ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ នេះ ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន

សៀមរាប៖ ពីវេទិកាបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ នេះ ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន។

សម្តេចបានមានប្រសាសន៍ថា ការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការបង្កើនតភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រជាជាតិទាំងពីរ និងជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន។
កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

សម្តេចពិជ័យសេនា បានបញ្ជាក់ដែរថា តាមរយៈការកំណត់យកឆ្នាំ២០២៤ ជា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន យើងនឹងអាចផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ ដែលមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់ លើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

សម្តេចបានបញ្ជាក់បន្ថែមថា ការរៀបចំពិធីបើក ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យទេសចរណ៍ និងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតប្រៀបបានសរសៃអំបោះដែលវេញចូលគ្នា បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនូវភាពទាក់ទាញ និងភាពប្រកួតប្រជែង សម្រាប់តំបន់ទេសចរណ៍ ក៏ដូចជាសម្រាប់ប្រទេសជាតិ។ ការណ៍នេះ វិស័យវប្បធម៌បានដើរតួនាទីជាឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់អភិវឌ្ឍផលិតផលទេសចរណ៍។ ជាមួយគ្នានេះ វិស័យទេសចរណ៍បានបង្កើតនូវប្រភពចំណូល និងធនធាន ដែលអាចគាំទ្រ និងពង្រឹងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ក្នុងយុគសម័យនៃភាពច្នៃប្រឌិត និងសាកលភាវូបនីយកម្ម។ ទេសចរណ៍ និងវប្បធម៌ មានភាពផ្សារភ្ជាប់គ្នាតាមរយៈសក្កានុពលនៃកំណើនវិស័យទាំងពីរផងដែរ ក្នុងនោះទេសចរណ៍វប្បធម៌ គឺជាទីផ្សារទេសចរណ៍ពិភពលោកដែលមានទំហំធំជាងគេ និងមានការកើនឡើងខ្លាំងជាងគេ ហើយវប្បធម៌ និងឧស្សាហកម្មសិល្បៈច្នៃប្រឌិត ត្រូវបានកំពុងប្រើប្រាស់កាន់តែខ្លាំងឡើងដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍នីមួយៗ។ ការប្រើប្រាស់ និងការច្នៃប្រឌិតវប្បធម៌ដើម្បីបង្កើនភាពទាក់ទាញនៃទីផ្សារទេសចរណ៍ បានជំរុញឱ្យមានភាពសម្បូរបែបនៃអត្តសញ្ញាណក្នុងតំបន់ និងលើកស្ទួយរូបភាពនៃគោលដៅទេសចរណ៍

សម្តេចបានបញ្ជាក់បន្តដូច្នេះថា កម្ពុជាជឿជាក់ថា គំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់និងផ្លូវ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកពង្រឹងសាមគ្គីភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

គម្រោង ខ្សែក្រវ៉ាត់និងផ្លូវ គឺជាការផ្តួចផ្តើមឡើងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្រោមការដឹកនាំរបស់ លោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ ក្នុងគោលបំណង ដើម្បីកសាងបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អាស៊ី ជាមួយអឺរ៉ុប និងទ្វីបអាហ្រ្វិក តាមរយៈផ្លូវពាណិជ្ជកម្មបុរាណ ដែលនឹងនាំមកនូវលទ្ធផលផ្លែផ្កា សម្រាប់គ្រប់បណ្តាប្រទេសដែលជាប់ផ្លូវបុរាណនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា ក្នុងនាមជារដ្ឋមួយដែលមានអរិយធម៌យូរអង្វែងនៅក្នុងតំបន់ទន្លេមេគង្គ កម្ពុជានឹងបន្តជំរុញការតភ្ជាប់វប្បធម៌-អរិយធម៌ខុសៗគ្នានៃប្រទេសក្នុងតំបន់មេគង្គ អាស៊ាន និងពិភពលោក ដើម្បីសន្តិភាព វិបុលភាព និងជំនឿទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនានា ពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង និងគំនិតផ្តួចផ្តើមសកលនានារបស់ចិន រួមមានគំនិតផ្តួចផ្តើមសកល គំនិតផ្តួចផ្តើម សន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញការអភិវឌ្ឍរួមរបស់មនុស្សជាតិ ប្រកបដោយបរិយាបន្ន និងសមធម៌៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម