Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ប្រកាសព័ត៌មានពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតប ចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់

spot_img

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតប ចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់។

យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ និងដោយសារការប្រែប្រួលអាកាសធាតុ អាចបង្ក ឱ្យមានការផ្លាស់ប្ដូរនូវ របបទឹកភ្លៀងនឹងបង្កឱ្យកើតមាននូវគ្រោះធម្មជាតិដូចជា ទឹកជំនន់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ រលកកម្ដៅ គ្រោះរាំងស្ងួត ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព អាចបង្កឱ្យមានជំងឺឆ្លង ជំងឺមិនឆ្លង របួស និងអាចបាត់បង់អាយុជីវិតប្រជាជន។

ដូច្នេះ ដើម្បីកាត់បន្ថយឱ្យបាន ជាអតិបរមានូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ ក្រសួង សុខាភិបាលសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំ និងប្រកាន់ខ្ជាប់នូវវិធានការដូចខាងក្រោម៖

· មុនពេលទឹកជំនន់
ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារត្រូវធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែង ដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានឱ្យបានស្អាត និងសាងសង់បង្គន់ ឱ្យខ្ពស់ដើម្បីការពារទឹកជំនន់។

. អំឡុងពេលមានទឹកជំនន់
មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោមព្រោះអាចស្រុតបាក់បែកបង្កឱ្យគ្រោះថ្នាក់
មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើមឬកំពុងឈរនៅក្នុងទឹក។ នៅពេលធ្វើដំណើរដោយ ជិះទូក ឬ កាណូត នៅពេលយប់ត្រូវមានភ្លើងបំភ្លឺ
ត្រូវសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមការកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្រ្តីគ្រប់ខែជិតដល់ពេលសម្រាលត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត
ត្រូវនាំកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្ដល់អាហារដល់ពួកគឱ្យបានត្រឹមត្រូវ
ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីពេលនៅទីទួលសុវត្ថិភាពក្រែងមានអំពើហិង្សាផ្លូវភេទ ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក និងមនុស្សចាស់ជិតខាង និងផ្ដល់ការគាំទ្រ ដល់សមាជិក គ្រួសារ ឬកុមារពិការ ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់
ពេលធ្វើដំណើរតាមទូកមិនត្រូវដាក់មនុស្សហួសកម្រិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅរកជំនួយជាបន្ទាន់

·ត្រូវប្រុងប្រយ័ត្នចៀសវាងនូវគ្រោះថ្នាក់លង់ទឹកត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក
និងពន្យល់កុមារ ពីគ្រោះថ្នាក់នៃការលង់ទឹកក៏ដូចជានាំកុមារទៅកន្លែងខ្ពស់ និងត្រូវមានអ្នកថែទាំ ព្រមទាំងប្រើអាវ ពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ
ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវ មុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនអុស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើ ការងារត្រូវស្លៀក ខោជើងវែង និងពាក់ស្បែកជើងកវែងចៀសវាងកន្លែង ដែលមានស្មៅស៊ុបទ្រប់ និង ដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់ ឬសត្វអាសិរពិស។ ក្នុងករណីមាន សមាជិកគ្រួសារ ឬនរណាម្នាក់ មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិចឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យនិងព្យាបាលដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺរាកមួល ពុល ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាល់ និងជំងឺដ៏ទៃផ្សេងទៀត ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រះ ឬដាំទឹកឱ្យពុះឬប្រើប្រាស់ទឹកដោយ ប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន៥០០មក្រ ចំនួនពីរគ្រាប់អាចលាយទឹក៣០លីត្រ រួចទុក រយៈពេល ៣០នាទី មុនបើ)
ត្រូវលាងសម្អាតបន្លែនិងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឱ្យបានឆ្អិនល្អ និងគ្របអាហារឱ្យបានជិត ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារៈផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាប ព្រា ខ្ទះ កាំបិតជ្រុញឱ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគ អាហារ និងក្រោយចេញពីបង្គន់
ត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាតដោយងូតទឹកដុះសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ឱ្យបាន ស្អាតបង្ការនូវការកើតជំងឺសើរស្បែក ពងទឹក កមរមាស់ជាដើម។

  • ក្រោយពេលទឹកជំនន់
    បន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាមជំងឺគ្រុនចាញ់ ជំងឺហ្សីកា និងជំងឺ ផ្សេងៗទៀត ត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វ អសិរពិសផ្សេងៗ។ អនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅ បានបន្សល់នូវ ភាពកខ្វក់ និងមេរោគជាច្រើនរស់នៅក្នុងទឹក ចៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះនាំឱ្យមាន ដង្កូវទឹកកើតមូសខ្លា និងមូសដែកគោលអាចបង្កឱ្យមានជំងឺគ្រុនឈាមនិងជំងឺគ្រុនចាញ់ ស្តារនិងសំអាត អណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់ ព្រមទាំងជួសជុល និងសង់បង្គន់ឡើងវិញដោយជានិច្ចកាល ត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។
    នៅមុនពេល អំឡុងពេល និងក្រោយពេលទឹកជំនន់ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពសូមស្វែងរក ការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត។
    បើមានជំងឺឆ្លងរាតត្បាតសូមទាក់ទងមកលេខទូរស័ព្ទ១១៥ (គ្មានថវិកាក្នុងទូរស័ព្ទក៏អាចទូរស័ព្ទចូលបានដែរ)៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
spot_img
×