ភ្នំពេញ៖ តាមរយៈការដើរតួជាអ្នកប្រើប្រាស់ផង និងខ្លះដើរជាអ្នកផ្ដល់សេវាហិរញ្ញវត្ថុផង យុវជន គឺជាតួអង្គដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយសារយុវជន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ ខណៈដែលវិស័យនេះ កំពុងរីកលូតលាស់និងអភិវឌ្ឍជាបន្តបន្ទាប់។
លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា ថ្លែងដូចនេះ ក្នុងកម្មវិធីវេទិកាស្ដីពីវិស័យធនាគារឆ្នាំ២០២៣ កាលពីពេលថ្មីៗកន្លងទៅនេះ។
លោក ហេង បូមករា បានលើកឡើងថា វេទិកាស្ដីពីវិស័យធនាគារឆ្នាំ២០២៣ នេះគឺជាឱកាសមួយដ៏ល្អ ដោយមិនត្រឹមតែអាចបញ្ជ្រៀបចំណេះដឹងនិងព័ត៌មានគន្លឹះសំខាន់ៗទាក់ទងនឹងវិស័យធនាគារប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាឱកាសមួយដើម្បីបង្កើនទំនាក់ទំនងសង្គម ជាពិសេសរវាងនិស្សិតនិងគ្រឹះស្ថានក៏ដូចជាស្ថាប័ននានា។ ឆ្លៀតក្នុងឱកាសនេះ លោកសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ វិទ្យាស្ថានខេមអេដ ក្នុងការចូលរួមបង្កើតធនធានមនុស្សដែលមានជំនាញគណនេយ្យ និងហិរញ្ញវត្ថុ សម្រាប់រួមចំណែកជំរុញកម្លាំងចលករក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។
បច្ចុប្បន្ន បណ្តាញប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺពាសពេញប្រទេស ហើយប្រព័ន្ធធនាគារនៅកម្ពុជា ត្រូវបានចាត់ទុកថា មានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងសត្សវត្សន៍ទី២១នេះ ដោយឆ្លុះបញ្ជាំងតាមរយៈការកើនឡើងនូវទ្រព្យសកម្មប្រមាណ ៨០ ដង ដល់ ៨១ ប៊ីលានដុល្លារអាមេរិក ឥណទានកើនឡើងប្រមាណ ១៦១ដង ដល់ ៥៦ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើកើនឡើងប្រមាណ ៦៩ដង ដល់ ៤៥ ប៊ីលានដុល្លារអាមេរិក។
បើតាម អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា វិបត្ដិកូវីដ១៩ គឺជាសមាសភាពមួយក្នុងការបន្សាំបច្ចេកវិទ្យា ជាមួយការរស់នៅនិងការធ្វើពាណិជ្ជកម្ម ស្របពេលដែលបច្ចេកវិទ្យាទាំងនេះ បានជំរុញឱ្យមានភាពប្រសើរឡើងនៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការបង្កើតនវានុវត្ដន៍ថ្មីៗ ដែលជាឈ្នាន់មួយដើម្បីធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅ តាមរយៈការបង្កើនឱកាសការងារ ការបង្កើនលទ្ធភាពទទួលបានការអប់រំនិងស្វ័យសិក្សា និងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម រួមទាំងការបង្កើនភាពអង់អាចរបស់ស្ត្រីផងដែរ៕