ភ្នំពេញ ៖ បញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ត្រៀមកម្លាំងប្រមាណ១២០នាក់ សម្ភារៈសង្គ្រោះគ្រោះមហន្តរាយមាន រថយន្តចំនួន០៥គ្រឿង រថយន្តសង្គ្រោះ០២គ្រឿង ទូក១៥គ្រឿង អូប័រ០៣គ្រឿង អាវសង្គ្រោះ១២០អាវ ច្រវ៉ា៣៦ និងសម្ភារៈសង្គ្រោះមួយចំនួនទៀត បានលើកទុកដាក់លើរថយន្តរួចជាស្រេច ដើម្បីត្រៀមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។
លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសបានឱ្យដឹងថា ការត្រៀម កម្លាំង១កងអនុសេនាធំរុករក និងសង្គ្រោះលេខ៩១១ចំនួន១២០នាក់ និងសម្ភារៈសង្គ្រោះខាងលើនេះធ្វើឡើងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងការចុះជួយប្រជាពលរដ្ឋ នៅពេលមាន សំណូម ពរចាំបាច់ណាមួយ។
ក្នុងរយពេលពេល២ថ្ងៃនេះដែរ គឺថ្ងៃទី២៩ មិង៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង បានបញ្ជាកម្លាំងក្រុមរុករក និងសង្គ្រោះចំនួន២០នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ឯក នុត ចាន់ម៉ូរ៉ា នាយរង សេនាធិការបញ្ជាការដ្ឋានទ័ពពិសេស ចុះជួយរុករកសាកសពក្មេងប្រុស ដែលលោតធ្វើអត្តឃាតពីលើស្ពានជ្រោយចង្វាផងដែរ ៕ រក្សាសិទ្ធដោយ ៖ សួង សាម