Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ ៥០ ឆ្នាំ សហគមន៍​វេជ្ជសាស្ត្រ​អាមេរិ​ក បាន​ប្រកាស​ជាលើកដំបូ​ង អំពី​មូលហេតុ​អាថ៌កំបាំង​នៃ​ការ​ស្លាប់​របស់ លី សៀ​វឡុង

នៅរដូវក្តៅខែឧសភា ឆ្នាំ១៩៧៣ កំពូលតារាក្បាច់គុនកុងហ្វូ លី​ សៀវឡុង (Bruce Lee) បានទទួលមរណភាពក្នុងអាយុ ៣២ ឆ្នាំ ប៉ុន្មានសប្តាហ៍មុនពេលការចេញផ្សាយខ្សែភាពយន្ត «នាគកំណាចឆ្លងដែន» (Enter the Dragon) ។ នោះគឺពេល​កំពុង​ថត​រឿង​​ចុងក្រោយនេះ គាត់​បាន​ដួល​សន្លប់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ Hong Kong Baptist ក្នុង​ទីក្រុង Kowloon។ នៅពេលនោះ ការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យបានបង្ហាញថា លី​ សៀវឡុង បានស្លាប់ដោយសារការហើមខួរក្បាល។

ទន្ទឹមនឹងនោះផងដែរ ការស្លាប់ភ្លាមៗរបស់គាត់ ក៏បានបង្កឱ្យមានពាក្យចចាមអារ៉ាមថា គាត់អាចត្រូវបានធ្វើឃាតដោយក្រុមក្មេងទំនើង, ដាក់ថ្នាំបំពុលដោយគូស្នេហ៍ប្រច័ណ្ឌ។ រីឯទ្រីស្តីផ្សេងទៀត បានគិតថាគាត់ស្លាប់ដោយសារកំដៅ។

ទោះជាយ៉ាងណា ថ្មីៗនេះ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Clinical Kidney Journal (USA) បានសន្មត់ថា លី​ សៀវឡុង បានស្លាប់ដោយសារតែការថយចុះកម្រិតសូដ្យូម ដែលបណ្តាលមកពីការលើសជាតិទឹក។

ជាការពិត ការលើសជាតិទឹកខ្លាំង ក៏អាចបណ្តាលឱ្យរលាកខួរក្បាលផងដែរ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា «និយាយម្យ៉ាងទៀត យើងបានរកឃើញថា អសមត្ថភាពរបស់តម្រងនោម​ ក្នុងការបញ្ចេញទឹកច្រើនពេក បានសម្លាប់លោក លី​ សៀវឡុង»។

ពួកគេបាននិយាយថា កត្តាជាច្រើនបានណែនាំ លី​ សៀវឡុង ផឹកទឹកច្រើន ដូចដែលប្រពន្ធរបស់គាត់ Linda បាននិយាយអំពីរបបអាហារដែលមានជាតិរាវ ដែលរួមមានការ៉ុត និងទឹកផ្លែប៉ោម។ ហើយទន្ទឹមនឹងនោះ អ្នកសរសេរជីវប្រវត្តិរបស់ លី​ សៀវឡុង គឺ Matthew Polly ក៏បាននិយាយម្តងហើយម្តងទៀតថា លី​ សៀវឡុង បានផឹកទឹកនៅថ្ងៃដែលគាត់ស្លាប់ ហើយមុនពេលគាត់ធ្លាក់ខ្លួនឈឺធ្ងន់តែម្តង។

ក្រៅពីនេះ លី​ សៀវឡុង ក៏ត្រូវបានគេនិយាយថា បានប្រើប្រាស់សារធាតុរំញោច ដែលធ្វើអោយគាត់មានអារម្មណ៍ស្រេកទឹកផងដែរ។

ការសិក្សាបានព្យាករណ៍ថា ទោះបីជា លី​ សៀវឡុង មិនបានផឹកទឹកច្រើនក៏ដោយ ក៏តម្រងនោមរបស់តារាសម្តែងក្បាច់គុនដ៏កំពូលគ្មានរូបនេះ ទំនងជាមិនអាចដំណើរការបាន សូម្បីតែការទទួលទានទឹកធម្មតាក៏ដោយ។

គួរឲ្យដឹងផងដែរថា កើតនៅទីក្រុង​ San Francisco ក្នុងឆ្នាំ 1940 ប៉ុន្តែធំឡើងនៅទីក្រុងហុងកុង (ប្រទេសចិន) លី សៀវឡុង បាន​ចាប់​ផ្ដើម​លេច​មុខ​ក្នុង​ខ្សែ​ភាព​យន្ត​កាល​ពី​ក្មេង ហើយ​បាន​សិក្សា​កុងហ្វូ​កាល​ពី​វ័យ​ជំទង់។ ឪពុកម្តាយរបស់ សៀវឡុង មានការព្រួយបារម្ភនៅពេលដែលកូនប្រុសរបស់ពួកគេតែងតែឈ្លោះគ្នាតាមដងផ្លូវ ហើយបានបញ្ជូនគាត់ទៅសហរដ្ឋអាមេរិកនៅអាយុ ១៨ ឆ្នាំ។ នៅទីនោះ លី សៀវឡុង បានទាក់ទាញការចាប់អារម្មណ៍ពីផលិតករភាពយន្តនៅពេលសម្តែង Kungfu ក្នុងការប្រកួតការ៉ាតេនៅ Los Angeles ។ គាត់​ត្រូវ​បាន​គេឲ្យដើរ​តួ​សម្ដែង​ក្នុង​រឿង The Green Hornet (1966-67)។

បន្ទាប់ពីតស៊ូស្វែងរកការងារធ្វើ សៀវឡុង បានវិលត្រលប់ទៅហុងកុងវិញនៅឆ្នាំ 1971 ហើយបានសម្តែងក្នុងខ្សែភាពយន្តចំនួនពីរដែលបានបំបែកកំណត់ត្រាអាស៊ី ចាប់តាំងពីពេលនោះមក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×