ភ្នំពេញ៖លទ្ធផលចុងក្រោយកម្មវិធីប្រកួតវគ្គផ្តាច់ព្រាត់រាជនីសម្រស់លំដាប់ពិភពលោកឆ្នាំ ២០១៧ (Miss Global 2017) បេក្ខនារីមកពីប្រទេសប្រេស៊ីលបានទទួលគ្រងម្កុដរាជនីសម្រស់លំដាប់ពិភពលោកឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌល និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជាក់ស្តែងនៅរាត្រីនេះជាលើទី១ ហើយក៏ជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះក្នុងការទទួលព្រឹត្តិការណ៍ Miss Global 2017 នាពេលនេះ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណង បង្ហាញ សម្រាស់ និងសម្ថភាពរបស់បេក្ខនារីមកពីប្រទេសផ្សេងៗ តាមរយៈ ការបង្ហាញរាងកាយ ស្នាមញញឹមដ៏ស្រស់ស្អាតក្នុងសម្លៀកបំពាក់ ប្រពៃណី និងសម័យ និងការបញ្ចេញសម្ថភាពជំនាញផ្សេងៗ ប៉ុណ្ណោះទេ តែថែមទាំងជាការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងបង្កើនស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោម បេក្ខនារី នៃបណ្តាប្រទេសដែលចូលរួម។
បេក្ខនារី Miss Global ទាំងអស់ក៏បានទស្សនារមណីយដ្ឋាននានា ទស្សនាបណ្តាខេត្តមួយចំនួននៅកម្ពុជា ចូលរួមបុណ្យអុំទូកប្រពៃណីជាតិខ្មែរ ធ្វើការងារមនុស្សធម៌ ការងារអប់រំ និងការងារបរិស្ថាន ។ល។ ហើយក៏បានធ្វើការផ្លាស់ប្តូរនូវវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់នៃបណ្តាប្រទេសដែលបានចូលរួមដោយបានបង្ហាញនូវភាពសប្បាយរីករាយ និងស្និទ្ធិសាលក្រៃលែង ។ កម្មវិធីនេះគឺបានបង្ហាញយ៉ាងច្បាស់សុខសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយក៏ជាផ្នែកមួយដែលបានជួយផ្សព្វផ្សាយព័ត៌មានពីសភាពការណ៍ពិតនៅកម្ពុជាទៅពិភពលោក ជាពិសេស ការអភិវឌ្ឍន៍ សម្រស់ធម្មជាតិរបស់ប្រទេសយើង ស្នាមញញឹម និងកាយវិការរាក់ទាក់ដ៏ស្មោះស្ម័គ្ររបស់ ប្រជាជនកម្ពុជាយើងទៅកាន់ពភិពលោកផងដែរ។
ថ្លែងក្នុងឱកាសនោះលោកស្រីម៉ែន សំអន ឩបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែង ឲ្យមានព្រឹត្តិការណ៍នេះឡើង។ ប្រការដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះបាន គ៏ព្រោះតែមានការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ និងសិល្បៈក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ មិនដូចអ្វីដែលគណបក្សប្រឆាំង ដែលតែងតែញ៉ោះញ៉ុង និងលាបព៌ណគ្រប់រូបភាព ហើយជានិច្ចកាលតែងរារាំងដល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលគ្រប់បែបយ៉ាង៕ ដោយ៖បញ្ញាស័ក្តិ