ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ នៃប្រទេសចិន ដែលគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ និងលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។ ស្ថានភាពធាតុអាកាសបែបនេះ នៅតែបន្តមានរហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ នៅថ្ងៃ ទី៣០ ខែតុលា ខេត្តមួយចំនួននៅក្នុងតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាបនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។ ចំពោះរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០%។
ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ភ្លៀងនឹងបន្តធ្លាក់លើខេត្តមួយចំនួនក្នុងតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។
ចំណែកឯរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួននៅក្នុងតំបន់ទំនាបកណ្ដាលនឹងមានភ្លៀងធ្លាក់ ពីកម្រិតមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០%។ ក្រសួងធនធានទឹក ក៏បានប្រកាសឲ្យបងប្អូនជនរួមជាតិ មេត្តាមានការប្រុង ប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីសុវត្ថិភាពដល់ខ្លួន ការពារការកើតឡើងដោយគ្រោះធម្មជាតិ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី