ភ្នំពេញ ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងទៅកាន់ភាគីសហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធនានា អំពីការអភិវឌ្ឍន៍លើវិស័យសាធារណការ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ធ្វើយ៉ាងណាដើរឱ្យទាន់ចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលកម្រិតខ្ពស់។
ការលើកឡើងបែបនេះរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការ ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ដឹកនាំដោយ លោក អ៊ីហ្គ័រ ឌ្រីសមែនស៍ ( Igor Driesmans ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា រួមជាមួយភាគីពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។

កិច្ចពិភាក្សា បានផ្តោតលើការងារពាក់ព័ន្ធមួយចំនួន ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង រួមមាន ៖ ១-ការគ្រប់គ្រងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងអនាម័យនៅតាមបណ្តាខេត្តគោលដៅ , ២-ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី , ៣-ការងារទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ និងអត្រាស្លាប់ប្រចាំថ្ងៃ ដែលជារឿងមួយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតនាពេលបច្ចុប្បន្ន។
ដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០នោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ បានលើកឡើងទៀតថា ក្រសួងបានយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម តាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយរំពឹងថា ភាគីកម្ពុជានឹងទទួលបានកិច្ចសហប្រតិបត្តិការពីសហភាពអឺរ៉ុបនាពេលអនាគត ដែលកំពុងអនុវត្តគម្រោងមានស្រាប់ និងគម្រោងថ្មីៗទៀត៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN









