កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានករណីទំនាស់ប្រកែកតវ៉ាគ្នាឡើងក្តៅគគុក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅផ្សាររន្ទះបាញ់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយស្រ្តីម្នាក់បានចេញមុខមកឡាំប៉ាដោយអះអាងថា ខ្លួនចាក់ត្រូវឆ្នោតវៀតណាម ៣ លេខ ដែលមានលេខ «030» ដោយចាក់លុយចំនួន ២០០០ ដើម ប៉ុន្តែ មេឆ្នោតបែរជាមិនបើកលុយឲ្យ ដោយចោទថា ខ្លួនជាអ្នកចាក់លួចសរសេរថែមលេខ 0 មួយលេខទៀត។
យ៉ាងណាមិញ ចំពោះករណីទំនាស់ដ៏ហួសចិត្តនេះ មហាជនក៏មិនទាន់ដឹងនៅឡើយនោះទេថា តើភាគីទាំងពីរនឹងត្រូវដោះស្រាយគ្នាដើម្បីបញ្ចប់រឿងដោយរបៀបណានោះទេ ខណៈបានត្រឹមដឹងថា ភាគីស្រ្តីអ្នកចាក់កន្ទុយលេខ មិនសុខចិត្តឡើយ ដោយបានទៅប៉ុស្តិ៍ដើម្បីប្តឹងសមត្ថកិច្ចឲ្យជួយដោះស្រាយឲ្យ។
ទោះជាយ៉ាងណា លុះមកដល់ថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០២៣ ស្រ្តីជាអ្នកចាក់កន្ទុយលេខដែលមកឡាំប៉ាផ្អើលផ្សាររន្ទះបាញ់ទាំងយប់នោះ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកធ្វើការអប់រំណែនាំ ហើយថែមទាំងចោទពីបទលេងល្បែងស៊ីសងខុសច្បាប់ទៀតផង ប៉ុន្តែ ត្រឹមធ្វើការអប់រំជាការព្រមានប៉ុណ្ណោះ ខណៈមេឆ្នោតប្តីប្រពន្ធវ័យក្មេងបានរត់គេចខ្លួនបាត់។
ក្នុងនោះ បើតាម «ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ» បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីទំនាស់ឈ្លោះប្រកែកគ្នានៅក្នុងផ្សាររន្ទះបាញ់ ព្រោះតែរឿងចាក់ឆ្នោត៣លេខ ត្រូវ ២០០០ ដើម តែមេកន្ទុយលេខឆ្នោតវៀតណាម មិនសងប្រាក់នេះរួចភ្លាម កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះទៅនាំខ្លួននារីដែលជាអ្នកចាក់ឆ្នោតឈ្មោះ «វណ្ណលីហេង» មកសាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ដែលជាឆ្នោតវៀតណាម នោះតទៅទៀត។ ចំណែកមេកន្ទុយលេខដែលលួចកត់កន្ទុយលេខ បានរត់គេចខ្លួនបាត់ និងចាក់សោរទ្វារផ្ទះ មុនពេលសមត្ថកិច្ចចុះត្រួតពិនិត្យដល់ទីកន្លែង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ផ្ទះខាងលើ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង