ជនជាតិថៃមួយក្រុម ដែលត្រូវបានក្រុមហ៊ុនមួយនៅទីក្រុងឈៀងម៉ៃ បោកបញ្ឆោតឱ្យលក់ទំនិញក្នុងប្រទេសចិន បានអស់សង្ឃឹមយ៉ាងខ្លាំងក្នុងការជួយ បន្ទាប់ពីពួកគេពុំត្រឹមតែមានបញ្ហាផ្លូវច្បាប់ទេ គឺថែមទាំងហិរញ្ញវត្ថុផងដែរ។
ក្រុមជនជាតិថៃទាំងនោះដែលមានគ្នា ៨០ នាក់ ឥឡូវនេះកំពុងជាប់គាំងនៅក្នុងប្រទេសចិន ដោយត្រូវប្រឈមមុខនឹងការថមថយថវិកា ការផុតកំណត់ទិដ្ឋាការ និងហានិភ័យនៃការក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់ បន្ទាប់ពីពួកគេត្រូវបានអូសទាញទៅប្រទេសចិន ដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឈៀងម៉ៃ ជាមួយនឹងការសន្យានៃអាជីវកម្មលក់អាហារដែលរកកម្រៃបានប្រហែល 20,000 បាតក្នុងមួយថ្ងៃ។
យោងតាមប្រភពព័ត៌មានពី KhaoSod បានឲ្យដឹងថា ក្រុមហ៊ុននោះបានធានាពួកគេក្នុងការដោះស្រាយរាល់អ្វីៗទាំងអស់ដែលទាក់ទងនឹងទិដ្ឋាការ ការស្នាក់នៅ និងការហូបចុក។ តែទន្ទឹមនឹងនេះ ពួកគេក៏ត្រូវបានស្នើឱ្យបង់ប្រាក់ដំបូងប្រហែល ៣០,០០០ បាតក្នុងម្នាក់ៗ។ តែទោះបីជាមានការធានាទាំងនេះក៏ដោយ ក្រុមនេះត្រូវបានចេញទិដ្ឋាការដែលមានសុពលភាពត្រឹមតែបីខែ បើទោះបីជាកិច្ចសន្យាការងាររបស់ពួកគេមានរយៈពេលមួយឆ្នាំក៏ដោយ។
បុរសម្នាក់មកពីខេត្តឈៀងម៉ៃ ដែលសុំមិនបញ្ចេញឈ្មោះបានចែករំលែកថា ពួកគេរស់នៅក្នុងស្ថានភាពចង្អៀត ដោយមនុស្ស៦នាក់ទៅបន្ទប់មួយ។ នៅពេលដែលពួកគេចាប់ផ្តើមធ្វើការ ពួកគេបានជួបប្រទះនឹងបញ្ហានៃការលក់ ហើយប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេបានធ្លាក់ចុះពីរាប់ពាន់ទៅរយបាត ខណៈថ្ងៃខ្លះលក់មិនដាច់សោះ ហើយបញ្ហាចម្បងនៅពេលនេះ គឺពួកគេមិនអាចបន្តទិដ្ឋាការរបស់ពួកគេ ដែលនឹងត្រូវផុតកំណត់ក្នុងរយៈពេលបីខែ ដោយទុកពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសចិន តំណាងក្រុមហ៊ុនបានត្រឡប់ទៅប្រទេសថៃវិញ ហើយពុំបានផ្តល់ជំនួយអ្វីបានទេ។
បច្ចុប្បន្ន មនុស្សប្រហែល ២៥ នាក់កំពុងជាប់គាំងជាជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងប្រទេសក្រៅ។ ជនជាតិថៃម្នាក់ទៀតនៅក្នុងក្រុមបាននិយាយថា៖ «ពួកយើងកំពុងជួបការលំបាក ពួកយើងសឹងតែគ្មានផ្ទះសម្បែងស្នាក់នៅ ព្រោះគ្មានលុយជួល។ មិត្តភក្តិថៃ៤នាក់បានទៅរស់នៅខាងក្រៅទៅកន្លែងសាធារណៈរួចហើយ ព្រោះពួកគេគ្មានលុយ។ បើយើងមិនទទួលបានជំនួយទេ ពួកយើងនឹងជួបវាសនាដូចគ្នា។ ពួកយើងនឹងមិនមានអាហារទេ ព្រោះលុយរបស់យើងជិតអស់ហើយ។
យើងបានស្វែងរកជំនួយពីស្ថានទូតថៃ ប៉ុន្តែមិនមានការឆ្លើយតបទេ។ យើងកំពុងតស៊ូដោយខ្លួនឯង។ តំណាងក្រុមហ៊ុនបានរត់បាត់ ដោយមិនបានផ្តល់ជំនួយអ្វីឡើយ ដោយទុកឲ្យពួកយើងរស់ដ៏លំបាក។ អ្វីដែលពួកយើងចង់បាននៅពេលនេះ គឺត្រឡប់ទៅផ្ទះវិញ ហេតុនេះ សូមអង្វរជួយដល់ពួកយើងផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង