ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំងតែម្តង ក្រោយពីបានឃើញបុរសជនជាតិចិនម្នាក់ បានសម្រេចចិត្តបង្ហោះនៅលើបណ្តាញសង្គម ស្វែងរកមុខស្រ្តីខ្មែរម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Lone Ly ដែលខ្លួនបានណាត់ឡើងសណ្ឋាគារ ប៉ុន្តែ មិននឹកស្មានថា ពុំត្រឹមតែបន្សល់ទុកជំងឺអេដស៍ដល់ខ្លួនប៉ុណ្ណោះទេ គឺស្រ្តីខ្មែររូបនោះថែមទាំងបានលួចលុយរបស់ខ្លួនអស់ចំនួន 5,600 ដុល្លារអាមេរិក ទៀតផង។
បន្ទាប់មក បុរសជនជាតិចិនរូបនេះដែលមានឈ្មោះ លី អ៊ីស៊ីន ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន បញ្ជាក់ប្រាប់មហាជនឲ្យបានដឹងឮបែបនេះថា៖ «Lone Ly ស្រ្តីនេះមានជំងឺអេដស៍ ឥឡូវនេះខ្ញុំក៏ឈឺដែរ… នាងបានលួចលុយខ្ញុំចំនួន 5,600 ដុល្លារអាមេរិក ហើយនាងបានចម្លងមេរោគអេដស៍ទៀត ខ្ញុំសោកស្តាយដែលបានស្គាល់នាង»។ បន្ថែមលើនេះ បុរសជនជាតិចិនខាងលើ ក៏បានហ៊ានដាក់អាយុជីវិត ដោយនិយាយបែបនេះថា បើខ្លួននិយាយកុហក សូមឲ្យត្រូវរន្ទះបាញ់ចុះ…។
បុរសជនជាតិចិនរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងថា មុនពេលខ្លួន និងស្រ្តីខ្មែរនោះ ចូលសណ្ឋាគារ ខ្លួនមានលុយចំនួន 5,600 ដុល្លារ នៅក្នុងកាបូប។ ប៉ុន្តែ ឆ្លៀតឱកាសខណៈគាត់កំពុងដេកលង់លក់ ស្រាប់តែស្រ្តីខ្មែររូបនេះបានលួចយកលុយគេចខ្លួនបាត់ស្រមោលតែម្តង។ ទោះជាយ៉ាងណា ជាមួយគ្នា បុរសជនជាតិចិនរូបនេះ ក៏សុំអង្វរស្រ្តីខ្មែររូបនេះ ប្រគល់លុយឲ្យគាត់វិញផង ព្រោះពេលនេះ កូនស្រីរបស់គាត់ក៏ឈឺ ពិតជាត្រូវការលុយយ៉ាងខ្លាំង។
ទោះជាយ៉ាងណា ក្រោយពីបានឃើញបុរសជនជាតិចិនខាងលើ បានបង្ហោះបង្ហាញឲ្យឃើញមុខមាត់ ធ្វើឲ្យល្បីស្អុយឈ្មោះពេញបណ្តាញសង្គម ស្រាប់តែពេលនេះ ស្រ្តីខ្មែរដែលរងការចោទប្រកាន់រូបនេះ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Milk Tea Gey (ប្រហែល ទើបកែឈ្មោះ Profile) ដោយបានបញ្ចេញឲ្យឃើញក្រដាសលទ្ធផលធ្វើតេស្តរកមេរោគអេដស៍ គឺ «អវិជ្ជមាន» និងភ្ជាប់នូវពាក្យបណ្តឹងមួយច្បាប់ ធ្វើឡើងនៅស្នងការខេត្តព្រះសីហនុ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានរៀបរាប់ផ្ទុយទាំងស្រុងពីបុរសជនជាតិចិនខាងលើបានចោទប្រកាន់ថា៖ «កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី នាងខ្ញុំបានឃើញជនជាតិឈ្មោះ លីអ៊ីសីន បានយករូបនាងខ្ញុំទៅផុសបរិហាកេរ្តិ៍ជាច្រើនមានដូចជានារីរកស៊ីផ្លូវភេទ និងចោទនាងខ្ញុំជាចោរបានលួចលុយចំនួន 5,600$ និងថែមទាំងចោទប្រកាន់ថានាងខ្ញុំមានផ្ទុកជំងឺអេដស៍ថែមទៀតផង មូលហេតុដែលស្គាល់នាងខ្ញុំតាមរយៈលេងតីកតុក ដោយនាងខ្ញុំឃើញគាត់ឆាតមកលេងខ្ញុំ និងសួរនាំនាងខ្ញុំថាមានការងារធ្វើ ឬអត់ ចំពេលនាងខ្ញុំកំពុងអត់ការងារធ្វើផង ក៏បានឆាតជាមួយគាត់ជាហូរហែ ដោយបានឯកភាពថាទៅធ្វើការនៅសណ្ឋាគារគាត់នៅភ្នំពេញ តែដោយមើលទៅសភាពការមិនល្អ នាងខ្ញុំក៏សម្រេចចិត្តទៅវិញ តែនាងខ្ញុំមិនដែលបានជួបគ្នាផ្ទាល់ឡើយ ក្រោយពីផ្តាច់ទំនាក់ទំនងជាមួយហើយ ក៏ឃើញសារព័ត៌មានបានផ្សាយតាមហ្វេសប៊ុកធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាងខ្ញុំជាខ្លាំង ហេតុដូចនេះស្នើសុំអោយសមត្ថកិច្ចជួយស្វែងរកជនល្មើសខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប»។
តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅពេលនេះ គណនីហ្វេសប៊ុករបស់បុរសជនជាតិខាងលើ ពុំត្រូវបាន Search ឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកទៀតទេ ដោយមិនដឹងថា នេះជាល្បិចខូចចង់ធ្វើស៊ី ឬយ៉ាងណានោះទេ ខណៈមហាជនជនមួយចំនួនបានបញ្ចេញមតិជឿថា នេះអាចជា «ល្បិច» របស់ជនជាតិចិនរូបនោះតែម្តង ព្រោះថា បើជាការពិតមែន សូមជនជាតិចិនរូបនេះ បញ្ចេញភស្តុតាងកាមេរ៉ាសណ្ឋាគារ ចាប់យករូបភាពខណៈពេលដើរចូល និងចាកចេញ ឲ្យមហាជនបានឃើញច្បាស់ ទើបចាត់ទុកថាជាការពិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង