Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណា! ករណី​អ្នកជិតខាង​បា.ញ់​ទឹក​ដាក់​ហាង ក្រោយ​សម្របសម្រួល​បាន​ប៉ុន្មាន​ថ្ងៃ ពេលនេះ​ម្ចាស់ហាង​ត្រូវ​អាជ្ញាធរ​កោះហៅ​ជា​ថ្មី បើ​ទោះបី​ម្ចាស់ហាង​ព្រម​ធ្វើតាម​លក្ខ​ខណ្ឌ មិន​ចាក់ភ្លេង​ទៀ​ត

ជឿថា ប្រិយមិត្តមហាជនជាច្រើន ប្រាកដជាបានទទួលជ្រាប និងគួរឲ្យហួសចិត្តជាខ្លាំង ទាក់ទងករណីអ្នកជិតខាង ស្រាប់តែបាញ់ទឹកដាក់ហាងនៅខាងក្រោមផ្ទះខ្លួន ដោយម្ចាស់ផ្ទះបានលើកហេតុផលថា ហាងនេះដែលមានឈ្មោះថា «ផ្ទះម៉ូកៈថៈបែបថៃ» មានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចាក់ភ្លេងបង្កសំឡេងរំខានដល់ការរៀនសូត្ររបស់កូនខ្លួន ដែលនឹងត្រូវប្រឡងបាក់ឌុបទៀតផង។

ក្រោយករណីនេះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ភាគីម្ចាស់ហាង ក៏ត្រូវបានកោះហៅទៅខណ្ឌ ដើម្បីសម្របសម្រួលជាមួយនឹងភាគីអ្នកជិតខាងរូបនោះ ខណៈភាគីអ្នកជិតខាងរូបនោះបានទៅដល់ខណ្ឌដែរ ប៉ុន្ដែពុំបានចូលរួមតុសម្របសម្រួលឡើយ ហើយជាលទ្ធផល ខាងអាជ្ញាធរបានសម្រេចឲ្យភាគីម្ចាស់ហាង ត្រូវធ្វើតាមលក្ខខណ្ឌចំនួន ៥ ចំណុច បើមិនដូច្នេះទេហាងនឹងប្រឈមការបិទទ្វារតែម្តង។

ចំពោះលក្ខខណ្ឌទាំង៥ចំណុចនោះរួមមាន៖ ទី១- អនុញ្ញាតឲ្យបើករកស៊ីធម្មតា ដោយមិនត្រូវចាក់ភ្លេងកំដរអ្វីឡើយ ប៉ុន្ដែបើស្ថិតក្នុងករណីចង់ចាក់ភ្លេង គឺត្រូវធ្វើបន្ទប់បិទឲ្យជិត ចៀសវាងសំឡេងលេចឮមកខាងក្រៅ។ ទី២ បញ្ឈប់ការឌឺដងផ្លែផ្កាដាក់គ្នា។ ទី៣ មិនឲ្យឡូឡាក្នុងហាងឡើយ ទោះបីជាភ្ញៀវក៏ត្រូវជម្រាបឲ្យដឹង។ ទី៤ កាត់បន្ថយពន្លឺភ្លើងក្នុងហាង និងទី៥ ចុងក្រោយគឺបញ្ឈប់ការឡាយព័ត៌មានមិនពិតអំពីអាជ្ញាធរមិនជួយដោះស្រាយឲ្យ។

ក្រោយពីសម្របសម្រួលគ្នារួចមក ភាគីម្ចាស់ហាងក៏បានយល់ព្រមធ្វើតាមលក្ខខណ្ឌដែលបានសម្រេចពីខាងអាជ្ញាធរទាំងអស់ ហើយសង្ឃឹមថា រឿងរ៉ាវនឹងត្រូវបានបញ្ចប់ត្រឹមថ្ងៃនោះ ប៉ុន្តែ អ្វីៗមិនដូចការគិតឡើយ ដោយលុះមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែអាជ្ញាធរបានកោះហៅភាគីម្ចាស់ហាង ដើម្បីទៅសម្របសម្រួលជាថ្មីម្តងទៀត។ ជាក់ស្តែង បើយោងតាមការបង្ហោះរបស់ភាគីម្ចាស់ហាង ដែលមានគណនីហ្វេសប៊ុកឈ្មោះ Hong Mina បានសរសេររៀបរាប់ឲ្យមហាជនបានដឹងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ថា «សួស្តីបងប្អូន អាជ្ញាធរ កោះហៅទៀតហើយ កោះហៅសម្របសម្រួលនារសៀលនេះម៉ោង ២និង៣០។ ពួកខ្ញុំទៅជិត១០ដងហើយ សង្កាត់ ព្រមទាំងខណ្ឌ។ តើសម្របសម្រួលអីទៀត បើពួកខ្ញុំព្រមរកស៊ីតាមការណែនាំរបស់អាជ្ញាធរហើយតើ។ គិតថាបានជ្រះថ្លាផ្លូវចិត្តហើយ តែឥឡូវត្រូវមកគិតម្តងទៀត។ ចាំមើលសម្រេចជាលទ្ធផលបែបម៉េចទៀត? សូមរង់ចាំចំណាត់ការបន្ត ពីបងៗអាជ្ញាធរ»។

យ៉ាងណាមិញ បើយោងតាមការបំភ្លឺតាមរយៈការ Live វីដេអូ ពីនារីម្នាក់ដែលជាភាគីខាងហាងផ្ទាល់ផងដែរ ដែលមានគណនីហ្វេសប៊ុកឈ្មោះ «Sasa Kokomi» បានរៀបរាប់ឲ្យដឹងថា តាមពិតទៅ អ្នកជិតខាងដែលមានផ្ទះវីឡាជាប់នោះ បានបង្ហាញពីការមិនពេញចិត្តចាប់តាំងពីហាងកំពុងស្ថិតក្រោមការសាងសង់ ហើយទង្វើបាញ់ទឹកមកលើហាងរបស់ខ្លួន មិនមែនម្តងពីរដងទេ ពោលគឺបានធ្វើឡើងជាញឹកញាប់ ចាប់តាំងពីហាងបានចាប់ផ្តើមបើកដំណើរការតាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។

នារីម្ចាស់ហាងបានបន្តថា ទង្វើរបស់អ្នកជិតខាងនោះដែរ បានធ្វើឲ្យហាងបាត់បង់ភ្ញៀវ ក៏ដូចជាចំណូលប្រចាំថ្ងៃគួរឲ្យកត់សម្គាល់ ដោយសារតែភ្ញៀវម្នាក់ៗ មានអារម្មណ៍ខ្លាចរអាលែងហ៊ានចូលមកទទួលទានក្នុងហាងទៀតទេ។ ដោយឡែក ទាក់ទងរឿងចោទថាចាក់ភ្លេងបង្ករំខាន នាងក៏បានបញ្ជាក់ឲ្យដឹងថា បើនិយាយពីការចាក់ភ្លេងកំដរភ្ញៀវក្នុងហាងវិញ គឺខាងខ្លួនចាក់រងំត្រចៀកប៉ុណ្ណោះ មិនមែនចាក់ឮៗកងរំពងពេញហាងឡើយ។

ដោយឡែក ទាក់ទងរឿងកោះហៅទៅសម្របសម្រួលហាក់មិនចប់នេះ មហាជនបានរិះគន់អាជ្ញាធរ​ខណ្ឌ​ ឬស្សីកែវ ថា សង្ស័យតែត្រូវ​ថ្នាំសណ្ដំ​ម្ចាស់​ផ្ទះ​បាញ់ទឹកដាក់ភ្ញៀវហើយមើល? និងចង់សួរថា តើ​នៅ​ជុំវិញ​ហាង​នោះ​ មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ ដែលបានប្ដឹង​អាជ្ញាធរ​ដែល​ថាហាងនោះ​រំខាន​ការរស់នៅ​របស់​ពួកគាត់ ឬមួយ​អាជ្ញាធរចង់​បិទ​ហាងមួយ​ដែលកំពុង​ជួយផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែលកំពុងបម្រើការងារនៅទីនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×