Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារបន្តចុះពិនិត្យនិងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់

ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបន្តចុះពិនិត្យនិងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ដែលរួមមានសង្កាត់លលកសនិងសង្កាត់រលាប។

ស្ថានភាពទឹកនៅព្រឹកថ្ងៃនេះហាក់នៅនឹង ឬអាចឡើងបន្ថែមទៀតប្រសិនមានភ្លៀងធ្លាក់ ហើយកំពុងហូរហៀរចេញពីស្ទឹងពោធិ៍សាត់ បាចសាចទៅតាមផ្លូវថ្នល់និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។

សូមបងប្អូនមេត្តាបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា និងថែរក្សាសុខភាព តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប្រមាណជាពីរថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់លិចនៅតំបន់មួយ ចំនួនក្នុងស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ផងដែរ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាជ្ញាធរពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាន ស្រាក់ដៃគ្នាចុះជួយប្រជាពលរដ្ឋ និងដោះស្រាយផលប៉ះពាល់បណ្តាលមកពីជំនន់ទឹកភ្លៀងនេះ។

ស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងរដូវវស្សាពេលមានភ្លៀងធ្លាក់ខ្លាំង តែង បង្ក ទៅជាទឹកជំនន់ជន់លិចនៅតាមតំបន់មួយចំនួនស្ថិតតាមបណ្តោយមាត់ស្ទឹងក្នុងខេត្តពោធិ៍សាត់។ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានចុះដល់ទីតាំងរងគ្រោះ និងដាក់ចេញវិធានការនានា បង្ការ គ្រោះដល់អាយុជីវិតពលរដ្ឋ។ ជាពិសេសដឹកនាំអាជ្ញាធរ និងកងកម្លាំងរៀបចំទប់ទឹកមាត់ស្ទឹងក្រុងពោធិ៍សាត់ បញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈ កម្មា ធិ ការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធាន ក្រុម ការ ងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានចុះទៅដល់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យស្ថានភាពដោយផ្ទាល់ និងរួមគ្នាដាក់ចេញវិធានការជួយពលរដ្ឋរងគ្រោះ។

លោក ខូយ រីដា បានឱ្យដឹងថា ការជន់លិចនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់នេះ ដោយសារកាលពីពីរថ្ងៃ មុន ភ្លៀងបានធ្លាក់ខ្លាំងនៅជួរភ្នំក្រវាញ ហើយទឹកក៏បានលិចនៅស្រុកវាលវែង។ បន្ទាប់ពីភ្លៀងរាំង ទឹកស្រក នៅ ផ្នែកខាងលើ ទឹកក៏ហូរទាក់មកស្ទឹងពោធិ៍សាត់ និងលិចផ្នែកខ្លះក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។

ទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃថា ប្រសិនបើមិនមានភ្លៀងធ្លាក់ផ្នែកខាងលើទៀតទេនោះ ស្ថានភាពនៃការ ជន់ លិច ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នឹងធូរស្រាលក្នុងពេលឆាប់ៗខាងមុខនេះ។ ទោះបីយ៉ាងណា ក្រោមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា រូបលោកផ្ទាល់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្ត តាម ដានស្ថានការណ៍ ហើយដាក់ចេញវិធានការមួយចំនួនបញ្ចៀសផលប៉ះពាល់កុំឱ្យធ្ងន់ធ្ងរ។ ជាពិសេសការ ពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមគ្នាយ៉ាង សស្រាក់ សស្រាំជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធបន្ត អនុវត្តន៍តាមបទបញ្ជាសម្តេចធិបតីនាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងរដូវវស្សានេះ។

យោងតាមរបាយការណ៍របស់ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជំនន់ទឹកភ្លៀង បង្កឱ្យឱ្យប៉ះពាល់ចំនួន៤ ក្រុង/ស្រុក រួមមាន៖ ស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង, ប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន២១ និង៦៩ភូមិ។
របាយការណ៍បន្ថែមថា ផលប៉ះពាល់បឋមរួមមាន៖ ប្រជាពលរដ្ឋចំនួន ៣,៤១០គ្រួសារ ស្មើនឹង២,៧៨៥ខ្នងផ្ទះ, ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៥៩៨នាក់, ខូចខាតផ្លូវចំនួន៨ខ្សែ, លូចំនួន ៦កន្លែង, បាក់ច្រាំង ៦កន្លែង, ទំនប់បង្ហៀរទឹក ១កន្លែង, ខូចខាតដំណាំស្រូវចំនួន ៥៤៤.២ហិកតា, ដំណាំរួមផ្សំ និងសាវប្បកម្ម ចំនួន ២៣ហិកតា (បន្លែ,ល្ហុង), ដំណាំឧស្សាហកម្ម ចំនួន ៥៧៤.៥ហិកតា(ដំឡូងមី, ពោតក្រហម, សណ្តែកបាយ), ដំណាំឈើហូបផ្លែ ចំនួន៥៤៨ហិកតា(ក្រូចពោធិ៍សាត់, ធូរ៉េន, សាម៉ាវ, តាង៉ែន និងចេក), ជម្លៀសសត្វគោក្របីចំនួន ៤៦ក្បាល (ងាប់២ក្បាល) និងខូចខាតសម្ភារៈ មួយចំនួន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×