ្នា ប៉ុន្តែកំពុងជាប់ដាក់បញ្ចាំនៅធនាគារ ABA ហើយតទៅមុខនេះ គាត់នឹងគិតគូរធ្វើការងារនេះជាមួយខាងក្រុមហ៊ុនដើម្បីយកផ្ទះ លេខ C13 នេះមកវិញ។ នេះជាពាក្យសម្ដីរបស់ស្ត្រីចំណាស់ជាម្ដាយរបស់ឈ្មោះ គឹម ជង់ហៀង ដែលបានទិញផ្ទះ C13 នេះ មុនក្រុមគ្រួសាររងគ្រោះដែលមានគ្នា ៤នាក់នេះទៅទៀត។

តាមប្រភពព័ត៌មានបានបង្ហាញថា ផ្ទះលេខ 13C ឬ C13 គឺជាផ្ទះតែមួយ ដោយគ្រាន់តែគេកាឡៃលេខផ្ទះប្ដូរតួអក្សរឡាតាំង និងលេខ ឆ្លាស់គ្នាទៅមុខ ទៅក្រោយ តែប៉ុណ្ណោះ ដើម្បីធ្វើជាប្លង់ពីរលើផ្ទះតែមួយបំភាន់ធនាគារ និងអតិថិជន ឱ្យយល់ច្រឡំថា ជាផ្ទះពីរ មានប្លង់ពីរ , តែតាមការពិត គឺមានផ្ទះតែមួយប៉ុណ្ណោះ ប៉ុន្តែមានប្លង់ពីរលក់ទៅឱ្យអតិថិជន។ ប្រភពព័ត៌មាន បានពន្យល់ទៀតថា ផ្ទះលេខ 13C ឬ C13 នេះ គឺនៅមុននេះបន្តិច លោក គឹម ជង់ហៀង បានទិញពីក្រុមហ៊ុន ធី សុភ័ក្រ ទិញលក់អចលនទ្រព្យ ដោយមានឈ្មោះ គង់ យ៉ាងធី ជាថៅកែស្រី បានលក់ផ្ទេរសិទ្ធិត្រឹមត្រូវ, ការទិញ គឺ លោក គឹម ជង់ហៀង បានយកប្លង់ផ្ទះ លេខ C13 នេះ ដាក់បញ្ចាំបង់រំលស់នៅធនាគារ ABA ប៉ុន្តែក្រោយមក លោក គឹម ជង់ហៀង ស៊ូនឹងការបង់រំលស់ជាមួយធនាគារ ABA មិនរួច ក៏លក់ឱ្យក្រុមហ៊ុនវិញ, ចំណែកក្រុមហ៊ុនដែលមានថៅកែពីរនាក់ប្ដី-ប្រពន្ធឈ្មោះ ជា សុភ័ក្រ្ត និង គង់ យ៉ាងធី ពេលទិញផ្ទះនេះពី លោក គឹម ជង់ហៀង រួចហើយ មិនបានទៅបង់ផ្ដាច់យកប្លង់ពីធនាគារវិញនោះទេ លុះដល់អតិថិជនថ្មី គឺក្រុមគ្រួសារដែលមានគ្នា៤នាក់នេះមកទិញ ត្រូវបានក្រុមហ៊ុនធ្វើប្លង់ថ្មីជាន់លើប្លង់ចាស់ ដោយគ្រាន់តែដូរលេខផ្ទះពី ផ្ទះ លេខ C13 ទៅជា 13C តែប៉ុណ្ណោះ ដូច្នេះហើយ ទើបកើតចេញជាវិវាទផ្ទះមួយប្លង់ពីរជាន់គ្នា។
អ្វីដែលកាន់តែច្បាស់ទៀតនោះ ស្រាប់តែពីរថ្ងៃក្រោយមក គឺនៅថ្ងៃទិ២១ ខែសីហា ឆ្នាំ២០២៣ បុគ្គលិកធនាគារ ABA បានកាន់ប្លង់ដែល លោក គឹម ជង់ហៀង ដាក់បញ្ចាំនោះ ចុះមកស្រាវជ្រាវ ត្រួតពិនិត្យមើល ស្រាប់តែរកឃើញថា ផ្ទះ លេខ C13 ឬ 13C នេះ ជាផ្ទះតែមួយ មិនមានផ្ទះពីរដាច់ដោយឡែកពីគ្នានោះទេ , មានន័យថា ផ្ទះមួយ គេធ្វើប្លង់ពីរជាន់គ្នា។

