Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស ប្រកាសព័ត៌មាន «លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចលើកទី១៥»

អាមេរិក ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៣ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម ជេហ៊ុន បាយរ៉ាម៉ូវ (Jeyhun Bayramov) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងនាមអាស៊ែបៃហ្សង់ជាប្រធាន នៃអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ច (Economic Cooperation Organization – ECO) និងជាសហប្រធាននៃកិច្ចប្រជុំ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា តំណាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច លើកទី១៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងឱកាសនៃសម័យប្រជុំ លើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

កិច្ចប្រជុំបានពិនិត្យឡើងវិញនូវវឌ្ឍនភាព ក្នុងការអនុវត្តនៃអនុស្សរណៈនៃការយោគយល់ គ្នារវាងលេខាធិការដ្ឋាននៃអង្គការទាំង២ និងផែនការការងារ ដែលបានចុះហត្ថលេខា និងអនុម័ត នៅឆ្នាំ២០០៦ ជាពិសេស ក្នុងវិស័យអាទិភាពទាំង៤ រួមមាន៖ ១) ពាណិជ្ជកម្ម និងវិនិយោគ ២) ការគ្រប់គ្រងគ្រឿងញៀន ៣) ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និង ៤)ទេសចរណ៍។

កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរស្តីពីការវិវឌ្ឍថ្មីៗ ដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង ECO ក្នុងវិស័យទាំងឡាយ ដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការទាញយកអត្ថប្រយោជន៍រួមពីកិច្ចសហប្រតិបត្តិការអន្តរតំបន់ទាំង២ និងសហថាមពល តាមរយៈការសម្របសម្រួល លំហូរពាណិជ្ជកម្ម មូលធន និងធនធានមនុស្ស ក៏ដូចជា ការជំរុញនូវ អន្តរកម្មរវាងធុរកិច្ចនិងធុរកិច្ច (B2B) និងរវាងធុរកិច្ចនិងរដ្ឋាភិបាល (B2G)។ ក្នុងស្មារតីនេះ កិច្ច ប្រជុំបានអនុម័តក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ឆ្នាំ២០២៤-២០២៨) ដើម្បីពង្រឹង និងពង្រីកវិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយនឹង ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងយន្តការសម្របសម្រួល និងកិច្ចពិគ្រោះយោបល់រវាងអង្គការ តំបន់ទាំង២ ជាទៀងទាត់ ជាពិសេសតាមរយៈលេខាធិការដ្ឋានទាំង២។

នៅក្នុងកិច្ចប្រជុំនេះ កម្ពុជាបានគូសបញ្ជាក់ថា ការធានានូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ភាពរឹងមាំនិងធន់ គឺតម្រូវឱ្យអាស៊ាន និង ECO ស្វែងរកប្រភពកំណើនថ្មីៗ និងបានបង្ហាញថា សក្តានុពលចម្បងក្នុងកិច្ចសហប្រតិបត្តិការនិងការសហការនៃវិស័យគន្លឹះទាំងនោះ មានដូចជា សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង ការតភ្ជាប់ ពាណិជ្ជកម្មអេឡិចត្រូនិច និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងជាសាកល។
កម្ពុជាក៏បានជំរុញឱ្យមានកិច្ចពិគ្រោះយោបល់ជាទៀងទាត់ រវាងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសសមាជិក ECO នៅទីក្រុង ហ្សាការតា ដើម្បីធានាការអនុវត្តបានពេញលេញ និងមានប្រសិទ្ធភាពនូវអាទិភាពគន្លឹះនានា និង ស្វែងរកវិស័យសក្ដានុពលសំខាន់ៗដែលជាយុទ្ធសាស្ត្រ និងមានរយៈពេលវែងចំពោះភាពជាដៃគូ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×