ថ្មីៗនេះ មានរឿងផ្ទុះការភ្ញាក់ផ្អើលទៀតហើយ ខណៈគេបានឃើញអតិថជនរងគ្រោះជាច្រើននាក់ កំពុងផ្អើលឈូឆរបង្ហោះនៅលើបណ្តាញសង្គមសូមឲ្យជួយស៊ែរផង បន្ទាប់ពីហាងល្បីឈ្មោះ សោម៉ា «សោមា-Soma Fine Jewelry» បានរុះរើផ្លាក ប្តូរដាក់ផ្ទះជួល ឆាតទៅមិនតប និងខលក៏លែងលើកតែម្តង ខណៈយកគ្រឿងពេជ្រ ទៅលក់ហាងផ្សែង តែគេមិនទទួលទិញទោះមានសំបុត្រ ដែលមានន័យថា «ស្មើកាឡៃ» ហើយចុងក្រោយបានផ្ញើសារសុំទោស និងសុំការយោគយល់ ដោយប្រាប់ថា ហាងក្ស័យធន។
នេះបើតាមអតិថិជនរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Rose Fiya បានបង្ហោះឲ្យដឹងថា៖ «ហាងពេជ្រសោម៉ា សោមា-Soma Fine Jewelry កំពុងតែបោកប្រាស់គេ ហើយកំពុងរុះរើផ្លាកចេញរត់បាត់ហើយ ឆាតក៏មិនតបបងប្អូនជួរសែរផង ឥលូវជួបខ្លួនឯងហើយ ស្ដាយលុយណាស់ ឈប់ហើយពេជ្រទិញដូចទិញគ្រឿងកាឡៃ យកលក់ហាងផ្សេងគេអត់ទិញទេ កុំទុកចិត្តហាងល្បីបោកមួយទៀតហើយ»។ ជនរងគ្រោះខាងលើ ក៏បានបង្ហាញចំនួនទឹកប្រាក់ដែលបានទិញពីហាងបោកប្រាស់នេះ គឺមានតម្លៃសរុបជិត ៤០០០ ដុល្លារ នេះមិនទាន់គិតតម្លៃទាំងខ្សែទៀតផង។
ចំណែកជនរងគ្រោះ មានគណនីហ្វេសប៊ុកឈ្មោះ Le Rose Nail Bar ក៏បានបង្ហោះបង្ហាញមុខមាត់ម្ចាស់ហាង និងរៀបរាប់ដឹងបែបនេះថា៖ «នេះរូបម្ចាស់ហាងរកស៊ីបោកគេមកយូរហើយ លឺថាកុំពង់បើកហាងថ្មីដាក់ឈ្មោះថ្មីបោកគេបន្តទៀត ជូនទៅដាក់ពាក្យបណ្តឹងតិចមិត្ត ព្រោះលឺថា សោមា-Soma Fine Jewelry បើហាងថ្មីបោកគេទៀត កុំអោយចាញ់បោកវាបងប្អូន ក្មេងទេតែថោកទាបចេះរកស៊ីបោកគេតាំងពីក្មេង ស៊ែរអោយគ្រួរសារថោកទាបបានឃើញផង»។
រីឯជនរងគ្រោះម្នាក់ទៀត ដែលមានគណនីហ្វេកប៊ុកឈ្មោះ Ah Chiihour ក៏បានឲ្យដឹងថា៖ «នៅថ្ងៃទី1ខ្ញុំបានលក់គ្រឿងពេជ្រនៅផេក សោមា-Soma Fine Jewelry គាត់បានប្រាប់ខ្ញុំថាត្រូវចាំរយៈពេល3ថ្ងៃទើបគាត់វេទឹកប្រាក់ជូន ដោយសារតែខ្ញុំធ្លាប់ទិញនិងលក់កន្លែងគាត់ ទើបជឿទុកចិត្ត រហូតដល់ថ្ងៃដែលត្រូវបាញ់លុយអោយ នៅតែមិនឃើញគាត់បាញ់លុយអោយ ខ្ញុំក៏បានឆាតទៅគាត់ គាត់ក៏ប្រាប់ថាថ្ងៃស្អែកថ្នាក់លើរបស់គាត់និងបាញ់អោយខ្ញុំ បន្ទាប់ពីថ្ងៃនិងមកខ្ញុំឆាតទៅក៏មិនតបខលក៏មិនលើក រហូតដល់ថ្ងៃទី11 គាត់បានឆាតតបថា ហាងរបស់គាត់ក្ស័យធន សូមអោយខ្ញុំយោគយល់ហើយធ្វើតាមសំនើររបស់គាត់ ទាំងដែលខ្ញុំសុំតែរបស់ខ្ញុំមកវិញក៏មិនអោយ? បងៗជួយមើលសំនើររបស់គាត់សួរថាសមអត់ក្នុងនាមខ្ញុំជាភ្ញៀវហើយជាជនរងគ្រោះ? ចុះហេតុអ្វីបើដឹងថាហាងក្ស័យធនហើយ មិចក៏ទទួលទិញ ? ហើយសុំវិញក៏មិនអោយ? មិនមែនមានតែខ្ញុំទេជាជនរងគ្រោះ នៅមានបងៗច្រើនទៀតដែលត្រូវគាត់បោក សោមា-Soma Fine Jewelry Help share ដើម្បីជៀសវាងជួបរឿងដូចខ្ញុំ»។
សូមបញ្ជាក់ថា នៅមានជនរងគ្រោះជាច្រើនទៀត ដែលបានចាញ់បោកហាង សោមា-Soma Fine Jewelry ដែលបានស៊ីដាច់ទាំងលុយ ស៊ីដាច់ទាំងពេជ្យ មិនខុសពីហាងពេជ្រដ៏ធំ យីហោ «ព្រីនស៍ដាយមិន» នៅផ្លូវកម្ពុជាក្រោម ក៏រកស៊ីបោកអ្នកទិញស្រស់ៗបែបនេះដែរ កាលពីអំឡុងឆ្នាំ២០២២ តែគ្មានច្បាប់ឯណាជួយដល់ជនរងគ្រោះបានឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង