ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ នៅក្រុងតាខ្មៅ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនបានភ្លាមៗ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង ២០នាទីរសៀលថ្ងៃទី ២០ខែវិច្ឆិកាឆ្នាំ ២០២៣ នៅត្រង់ចំណុចទំនប់សណ្តរស្ទឹង ព្រែកត្នោត ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។

បើតាមសម្ដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស បានជិះម៉ូតូល្បាត ពេលនោះក៏ជួបនារីរងគ្រោះស្រែក ឲ្យសមត្ថកិច្ចជួយថា មានចោរឆក់កាបូប ហើយសមត្ថកិច្ចក៏បានសួនារីរងគ្រោះ ទៅលើភិនភាគជនសង្ស័យរួចក៏បានផ្សព្វផ្សាយ តាមវិទ្យុទាក់ទងក៏ឃើញជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1KG-4742 ក៏ដេញតាមរហូតមកដល់ចំណុចកើតហេតុ ជនសង្ស័យបានផ្ដួលម៉ូតូហើយក៏រត់ចូលទឹកស្ទឹងព្រែកត្នោត ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ឡោមព័ទ្ធចាប់បានខ្លួនសង្ស័យបានភ្លាមៗ ចំណែកបក្ខម្នាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីឃាត់ខ្លួនសាកសួរួចហើយជនសង្ស័យ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ប្រគល់ទៅឲ្យកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ ទៅយកទៅធ្វើការសាកសួរបន្តតាមនិតិវិធី៕ រក្សាសិទ្ធដោយ ៖ សួង សាម






