ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសេចក្តីបំភ្លឺ សម្តែងការសោកស្តាយ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ចំពោះការផ្សព្វផ្សាយគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើផ្ទាំងប៉ាណូនៅតំបន់ Time Square នៅទីក្រុងញូវយ៉ក និងតាមវិថីដទៃទៀត។
ក្រុមអ្នកនាំពាក្យ នៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard) នៅតំបន់ Time Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សម្តេចមហាបវរធិបតី ក៏សូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលប្អូនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបខ្ញុំនៅលើ Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុងញូវយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នើសុំពីអ្នកណា។ នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្អូន សម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា នៅក្នុងអំឡុងពេល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុង “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣ មានការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹង រាជរដ្ឋាភិបាលអំពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard) គាំទ សម្ដេចធិបតី នៅតំបន់ Time Square ថាជាការរៀបចំ និងការចំណាយថវិកាខ្ជះខ្ជាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងកេងចំណេញ នយោបាយ និងបំភាន់សាធារណៈមតិ។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ. សម្ដេចធិបតី តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ ខាងលើ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមធ្វើការបញ្ជាក់ជូនសាធារណជនទាំងអស់ដូចខាងក្រោម៖ ១. ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ ពុំមែនជាការចាត់តាំងឱ្យរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។
២. ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា នទឹកចិត្ត ស្រលាញ់ និងការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះ សម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ក្នុងឱកាស “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពី ថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។
៣. ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺមានការសម្របសម្រួលពីបងប្អូនខ្មែរ យើងនៅសហរដ្ឋអាមេរិក
និងមានការចូលរួមគាំទ្រផ្សព្វផ្សាយដោយឥតគិតថ្លៃពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម
តាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយតាម billboard) នោះផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី












