Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ អំពាវនាវ​អោយ​ពលរដ្ឋ ធ្វើដំណើរ​តាម​សមុទ្រ ត្រូវ​ប្រយ័ត្ន​ពី​សុវត្ថិភាព​

ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ អំពាវនាវ​អោយ​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ត្រូវ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន អោយបាន​ខ្ពស់​ជាប្រចាំ ព្រោះ​នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថានភាព​អាកាសធាតុ នៅ​តំបន់​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ មាន​ព្យុះភ្លៀង និង​រលក​សមុទ្រ​ធំៗ បក់បោក​ខ្លាំង នៅលើ​លម្ហ​សមុទ្រ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​៖ ទីបញ្ជាការ​ជួរមុខ កងទ័ពជើងទឹក និង​អង្គភាព​នគរបាល​បង្ក្រាប​បទល្មើស​លើ​លម្ហ​សមុទ្រ​ជាដើម បាន​រំលឹក​ដល់​ប្រជា​ពលរ​ដ្ខ ធ្វើដំណើរ​នៅលើ​លម្ហ​សមុទ្រ ជាពិសេស ភ្ញៀវទេសចរ និង​អ្នកនេសាទ​សមុទ្រ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន អោយបាន​ជាប្រចាំ​ពេលធ្វើ​ដំណើរ​តាម​សមុទ្រ​។​

​ទាក់ទិន​បញ្ហា​អាកាសធាតុ​នេះដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង អំពី​ការព្យាករណ៍​អាកាសធាតុ បង្ហាញថា បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មាន​សម្ពាធ​ទាប​សកម្ម​មួយ កំពុងធ្វើដំណើរ​សំដៅ មក​ទិស​ខាងលិច​។
​សម្ពោធ​ទាប​សកម្ម​នេះ នឹង​បន្ត​វិ​វត្ត​ទៅជា​វិ​សម្ពាធ ហើយនឹង​បន្តដំណើរ​ទៅដល់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ នា​ថ្ងៃទី​១៩ ខែវិច្ឆិកា​។​

​លក្ខណៈ​បែបនេះ នឹងធ្វើ​អោយមាន​ភ្លៀង បន្ត​ធ្លាក់​នៅតាម​បណ្តា​រាជធានី​ខេត្ត​នានា ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែវិច្ឆិកា ក្នុងនោះ​៖ រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល តាកែវ កំពង់ស្ពឺ កំពត កែប និង​ខេត្ត​ព្រះសីហនុ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។​

​ចំណែក​តំបន់ឆ្នេរ និង​នៅលើ​ផ្ទៃសមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ៗ​។​

​ត្រង់ចំណុច​នេះ ក្រសួង​ធនធានទឹក បានស្នើ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកនេសាទ​សមុទ្រ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕ ដោយ​៖ ដែន សីមា​

×