ភ្នំពេញ ៖ រដ្ឋបាលសង្កាត់ស្ពានថ្ម សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកំពស់ទឹកឡើងខ្ពស់។
សូមអំពាវនាវប្រជាពលរដ្ឋរស់នៅជាប់ដងស្ទឹងព្រែកត្នោត ត្រូវបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ និងសត្វពាហនៈ ទ្រព្យសម្បត្តិមួយចំនួនទៀតសូមរកទីទួលសុវត្តិភាព អាជ្ញាធរមូលដ្ឋានកំពុងតែត្រៀមលក្ខណៈជួយសង្គ្រោះនិងអន្តរាគមន៍គ្រប់ពេល។
ស្ថានភាពទឹកស្ទឹងព្រែកត្នោតពេលនេះបានជន់លិចដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនហើយ។
នៅយប់ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ លោក ហង្ស ជុំ ប្រធានគណៈបញ្ជារការឯកភាពសង្កាត់ស្ពានថ្ម បានអញ្ជើញដឹកនាំក្រុមប្រឹក្សាសង្កាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ លោកមេភូមិ យុវជនស.ស.យ.ក សង្កាត់ និងប្រជាការពារសង្កាត់ ចុះល្បាតត្រួតពិនិត្យមើលតាមដានស្ថានភាពទឹកស្ទឹងព្រែកត្នោត និងបានណែនាំប្រជាពលរដ្ឋអោយរកទីទួលសុវត្ថិភាព ប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំទុកសម្ភារៈសំខាន់ៗ នៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។
ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៣ ក្នុងឱកាស ចុះពិនិត្យស្ថានភាពទឹកស្ទឹងនេះថា ដោយបានទទួលការណែនាំពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ឱ្យក្រុមការងារ បន្តចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ហើយនៅពេលនេះ កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោត ស្ថិតក្រោមការ តាមដានមើល យ៉ាងយកចិត្តទុកដាក់ ពីអាជ្ញាធរដែនដី និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជាប្រចាំមូលដ្ឋាន ។ លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចតែងតែយកចិត្តទុកដាក់ជានិច្ច ដោយគិតពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាចម្បង។
ជាមួយគ្នានោះដែរ នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាសង្កាត់នានាជាប់មាត់ស្ទឹងព្រែកត្នោត ក្នុងខណ្ឌកំបូល និងខណ្ឌដង្កោ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ និងហានិភ័យ ផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលដែលទឹកកំពុងឡើងនេះ។
ទឹកស្ទឹងព្រែកត្នោត តែងតែមានការឡើងជាប្រចាំ នៅរៀងរាល់រដូវវស្សា ដោយគ្រាន់តែឆ្នាំខ្លះឡើងតិចតួចមិនបង្កផលប៉ះពាល់ តែឆ្នាំខ្លះ ក៏មានការឡើងខ្លាំងបង្កជា ការជន់លិចដល់លំនៅឋានក្នុងភូមិមួយចំនួនរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមមាត់ស្ទឹង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង ទើបធ្វើ ឱ្យស្ថានភាពទឹកស្ទឹងព្រែកត្នោតមានការឡើងខ្លាំងគួរឱ្យព្រួយបារម្ភ។ គិតត្រឹមថ្ងៃទី១៨ ខែតុលានេះ កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោត ផ្នែកខាងមុខបានបន្តឡើងដល់ ៧,៩០ម៉ែត្រ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី