រឿងអាស្រូវក្រុមហ៊ុន Changchun Changsheng Biotechnology ផលិតថ្នាំបង្ការជំងឺឆ្កែឆ្កួតគ្មានគុណភាព បាននិងកំពុងបន្តខ្ចរខ្ចាយ រីករាលដាលយ៉ាងលឿនតាមបណ្តាញសង្គម ដូចទឹកបាក់ទំនប់ ទោះក្រុមសមត្ថកិច្ចចង់បិទខ្ទប់ លុបចោលយ៉ាងណាក៏មិនអស់។ សន្ធឹកនៃរឿងអាស្រូវ បានជំរុញឱ្យលោកស៊ីជីនពីង បញ្ចេញប្រតិកម្មនៅចន្ទនេះ ពីទ្វីបអាហ្វ្រិក ទីដែលកំពុងបំពេញទស្សនកិច្ចរហូតដល់ចុងសប្តាហ៍។ សម្រាប់លោកប្រធានាធិបតី ការរំលោភច្បាប់និងវិធាននៃការផលិតថ្នាំវ៉ាក់សាំង ជាអំពើដ៏សាហាវ និងគួរព្រឺរន្ធត់ខ្លាំងណាស់ ! ដូច្នេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែចាត់វិធានការនិងបើកអង្កេតភ្លាម ដើម្បីវែករកមុខអ្នកទទួលខុសត្រូវមកដាក់ទោសឱ្យធ្ងន់ទៅតាមច្បាប់។
ក្រុមហ៊ុន Changchun Changsheng Biotechnology ក៏បានទទួលបញ្ជាឱ្យបញ្ឈប់ការផលិតថ្នាំវ៉ាក់សាំងប្រឆាំងនឹងឆ្កែឆ្កួត តាំងពីពេលត្រួតពិនិត្យឃើញមានទិន្នន័យបន្លំ និងបញ្ហាគុណភាពភ្លាម។ នេះបើតាមសេចក្តីប្រកាស អាជ្ញាធរគ្រប់គ្រងឱសថនិងចំណីអាហារចិន កាលពីថ្ងៃអាទិត្យ ដោយធានាអះអាងទៀតថា ថ្នាំវ៉ាក់សាំងគ្មានគុណភាពនោះមិនបានចេញពីរោងចក្រទេ។ ប៉ុន្តែទូរទស្សន៍ជាតិបានជូនដំណឹងផ្ទុយទៅវិញថា មានថ្នាំបង្ការចំនួន២៥ម៉ឺនដូស បានដាក់លក់នៅខេត្តShandong ភាគខាងកើតប្រទេស។
អ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ក្រុមហ៊ុនចំនួន៥នាក់ ក្នុងនោះម្នាក់ជាអគ្គនាយកផង ត្រូវបានឃាត់ខ្លួនយកសួរចម្លើយ។ នេះបើតាមការជូនដំណឹងរបស់ប៉ូលិសខេត្តឆង់ជុន Changchun (ក្រុងប៉ែកឦសានប្រទេស) នៅថ្ងៃចន្ទនេះ។
លោក ប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បានចេញសេចក្តីអំពាវនាវ នៅថ្ងៃចន្ទនេះ ឱ្យអាជ្ញាធរពាក់ព័ន្ធដាក់គំនាបឱ្យធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងក្រុមហ៊ុនឱសថណាដែលផលិតថ្នាំបន្លំ គ្មានគុណភាព។ សម្រាប់លោកប្រធានាធិបតី នេះជាទង្វើដ៏សាហាវអាក្រក់ណាស់៕
សូយន