Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យកឋិន​ទាន​កៀក​ចូល​មក​ដល់ «ក្រសួងធម្មការ និងសាសនា» ចេញ​សេចក្ដីណែនាំ​ហាម​មិន​ឱ្យ​ដើរ​រៃអង្គាស​បច្ច័យ​តាម​ទី​សាធារណៈ និង​ទីប្រជុំជន​ជាដាច់ខា​ត

«បុណ្យកឋិនទាន» គឺជាកាលទានមួយដ៏សែនថ្លៃថ្លា និងមានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដោយក្នុងមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ និងមានរយៈពេលកំណត់ចំនួន២៩ថ្ងៃ។ ចំពោះវត្តអារាមមួយ គឺទទួលបានអង្គកឋិនតែមួយប៉ុណ្ណោះ ដែលជាទានមានផលានិសង្សច្រើន ជាទីជ្រះថ្លានិងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ខណៈតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ តាមរយៈកឋិនទាន គឺវត្តនីមួយៗក៏មានលទ្ធភាព អាចនឹងទទួលបាននូវសម្ភារផ្សេងៗ រួមទាំងថវិកាសម្រាប់បម្រើការកសាងទីសេនាសនៈនៅក្នុងវត្ត ដោយមានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចផងដែរ។

តែយ៉ាងណាមិញ ស្របពេលបុណ្យកឋិនទាន កៀកចូលមកដល់ ដែលនឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ «ក្រសួងធម្មការ និងសាសនា» បានចេញសេចក្ដីណែនាំ ហាមដាច់ខាតដើររៃអង្គាសបច្ច័យតាមទីសារធាណៈ​ និងតាមទីប្រជុំជន ដោយសារតែសកម្មភាពបែបនេះ ត្រូវបានចាត់ទុកថាជាទង្វើមិនគួរគប្បី ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់តម្លៃព្រះពុទ្ធសាសនា។

នេះបើយោងតាមសេចក្ដីណែនាំ របស់ «ក្រសួងធម្មការ និងសាសនា» ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣​ បានឲ្យដឹងថា ដើម្បីរៀបចំបុណ្យកឋិនទានឲ្យដំណើរការនិងប្រព្រឹត្តទៅ ស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា «ក្រសួងធម្មការ និងសាសនា» សូមធ្វើការណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្តដូចតទៅ៖

ទី១- ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីកឋិនទាន ស្របតាមពុទ្ធប្បញ្ញាត្តិ និងពុទ្ធានុញ្ញាត។

ទី២- គ្រប់វត្តអារាមត្រូវរៀបចំសម្អាតទីតាំងវត្តអារាម ផ្លូវថ្នល់ បូជនីយដ្ឋាន ដោយតុបតែងលម្អ បំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ពាក្យអប់រំ និងពុទ្ធភាសិតនានាឲ្យបានច្រើន តាមដែលអាចធ្វើបាន»។

ទី៣- គ្រប់វត្តអារាមនីមួយៗ ប្រសិនបើទេយ្យវត្ថុ មានភោជនាហារ នំចំណីជាដើម ដែលលើសពីសេចក្ដីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនរងគ្រោះផ្សេងៗទៀត និងទី៤- ហាមដើររៃអង្គាសនៅតាមទីសាធារណៈ និងទីប្រជុំជនជាដើម ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា។ ដូច្នេះ សូមលោកប្រធានមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត ចូលរួមសហការជាមួយនឹងអាជ្ញាធរ ដោយមានសមត្ថកិច្ចពាក់ព័ន្ធ ព្រះមេគយ ព្រះអនុគណ និងព្រះចៅអធិការវត្ត អនុវត្តសេចក្ដីណែនាំនេះឲ្យបានសម្រេចលទ្ធផលល្អប្រសើរ ស្របតាមប្រពៃណីជាតិដ៏រុងរឿង»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា «បុណ្យកឋិនទាន» ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×