ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំអកឱ្យលោក អេង ឆៃអ៊ាង អ្នកនយោបាយរត់ចោលស្រុកថា បើក្លាហាន មិនខ្លាចច្បាប់ ហេតុអ្វីរត់លឿនម្ល៉េះកាល២០១៧ ទាំងខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានថ្លែងសាលើបណ្តាញសង្គមហ្វេសប៊ុកថា “តបលេងបន្តិចចុះដើម្បីកុំឱ្យមនុស្សភ្លេចខ្លួននិងជាន់កែងខ្លួនឯង។ ម្នាក់នេះខំស្រែកពីអាមេរិកប្រាប់បក្សប្រឆាំងក្នុងស្រុកថាកុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ។ ចុះបើក្លាហានបែបហ្នឹងម៉េចរត់ចោលស្រុកកាលពីឆ្នាំ២០១៧នៅពេលដែលខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ខំរត់រកងាប់អីកាលពេលនោះនិងមកក្លាហានអីនៅពេលនេះ?”។

បន្ទាប់ពីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព្រមានគណបក្សនយោបាយ ដែលចុះឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឱ្យ បញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពបំពានច្បាប់ , លោកអេង ឆៃអ៊ាង អ្នកនយោបាយរត់ចោលស្រុកនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុកថា សូមជូនយោបល់ទៅមេដឹកនាំនយោបាយប្រឆាំងនៅក្នុងប្រទេសកម្ពុជា « ប្រសិនបើ ភ័យខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ គួរលាឈប់ពីនយោបាយ បក្សប្រឆាំង ព្រោះ ប្រជាពលរដ្ឋនឹងមិនបោះឆ្នោតឲ្យគណបក្សដែលមាន មេដឹកនាំភ័យខ្លាចនោះទេ » ។

សូមរំលឹកថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព្រមានគណបក្សនយោបាយ ដែលចុះឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឱ្យ បញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពបំពានច្បាប់។ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្មីៗនេះទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់ គណបក្សនយោបាយចំនួន ៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បី បម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោកគ្រោករបស់ខ្លួន ។
ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃសូមព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបាន ចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី(ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះ ចំណុចទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា «ការយល់ព្រមដោយចំហ ឬដោយតុណ្ហភាព ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន» គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបាន ហាមឃាត់ ។
ក្នុងន័យដូចគ្នានេះដែរ យោងតាមមាត្រា ៤៤ថ្មី(ពីរ) នៃច្បាប់នេះ បញ្ញត្តិថា គណបក្សនយោបាយ ដែលប្រព្រឹត្តល្មើស អាចប្រឈមនឹងការផ្អាកសកម្មភាពប្រាំឆ្នាំ ឬប្រឈមមុខនឹងការរំលាយដោយតុលាការ ។ ទន្ទឹមនេះ មាត្រា ៣៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានផ្ដល់សមត្ថកិច្ចដល់ក្រសួងមហាផ្ទៃ ក្នុងការ ចាត់វិធានការដើម្បីផ្អាកសកម្មភាពគណបក្សនយោបាយនោះ ឬប្ដឹងទៅតុលាការ ដើម្បីរំលាយគណបក្ស នយោបាយនោះចោល ។
ក្រសួងមហាផ្ទៃ សូមអំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដើម្បីចូលរួមប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិប តេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី






