ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបហើយ ឆ្នាំ២០២៣ នេះ ឃើញថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅយ៉ាងអធឹកអធម ដោយមានបងប្អូនប្រជាពលរដ្ឋទាំងអ្នករស់នៅក្នុងទីក្រុងភ្នំពេញ និងអ្នកស្រុកស្រែចម្ការ រួមទាំងជនបរទេស ចូលរួមទស្សនាយ៉ាងច្រើនកុះករតែម្តង បន្ទាប់ពីពិធីបុណ្យជាតិមួយនេះបានអាក់ខានការប្រារព្ធអស់រយៈពេលប៉ុន្មានឆ្នាំ ដោយសារស្ថានភាពទឹកទន្លេមិនអំណោយផល និងក៏ដូចជាជំងឺកូវីដផងដែរ។
ដោយឡែក ងាកមកចាប់អារម្មណ៍សកម្មភាពប្រណាំងទូកវិញ ក៏ឃើញថាបានធ្វើឡើងយ៉ាងសប្បាយ ដោយកីឡាករទូកនីមួយៗ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ទោះពុំទទួលបានជ័យជំនះក៏ដោយ។ តែអ្វីចាប់អារម្មណ៍ខ្លាំងនោះ គឺវីដេអូមួយបានកំពុងត្រូវបានចែករំលែក ជាមួយមតិមហាជនកោតសរសើរឡើងព្រោងព្រាត បន្ទាប់ពីបានឃើញទូក១គ្រឿង ដែលត្រូវបានបុកដោយទូក១គ្រឿងទៀត រហូតគម្លាតដាច់ពីគ្នា១ទូក ប៉ុន្តែ នៅតែអាចវ៉ាឈ្នះដាច់វិញដ៏មិននឹកស្មាន។
ជាក់ស្តែង តាមរយៈវីដេអូបានបង្ហាញទូកឯកសណ្ឋានពណ៌ក្រហម ដែលត្រូវបានដឹងថាមានឈ្មោះ «រតនះកុមារតេជាសែនជ័យ» មកពីវត្តកែវកុមារនេត្រ ស្រុកល្វាឯម ខេត្តកណ្តាល មិនដឹងជាមានមូលហេតុខុសបច្ចេកទេសអ្វី ស្រាប់តែរ៉េចង្កូតទៅពាំងពីមុខ ជាហេតុធ្វើឲ្យទូកឯកសណ្ឋានពណ៌លឿង ដែលមានឈ្មោះថា «ចៅពេជ្រកុមារបុផ្ផាជ្រោយថ្ម» បុកពាក់កណ្តាលទូកយ៉ាងពេញទំហឹង ហើយខណៈពេលនោះ ទូកលឿងពុំបង្អង់ចាំទេ ដោយបានបន្តបោះពួយទៅមុនរហូតវ៉ាដាច់ក្រហម១ទូក។ តែទោះជាយ៉ាងណា ទូកក្រហមពុំបានបាក់ទឹកចិត្ត អស់ក្តីសង្ឃឹម បោះបង់ការប្រកួតកណ្តាលទីនោះទេ ដោយបានតស៊ូដេញតាម រហូតវ៉ាដាច់ទូកលឿងវិញដ៏អស្ចារ្យ។
ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកទស្សនាតាមបណ្តាញសង្គម បាននាំគ្នាសរសើរមិនដាច់ពីមាត់ថា៖ «ក្រហមពិតជាខ្លាំងមែន លឿនដូចដាក់ម៉ាស៊ីន, មើលវីដេអូននេះហើយ រំភើបម្លេះទេ!, មិនសសើរមិនបាន អស្ចារ្យណាស់, សុំសរសើរទាំងអ្នកបញ្ជាទូក និងអ្នកអុំដែលអាចរក្សាជំហរនិងកែបានលឿនរហូតយកឈ្នះ,…»។
តែទន្ទឹមនឹងមានការមើលឃើញថា ក្រហមហាក់លេងខូច អុំបំពានខ្សែទឹកខាងលឿង ក៏មានអ្នកចេញមុខពន្យល់ហេតុផលមួយនេះឲ្យដឹងថា៖ «កុំចេះតែថាពេកបើមិនដឹងរឿង ទឹកកន្លែងហ្នឹងវាសង់ហើយទូកពូកគាត់អុំជិតគ្នាទៀត ទើបទូកខាងអាវក្រហមកាច់ចង្កូតទូកមិនទៅ ទើបប៉ះគ្នាចឹងទៅ អត់មើលទឹកទន្លេកន្លែងហ្នឹងទេឬ?»។ ដោយឡែក នៅពេលមានការសួរនាំព្រោះតែក្តីបារម្ភថា តើកីឡាករម្នាក់របស់ទូកក្រហមធ្លាក់ទឹកយ៉ាងម៉េចយ៉ាងម៉ា ក៏មានអ្នកឆ្លើយប្រាប់ថា មិនអីទេ គាត់ត្រូវបានទូកលឿងជួយលើកឡើងដោយសុវត្ថិភាព។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ទូកក្រហម «រតនះកុមារតេជាសែនជ័យ» ត្រូវបានដឹងថា បានឈ្នះឈរលំដាប់ទី១ ២ថ្ងៃជាប់គ្នា ប៉ុន្តែ បន្ទាប់បុកគ្នាក៏បានធ្លាក់លេខវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង