ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ពីករណីលោកមេប៉ុស្តិ៍ស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលត្រូវបានមហាជនផ្ទុះប្រតិកម្មឡើងកក្រើក បន្ទាប់ពីបានឃើញសកម្មភាពនៃទង្វើដ៏មិនសមទំនងរបស់មេប៉ុស្តិ៍រូបនេះ ដែលបានបញ្ឈប់ល្ខោនបាសាក់កំពុងសម្តែងទាំងកណ្តាលទី ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទៅទស្សនាផ្ទាល់ បានសម្តែងការក្តៅក្រហាយយ៉ាងខ្លាំង និងនាំគ្នាគាំទ្រឲ្យក្រុមល្ខោនបន្តសម្តែង។
គួរបញ្ជាក់ឡើងវិញថា រឿងរ៉ាវនេះបានកើតឡើងទាំងកណ្តាលយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺនៅពេលដែលមេប៉ុស្តិ៍ស្រែចារ លោក យឹង សំអឿន ហៅដួង ដោយមិនដឹងថាស្រាបញ្ជា ឬទើបមកពីណា! ស្រាប់តែទៅសួររក «ច្បាប់អនុញ្ញាត» ទាំងទទឹងទិស ធ្វើដូចដែលក្រុមល្ខោនមកលួចសម្តែងតាមចិត្តអ៊ីចឹង ខណៈល្ខោនបានសម្តែងកម្មពិធីបុណ្យកឋិន អស់រយៈពេល៣យប់ទៅហើយ ដែលគណៈកម្មាការ ចៅអធិការវត្ត ជាអ្នកជួលមកសម្តែងត្រឹមត្រូវ។
ទោះជាយ៉ាងណា ក្រោយមហាជនផ្ទុះប្រតិកម្មរិះគន់ឡើងកក្រើក និងស្នើឲ្យថ្នាក់លើមេត្តាពិនិត្យមើលមេប៉ុស្តិ៍រូបនេះផង បើអត់ចេះស្អីទេ ដកចោលខ្លះទៅ គេអ្នកចេះច្រើនណាស់រង់ចាំធ្វើ ស្រាប់តែមិនដល់២៤ម៉ោងផង លោកនាយប៉ុស្តិ៍ យឹង សំអឿន ហៅដួង ត្រូវបានស្នងការខេត្តក្រចេះ ចេញសេចក្តីបំភ្លឺដកបញ្ឈរជើង ភ្លាមៗតែម្តង។
តែមកចាប់អារម្មណ៍រឿងទៅបញ្ឈប់ល្ខោន មិនឲ្យសម្តែង ដោយថា «គ្មានច្បាប់អនុញ្ញាត» ធ្វើដូចក្រុមល្ខោនដើរសម្តែងលក់សំបុត្រតាមទីសាធារណៈ ហើយស្របពេលរឿងនេះបានផ្ទុះក្តៅគគុគ ស្រាប់តែម្ចាស់ល្ខោន «នាយប្រឹមប្រិយ» ដែលមានការនិយាយស្តីប្រកបដោយក្រមសិលធម៌ដ៏ល្អ បានទម្លាយប្រាប់មហាជនឲ្យបានដឹងថា តាមពិតទៅរឿងនេះបានផ្ទុះឡើង គឺដោយសារលោកមេប៉ុស្តិ៍ បានមកទារសុំលុយពីពួកគាត់ចំនួន «១០ ម៉ឺនរៀល» តែពួកគាត់មិនឲ្យ ក៏ប្រើអំណាចរបស់ខ្លួនបញ្ជារឲ្យវង់ល្ខោនរបស់ពួកគាត់ឈប់សម្តែងតែម្តង និងថែមទាំងរកទាញបោកទូរស័ព្ទមិនឲ្យថតពីទង្វើរបស់ខ្លួនទៀតផង។
យ៉ាងណាមិញ ទាក់ទងការ «សុំការអនុញ្ញាត» ពីអាជ្ញាធរគ្រប់គ្រងមូលដ្ឋាន ម្ចាស់ល្ខោនរូបនេះ បានឲ្យដឹងថា គាត់ទទួលស្គាល់ចំពោះលក្ខណៈដើរសម្តែងតាមទីសាធារណៈ ប៉ុន្តែ សម្រាប់ករណីម្ចាស់ដើមបុណ្យជួលឲ្យទៅសម្តែង គឺគ្មានវង់ល្ខោនណា ទៅសុំច្បាប់អនុញ្ញាតពីមេប៉ុស្តិ៍នោះទេ ព្រោះរឿងនេះគឺម្ចាស់ដើមបុណ្យជាអ្នករត់ការសុំការអនុញ្ញាតពីអាជ្ញាធរគ្រប់គ្រងមូលដ្ឋាន ដើម្បីជួយរៀបចំការពារសណ្នាប់ធ្លាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទៅទស្សនា និងក៏ដូចក្រុមល្ខោនផងដែរ។
បន្ថែមលើនេះ ទាក់ទងរឿងមកសុំលុយ ដ៏ខុសរបៀបដូចលោកមេប៉ុស្តិ៍ស្រែចារ រូបនេះ នាយប្រឹមប្រិយ បាននិយាយតាមត្រង់ថា លោកមិនឲ្យសោះឡើយ! ព្រោះក្រុមរបស់លោកមិនមែនដើរដោយចិត្តឯងនោះទេ! ហើយធ្វើដូចអ្នកលេងល្ខោនហ្នឹងអ្នកមានអ៊ីចឹង ទម្រាំសម្តែងបាន១រោងៗ បានម្នាក់ ៥ ម៉ឺន ទៅ ១០ ម៉ឺន អីហ្នឹងច្រើនពេកហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង