ជឿជាក់ថាប្រិយមិត្តជាច្រើន បានទទួលជ្រាប និងក៏ដូចហួសចិត្តខ្លាំងគ្រប់ៗគ្នាហើយ ទាក់ទងរឿងវិវាទរវាងស្រ្តីជាធ្វើការនៅសាលាស្រុក និងគ្រួសារអ្នកជិតខាងទល់មុខគ្នា ដោយសារតែរឿង «ដើមស្នាយ» គ្របលើផ្លូវធ្វើឲ្យប៉ះពាល់ការធ្វើដំណើរចេញចូល ហើយរឿងរ៉ាវបានផ្ទុះឡើង គឺដោយសារតែស្រ្តីរូបនោះដែលប្រហែលអាងខ្លួនបានធ្វើនៅសាលាស្រុក ឬចរិតអាក្រក់យ៉ាងណា បែរជាក្រាញពុំព្រមឲ្យកាប់មែកចេញដាច់ខាត។
ទោះជាយ៉ាងណា ក្រោយរឿងរ៉ាវនេះបានកើតឡើង និងបង្កឲ្យមហាជនផ្ទុះការរិះគន់ឡើងកក្រើកបណ្តាញសង្គមរួចមក នៅទីបំផុត ខាងមន្រ្តីសាលាស្រុក ក៏បានចុះមក និងឲ្យម្ចាស់ផ្ទះដ៏រឹងរូសនេះ កាប់មែកស្នាយចោលទាំងអស់ (ចាប់ពីក្រោមរហូតដល់ចុង) ហើយជាលទ្ធផល ឃើញថាវាលស្រឡះល្អណាស់មិនទើសទៀតទេ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Daleav Hoeun ដែលជាអ្នកជិតខាងរងការប៉ះពាល់ បានបង្ហោះសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីសាលាស្រុក ដែលបានចុះមកជួយអន្តរាគមន៍ករណីនេះយ៉ាងដូច្នេះថា៖ «សូមអរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកស៊ីធរកណ្តាល ជួយមើល និងដោះស្រាយជូនគ្រួសារខ្ញុំ គ្មានដើមឈើគ្របលើផ្លូវ = គ្មានទំនាស់ ខ្ញុំសង្ឃឹមថារឿងទំនាស់មែកឈើ លែងកើតមានទៀតបើសិនភាគីម្ចាស់ដើមឈើគោរពតាមច្បាប់ភូមិបាល…(បើអត់គោរព រឿងនឹងកើតមានដដែលៗ រំខានដល់ថ្នាក់ដឹកនាំដដែលៗ)»។
ទោះជាយ៉ាងណា ម្ចាស់គណនីខាងលើ បានបញ្ជាក់ឲ្យដឹងថា ដំណោះស្រាយនេះ ដែលបានធ្វើឡើងកាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺពុំមានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេ។
តែយ៉ាងណាមិញ ក្រោយពីបានឃើញគ្រាន់តែកាប់មែក និងឮថា ធ្វើកិច្ចសន្យាតែមាត់បែបនេះ មហាជនបានលើកឡើងថា៖ «បើមិនរំលំដើមទេ តិចទៀតគ្របដដែល ឈ្លោះដដែល, ទំនាស់នឹងកើតមានទៀត ពេលមែកវាលាស់មកវិញ, កុំឲ្យមានទំនាស់ ឡើកក្រោយទាល់តែធ្វើកិច្ចសន្យាផ្តិតមេដៃ ទើបច្បាស់ថាមិនមានទំនាស់ទៀត ព្រោះស្រ្តីរូបនេះធ្វើការកន្លែងច្បាប់ តែមិនស្គាល់ពីច្បាប់!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង