ភ្នំពេញ ៖ អាសូរណាស់ ប្តីប្រពន្ធ២នាក់ ជិះម៉ូតូឌុបគ្នាចេញពីផ្ទះនៅបែកចាន មកការបងប្អូននៅម្តុំព្រៃស ខណៈពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្គុបពីមួយគ្រឿង មកបញ្រ្ចាសទិសក៏ទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួល ស្របពេលមានរថយន្តធុនធំបើកមកពីក្រោយជាន់ហ្រ្វាំងមិនទាន់ កិនចំក្បាលស្រ្តីជាប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង២០នាទីយប់ថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២៣ លើផ្លូវបេតុង ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពនារីរងគ្រោះ មានឈ្មោះ ញ៉ែត ស្រ៊ី ភេទស្រីអាយុ៣៨ឆ្នាំ ជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយប្តីម្តុំ បែកចាន មានស្រុកកំណើត នៅឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ (រួមដំណើរ)។ ចំណែកប្តី មានឈ្មោះ ធាត់សុផល ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិឃុំជាមួយប្រព័ន្ធ នៅខេត្តតាកែវ (អ្នកឌុប)។
បើយោងតាមការបញ្ជាក់ពីបុរសជាប្តីមានឈ្មោះ ធាត់សុផល ភេទប្រុសអាយុ៤៨ឆ្នាំ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ស្ពឺ 1K- 8649 ជិះឌុបប្រពន្ធចេញពីបន្ទប់ជួលនៅបែកចាន ក្នុងខេត្តកណ្តាល ទៅការបងប្អូននៅម្តុំព្រៃស ក្នុងខណ្ឌដង្កោ រួចក៏បានធ្វើដណើរតាមបណ្តោយផ្លូវបេតុងខាងក្រោយ តំបន់សេដ្ឋកិច្ចពិសេសក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម ខណៈពេលធ្វើដំណើមកដល់ពាក់កណ្តាលផ្លូវ ជាកន្លែងកើតហេតុខាងលើ ក៏មានម៉ូតូម៉ាកហុងដាស្គុបពីពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-3547 ជិះដោយបុរសម្នាក់ធ្វើដំណើរ ក្នុងទិសដៅបញ្រ្ចាសគ្នាពីកើតមកលិច ក្នុងល្បឿនលឿន ខណៈជិះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតម៉ូតូចូលគន្លងផ្លូវ ជ្រុលមកទាក់ដៃចង្កូត និងម៉ូតូរបស់គាត់បណ្តាលឲ្យដួលទាំងសងខាង ស្របពេលមានរថយន្តម៉ាកហីយ៉ាន់ដាយ ធុនធំដឹកសំបកអេតចាយ ពណ៌សពាក់ផ្លាកលេខ កណ្តាល3A-1581 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយម៉ូតូស្រ្តីរងគ្រោះលឿន ជាន់ហ្រ្វាំងមិនទាន់ក៏កិនពីលើចំក្បាលស្រ្តីជាប្រពន្ធបែកខួរស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯបុរសជាប្តីនិង ភាគីម៉ូតូមួយគ្រឿងទៀត គ្រាន់តែរងរបួសស្រាល ហើយភ្លាមនោះដែរ ថយន្តក៏បានបន្តល្បឿនបើករត់ទៅមុខ តែត្រូវសមត្ថកិច្ចឃាត់បានទាំងអ្នកបើកបរនិងរថយន្តយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រទះឡាង ទុកប្រគល់ឲ្យជំនាញចរាចរណ៍ក្រុង។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រទះឡាង បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តមួយគ្រឿង និងម៉ូតូ២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួន ធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត










