ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី២១ តុលានេះមានសភាពហ្នឹងនរ ហើយកន្លែងខ្លះក៏បានស្រកចុះខ្លះៗហើយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមអំពាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។
ការលើកឡើងនិងអំពាវនាវបែបនេះរបស់ឯកឧត្តមឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២៣នេះ ខណៈដែលលោកដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌដង្កោចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជាក់ស្ដែង នៅតាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅព្រៃកត្នោត គិតមកដល់ពេលនេះ ស្ថានភាពទឹកនៅមានសភាពនៅទ្រឹង ។ ប៉ុន្តែទោះបីជាយ៉ាងក្តី ឯកឧត្តមសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលរងការលិចលង់នេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសក្មេងតូចៗ។
ឯកឧត្តមឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា បើគិតមកដល់ពេលនេះសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោបានទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋ២០៧៥គ្រួសារទទួលរងគ្រោះ ដោយការលិចលង់នេះ ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញនឹងនាំយកអំណោយ របស់កាកបាទក្រហមកម្ពុជា និងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមកចែកជូនបងប្អូននៅពេលខាងមុខនេះ។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ដោយសារទឹកហូរកាត់លើផ្លូវលេខ២១A ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទ ការធ្វើបរាចរណ៍ លើកំណាត់ផ្លូវមួយនេះជាបណ្ដោះអាសន្នសិន ចំពោះរថយន្តធំៗ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ។
គួរបញ្ជាក់ផងដែរថា សង្កាត់ទាំង១០របស់ខណ្ឌដង្កោដែលបានទទួលរងការលិចលង់នេះ រួមមានសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ព្រៃស សង្កាត់ដង្កោ សង្កាត់ក្រាំងពង្រ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឺស សង្កាត់ស្ពានថ្មនិងសង្កាត់រលួស។ ប៉ុន្តែទោះបីជាយ៉ាងក្តី ឯកឧត្តមឃួង ស្រេង បញ្ជាក់ថា សង្កាត់ដែលទទួលរងការលិចលង់ទាំង ១០នេះ មិនមានន័យថាលិចទូទាំងសង្កាត់នោះទេ ពោលគឺគ្រាន់តែលិចមួយផ្នែកខ្លះនៃសង្កាត់ប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី