Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់​មាន់​ដ៏​ល្បី ពូកែ​សន្សំ​លុយ​ក្នុង «ធនាគារ​ធុងទឹក» ក្នុង១ឆ្នាំ២០២៣នេះ សន្សំ​ក្រដាស៥០បាត សរុប​ទឹកប្រាក់​ច្រើន​សន្ធឹក​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ

ស្រ្តីជនជាតិថៃអ្នកលក់មាន់ល្បីពូកែសន្សំលុយក្នុងធនាគារ «ធុងទឹក» នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍សារជាថ្មី បន្ទាប់ពីបានប្រមូល «លុយសន្សំ» ក្នុងរយៈ១ឆ្នាំពេញបានសរុបរហូតដល់ទៅជិត ១ម៉ឺនដុល្លារ ដ៏មិនធម្មតានោះទេ។

ជាក់ស្តែង នៅក្នុងសារបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះថា Parinatra Soonklang ស្រ្តីអ្នកលក់មាន់ស្រស់ មកពី Damnoen Saduak, Ratchaburi បានសរសេររៀបរាប់ថា៖ «កាដូថ្ងៃចូលឆ្នាំសកល 2024 បញ្ចប់ការរង់ចាំថ្ងៃ 1 មករា 2023 រហូតដល់ 31 ធ្នូ 2023 ធនាគារក្រដាសប្រាក់ 50 បាត សរុប 6,601 x 50 = 330,050 បាត ឆ្នាំនេះពិតជាឆ្នាំដែលលើសពីការរំពឹងទុក។ ខ្ញុំមិនដែលស្រមៃថាការយកឈ្នះខ្លួនឯងនឹងនាំមកនូវរង្វាន់ដ៏អស្ចារ្យបែបនេះទេ។ ខំប្រឹងអត់ឈប់សំរាក ព្រោះចង់មានថ្ងៃនេះ អរគុណម៉ាក់ដែលតែងតែនៅក្បែរខ្ញុំ។ អរគុណកូនប្រុសសម្រាប់ការលើកទឹកចិត្ត សន្សំទុកក្រដាសប្រាក់ 50បាត ក្នុងធនាគារធុងទឹកពិតជាមិនខកបំណងនោះទេ!»។

អ្នកស្រី ប៉ារិន ត្រា ម្ចាស់​ធនាគារ​សន្សំ​ប្រាក់​រូប​នេះ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ ​បានបង្ហាញសកម្មភាព​ចាក់​លុយ ​៥០​បាត ​ពេញមួយ​ធុងទឹក​ដែល​​សន្សំរយៈពេលមួយឆ្នាំ។ បន្ទាប់ពីប្រើពូថៅដើម្បីកាប់ធុងរហូតដល់បែក អ្នកស្រី ប៉ារិន បាន​ថត​រូបភាព និង​វីដេអូ​ទុក​ជា​ភស្តុតាង​ថា​ ​សាច់ប្រាក់​ទាំង​អស់នេះគាត់បានរក្សាទុកក្នុងធុងទឹកចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2023 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 គឺជាការពិត។ តាមរយៈការរាប់លុយប្រភេទ ៥០ បាត​ ចំនួន ៦,៦០១ សន្លឹក សរុបជាទឹកប្រាក់ ៣៣០,០៥០ បាត គឺត្រូវចំណាយពេលជាង ៣ ម៉ោងដើម្បីបញ្ចប់ ដោយមានការជួយរាប់ពីម្តាយ បងស្រី និងកូនប្រុសរបស់នាង។

អ្នកស្រ្តី ប៉ារិន ត្រា បាននិយាយថា នេះជាលើកទី៥ហើយ ដែលអ្នកស្រីបានសន្សំលុយ បន្ទាប់ពីមានការបំផុសគំនិតពីអ្នកនិយមលេងអ៊ីនធឺណែត ដែលបានចេញមកចែករំលែកអំពីការសន្សំលុយក្នុងធុងទឹក ដែលអ្នកស្រី​បាន​ព្យាយាម​ធ្វើ និង​បាន​ជោគជ័យ​ចំនួន ៤ ​លើក រួចមកហើយ។ រីឯវិធីនៃការសន្សំ គឺនៅពេលដែលអ្នកស្រីទទួលបានលុយពីអតិថិជនក្នុងក្រដាសប្រាក់ ៥០ បាត អ្នកស្រីនឹងជ្រើសរើសក្រដាសថ្មីមួយ ដាក់វានៅក្នុងធុង។ នៅ​ថ្ងៃ​ណា​ដែល​អាច​ទទួល​បាន​ច្រើន សូម​ដាក់​ឲ្យ​បាន​ច្រើន។ តែបើថ្ងៃណាដែលទទួលបានតិច ក៏ទម្លាក់តិចតាមហ្នឹង។ ហេតុដូច្នេះ អ្នកលក់ដូរដែលចូលចិត្តទុកលុយ ៥០ បាត គួរតែ​ចាប់​ផ្តើម​ដាក់​​ក្នុង​ធុង​ទឹក ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា រហូតរយៈ​ពេល​ពេញ​មួយ​ឆ្នាំដល់ថ្ងៃទី៣១ ខែធ្នូ។

អ្នកស្រី ប៉ារិន បន្ត​ថា នេះ​ជា​ការ​ប្រមូល​ផល​ឆ្នាំ​ទី​៥​ហើយ។ ប៉ុន្តែ អ្នកស្រី​មិន​បាន​រំពឹង​ថា​នឹង​ទទួល​បាន​ច្រើនបែប​នេះ​ទេ។ ប្រមូល​បាន​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៨​ បាន​ចំនួន​៦៨.០០០​បាត ។ លើកទីពីរក្នុងឆ្នាំ 2019-2020 គឺអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩ ប្រមូលបាន ១៤៧,៨០០បាត លើកទី៣ ក្នុងឆ្នាំ២០២១ ចំនួន ១៨០,៨៥០បាត និងលើកទី៤ នៅឆ្នាំ២០២២ ចំនួន ២៧៨,១០០បាត។ លើក​នេះ​ក្នុង​ឆ្នាំ​២០២៣ ចំនួន​ទឹកប្រាក់​ ៣៣០.០៥០​បាត ។ ជាមួយគ្នានេះ ថវិកាចំនួន ១សែនបាត អ្នកស្រីបានប្រគល់ជូនម្តាយ ដើម្បី​ទៅ​ធ្វើ​បុណ្យ​នៅ​កន្លែង​ផ្សេង​ៗ ហើយនៅសល់ប៉ុន្មានទៀត នឹងយកទៅដាក់ក្នុងធនាគារ និងប្រើដើម្បីសងបំណុល និងសម្រាប់ការសិក្សាកូនប្រុស។

តែនៅពេល​អ្នក​យក​ព័ត៌មាន​សួរ​ថា តើ​​ប្រើ​វិធី​អ្វី​ដើម្បី​សន្សំ​លុយ​រហូត​ដល់​ជោគជ័យ? អ្នកស្រី ប៉ារិន ត្រា បានឆ្លើយថា ទី១ គឺចេតនា ការតាំងចិត្ត។ ប្រាក់​ដែល​ប្រើ​សម្រាប់​ការ​ទម្លាក់​ចុះ​នេះ មិន​ត្រូវ​បង្ក​បញ្ហា​ដល់​ដើមទុន ឬ​លុយ​ដែល​ប្រើ​សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ​ឡើយ។ បើនៅសល់ច្រើន ដូច្នេះយើងរក្សាទុកច្រើន បើ​មាន​តិច យើង​ទុកតិច (សន្សំទៅតាមកាលៈទេសៈ)។ សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​មិន​ត្រូវ​គិត​ថា​យើង​មាន​ធុង​នេះ​ដើម្បី​ទុក​លុយ​នោះ​ទេ។ ចូរធ្វើដូចយើងភ្លេច ហើយកុំដើរលេងពេលយប់ កុំផឹកស្រា ត្រូវឧស្សាហ៍ព្យាយាម នោះយើងនឹងជោគជ័យ។ ជាមួយគ្នានេះ អ្នកស្រីក៏​ចង់​លើក​ទឹក​ចិត្ត​អ្នក​ដែល​សន្សំ​សំចៃ កុំ​អស់​សង្ឃឹម​ «ត្រូវ​អត់​ធ្មត់​ទុក​លុយ​ដែល​នៅ​សល់មិនប៉ះពាល់ដល់ការចំណាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×