ក្រុមគ្រួសាររងគ្រោះទាំង ៤នាក់ ថ្លែងដោយភ្ញាក់ផ្អើល និងតក់ស្លុតថា បើកុំតែបានស្ត្រីចំណាស់ដែលជាម្ដាយ លោក គឹម ជង់ហៀង មកសួរនាំ សើរើ រឿងប្លង់ផ្ទះនេះ កុំអីមិនដឹងថាផ្ទះលេខ C13 ដែលពួកខ្លួនបានទិញបង់លុយគ្រប់ចំនួនត្រឹមត្រូវនោះ មានប្លង់ពីរជាន់គ្នានោះឡើយ។ ដូច្នេះហើយ តាំងពីពេលនោះមក ពួកយើងខ្ញុំក៏បានទៅផ្ទៀងផ្ទាត់ប្លង់ផ្ទះជាមួយ ធនាគារ ABA ទើបកាន់តែច្បាស់ថា ផ្ទះនេះមានតែមួយទេ ប៉ុន្តែខាងក្រុមហ៊ុនធ្វើប្លង់ពីរជាន់គ្នា។ ម្ល៉ោះហើយពួកយើងខ្ញុំក៏ស្នើសុំឱ្យខាងក្រុមហ៊ុន ធ្វើមោឃភាពប្លង់ផ្ទះចាស់ដែលមិនប្រក្រតីចោល ប៉ុន្តែក្រុមហ៊ុនមិនធ្វើមោឃភាពទេ លុះដល់ពួកយើងខ្ញុំ ប្ដឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងអ្នកសារព័ត៌មាន ឱ្យជួយរកយុត្តិធម៌ និងជួយផ្សព្វផ្សាយទៅកាន់ថ្នាក់ដឹកនាំ ជួយរកយុត្តិធម៌ជូនដល់ពួកយើងខ្ញុំនោះ ក៏ស្រាប់តែ ថៅកែស្រីឈ្មោះ គង់ យ៉ាងធី ប្ដឹងទៅតុលាការ គំរាមចាប់ពួកយើងខ្ញុំដាក់គុកតែម្ដង គឺប្ដឹង ពី ” បទ បរិហារបង្កាច់កេរ្ដិ៍ ” និង ” បទ ញុះញង់ឱ្យមានការរើសអើង ” ។
ក្រុមគ្រួសារទាំង៤នាក់ បានសម្ដែងការព្រួយបារម្ភ និងតក់ស្លុតយ៉ាងខ្លាំងថា លោក ជា សុភ័ក្រ្ត និងលោកស្រី គង់ យ៉ាងធី ដែលជាប្ដី-ប្រពន្ធនឹងគ្នា និងជាថៅកែរួមគ្នារបស់ក្រុមហ៊ុន ធី សុភ័ក្រ ទិញលក់អចលនទ្រព្យនេះ អាងខ្លួនមានលុយ និងបក្ខពួកមានអំណាច ប្រើប្រាស់ប្រព័ន្ធតុលាការតាមព្យាបាទ ធ្វើទុក្ខបុកម្នេញ ដល់ពួកយើងខ្ញុំទាំង៤នាក់ ឱ្យភ័យខ្លាច រហូតដេកមិនលក់ រស់គ្មានសេចក្ដីសុខ ដោយមួយថ្ងៃៗ ឮតែការគំរាមថា រង់ចាំតែដីកាចេញពីតុលាការប៉ុណ្ណោះ គេនឹងចាប់ខ្លួនពួកអស់ឯងញាត់គុកហើយ។

ពួកយើងខ្ញុំជាក្រុមគ្រួសារទាំង៤នាក់នេះ តក់ស្លុតខ្លាំងណាស់ សូមលើកម្រាមដៃដប់អង្វរករដល់ថ្នាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ច សូមជួយអន្តរាគមន៍រកយុត្តិធម៌ដល់ក្រុមគ្រួសារយើងខ្ញុំផងផង ព្រោះក្រុមគ្រួសារយើងខ្ញុំជាពលរដ្ឋស្លូតត្រង់ ទន់ខ្សោយ នៅពេលឮថា រង់ចាំតែដីកាចេញពីតុលាការ គេនឹងចាប់ខ្លួនញាត់គុកនោះ តើឱ្យពួកយើងខ្ញុំរស់បានសុខម្ដេចកើតទៅ?! ពួកយើងខ្ញុំមិនយល់សោះ នៅពេលដែលបែកធ្លាយផ្ទះ១ល្វែងដែលពួកខ្លួនទិញបង់លុយគ្រប់ចំនួនត្រឹមត្រូវនោះ មានប្លង់ពីរជាន់គ្នា ហើយគ្រាន់តែសូមឱ្យថៅកែលុបប្លង់មិនប្រក្រដីមួយចេញ ស្រាប់តែមិនត្រឹមតែមិនលុបនោះទេ បែរជាប្ដឹងពួកខ្លួនទៅតុលាការ ពី ” បទ បរិហារបង្កាច់កេរ្ដិ៍ ” និង ” បទ ញុះញង់ឱ្យមានការរើសអើង ” ថែមទៀត ដែលកាយវិការនេះច្បាស់ណាស់ថា គឺជាការតាមព្យាបាទ ធ្វើទុក្ខមុខម្នេញ និងតាមចាប់ពួកខ្លួនញាត់គុកឱ្យបាន។
ត្រង់នេះ ពួកយើងខ្ញុំសូមលើកជាសំណួរថា បើថៅកែក្រុមហ៊ុនល្អ មានគុណធម៌ សីលធម៌ មានឆន្ទៈចង់ដោះស្រាយបញ្ចប់បញ្ហានោះ គឺពិនិត្យមើលលិខិតស្នាម កាលប្បវត្តិ ឯកសារភស្តុតាង ផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ រួចហើយលុបប្លង់ណាមួយមិនប្រក្រតីចេញទៅ គឺវាចប់រឿងបាត់ទៅហើយ មិនចាំបាច់ប្ដឹងពួកយើងខ្ញុំទាំង៤នាក់ ទៅតុលាការធ្វើអ្វីនោះទេ។
ទាក់ទិននឹងបញ្ហាផ្ទះមួយមានប្លង់ពីរជាន់គ្នានេះ CEN បានព្យាយាមទាក់ទងតាមទូរស័ព្ទទៅកាន់ ក្រុមហ៊ុន ធី សុភ័ក្រ ទិញលក់អចលនទ្រព្យ តាមរយៈលេខទូរស័ព្ទ ០១២ ៩៥ ២៦ ២៣ , ០៦៩ ៩៥ ២៦ ២៣ ដើម្បីសុំការបំភ្លឺបកស្រាយ ពេលនោះខលចូល ប៉ុន្តែមិនមានអ្នកលើកនិយាយនោះទេ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

















