បារាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកនយោបាយចាស់វស្សា លែងហ៊ានរិះគន់សម្តេចថា «ជាអ្នកនយោបាយមិនទាន់ជ្រុះពន្លៃពីក្បាល» ទៀតនោះទេ ព្រោះប្រធានាធិបតីបារាំង មានអាយុប្អូនសម្តេចប៉ុន្មានខែទៅទៀត ព្រមទាំងបានប្រាប់ទៅអ្នកនយោបាយចាស់វស្សា ដែលកំពុងរស់នៅប្រទេសបារាំង ហើយមានសញ្ជាតិពីរ គួរតែអបអរសាទរដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងបារាំងពេលនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបន់ឱ្យអ្នកនយោបាយនោះស្រលាញ់សម្តេច ឬឈប់រិះគន់នោះទេ ប៉ុន្តែគួរតែគិតថា នៅពេលណាដែលមានផលប្រយោជន៍ជាតិរួម យើងកុំធ្វើឱ្យប៉ះពាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងអញ្ជើញសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់ នៅក្នុងទ្វីបអឺរ៉ុប នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំអកឱ្យអ្នកនយោបាយចាស់វស្សាម្នាក់ នៅប្រទេសបារាំង ថាលែងហ៊ានរិះគន់សម្តេចជាក្មេងមិនទាន់ជ្រុះពន្លៃពីក្បាលទៀតហើយ ព្រោះខ្លាចចប់ ដោយសារតែដៃគូសន្ទនារបស់សម្តេច គឺប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មានអាយុប្អូនសម្តេចធិបតី ២ខែ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា លើកនេះអត់ហ៊ានជេរខ្ញុំថាក្មេង រាល់ដងរិះគន់ខ្ញុំមួយ គឺថាក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល អ្នកណាដឹងហើយ ខ្ញុំអត់ប្រាប់ឈ្មោះទេ អ្នកនៅបារាំងហ្នឹងឯង អ្នកនយោបាយចាស់វស្សាស្រុកបារាំងហ្នឹងឯង លើកនេះអត់ហ៊ានថាខ្ញុំអត់ទាន់ជ្រុះពន្លៃពីក្បាល ខ្លាចចប់ ព្រោះដៃគូរបស់ខ្ញុំ ប្រធានាធិបតីបារាំង ប្អូនខ្ញុំពីរខែ ហើយបើសិនជានាយករដ្ឋមន្ត្រីបារាំងកាន់តែក្មេងជាងខ្ញុំ១២ឆ្នាំឯណោះ អីចឹងអត់ហ៊ានប្រើអាយុវ័យខ្ញុំទេ ហើយវាគួរឱ្យអស់សំណើចដែរ ដែលអ្នកនយោបាយវ័យចំណាស់ម្នាក់ មកខំផ្សព្វផ្សាយញុះញុង កុំឱ្យមេដឹកនាំប្រទេសវ័យក្មេងពីរនាក់ ជជែកគ្នាដើម្បីរកផលប្រយោជន៍ឱ្យប្រទេសជាតិរៀងៗខ្លួន ខ្ញុំគួរឱ្យអស់សំណើចណាស់។

សម្តេចធិបតីបានថ្លែងថា ខ្ញុំឆ្ងល់ដែរក្នុងនាមជាអ្នកនយោបាយវ័យចំណាស់ម្នាក់នៅកម្ពុជា ការចេញសារបែបនេះ មានបានគិតទេ ចេញសារដែលធ្វើយ៉ាងណាកុំឱ្យទំនាក់ទំនងកម្ពុជា តាមរយៈការជួបរវាងទ្វេភាគីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានទៅដោយរលូន បង្កើតនូវភាពមិនទុកចិត្តគ្នា តើសារនេះបានន័យស្អី ក្នុងនាមជាអ្នកនយោបាយចង់អ្នកឯងស្រឡាញ់រដ្ឋាភិបាល មិនរដ្ឋាភិបាល ប៉ុន្តែគួរតែឱ្យតម្លៃទៅលើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា បើប្រជាជនមិនជឿទុកចិត្តលើការបោះឆ្នោត ក៏ពួកគាត់មិនទៅបោះឆ្នោតយ៉ាងច្រើនលើសលប់នៅការឆ្នោតឆ្នាំ២០២៣នោះដែរ ហើយពេលនោះដែរគឺប្រជាពលរដ្ឋដើរកម្សាន្តគគ្រឹកគគ្រេង គឺបញ្ជាក់អំពីភាពជឿជាក់ទៅលើស្ថិរភាពនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ និងខ្មែរនៅអឺរ៉ុប ដែលបានទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។
ពាក់ព័ន្ធការផ្ទេរអំណាចនៅដើមអាណត្តិទី៧នេះ ក៏បានធ្វើឱ្យសម្តេចធិបតី មានការភ្ញាក់ផ្អើលផងដែរ នេះក៏ដោយសារលទ្ធផល នៃការបោះឆ្នោត ដែលមានប្រជាពលរដ្ឋបោះជូនគណបក្សប្រជាជនកម្ពុជា ច្រើនជាងអាណត្តិកន្លងទៅ ហើយសម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្ទេរអំណាចដល់យុវជនបន្តវេន គឺថ្នាក់ដឹកនាំជំនាន់មុន ចង់ឃើញការថែរក្សាសមិទ្ធផលរបស់ពួកគាត់ រយៈពេល៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតជាមួយស្ថិរភាព។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបានបញ្ជាក់ថា ផលប្រយោជន៍ដែលកើតឡើងដោយការខិតខំរបស់រាជរដ្ឋាភិបាល នឹងបែងចែកស្មើគ្នាទៅដល់ប្រជាពលរដ្ឋ មិនមែនមនុស្សមួយក្រុមដូចការចោទប្រកាន់នោះទេ ហើយប្រជាពលរដ្ឋជាច្រើននាពេលបច្ចុប្បន្ន មានលទ្ធភាព ទិញរថយន្ត និងទិញផ្ទះប្រើប្រាស់។ រាជរដ្ឋាភិបាល មិនច្របាច់កប្រជាពលរដ្ឋនោះទេ ខណៈដែលកន្លងទៅមានការវាយប្រហារថា រាជរដ្ឋាភិបាលបន្ថែមពន្ធថ្មី។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា កន្លងទៅរាជរដ្ឋាភិបាល បានរក្សាលំនឹងតម្លៃអគ្គិសនី សុខចិត្តខាត ដោយមិនបានដំឡើង ដូចប្រទេសដទៃនោះទេ។ សម្តេច
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យជនរួមជាតិ រួមគ្នាកសាងសមិទ្ធផលជាតិ និងសុខសន្តិភាព កុំឱ្យមានសង្គ្រាមកើតឡើងជាថ្មី និងបានបញ្ជាក់ថា ទិវាសន្តិភាព គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងឡាយណា ដែលស្រលាញ់សន្តិភាព និងស្អប់សង្គ្រាម ហើយត្រកូល ហ៊ុន ក៏ជាអ្នកស្រលាញ់សន្តិភាព និងស្អប់សង្គ្រាមដែរ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី














