រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញឡើងធ្វើរបាយការណ៍សង្ខេបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅមណ្ឌលអប់រំកែប្រែទី១ ព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា៖ ថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយដ៏ធំ សម្រាប់អគ្គនាយកដ្ឋានពន្ធនាគារ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើជាអធិបតី ក្នុងដំណើរទស្សនកិច្ច និងផ្តល់កិត្តិយសចូលរួមកម្មវិធីបរិច្ចាកឈាមស្ម័គ្រចិត្ត ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានធ្វើការអបអរសាទរចំពោះសមិទ្ធផលសម្រេចបាន ហើយបានកោតសរសើរ និងអរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលបានរួមដៃគ្នាចូលរួមការពារ ថែរក្សារសណ្តាប់ធ្នាប់សាធារណៈ ដោយការគ្រប់គ្រងពន្ធនាគារប្រកបដោយសុវត្ថិភាព និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តបានល្អ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តល់នូវអនុសាសន៍ណែនាំដូចខាងក្រោម៖ មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពរបស់មន្រ្តីខ្លួនឯង និងជនជាប់ឃុំ , ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខអោយកាន់តែមានភាពរឹងមាំ, លើកទឹកចិត្តអោយមានការរៀបចំកម្មវិធី ដែលអនុញ្ញាតអោយសិស្សានុសិស្ស ចូលធ្វើទស្សនកិច្ចសិក្សានៅក្នុងពន្ធគារ ដើម្បីជាការដាស់តឿន កុំអោយក្មេងៗជំនាន់ក្រោយប្រព្រឹត្តអ្វីដែលខុសពីច្បាប់កំណត់, ត្រូវបន្តបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្មីៗបន្ថែមទៀត ដល់មន្រ្តីពន្ធនាគារដើម្បីឆ្លើយតបនឹងភាពបត់បែនរបស់សង្គម និងបណ្តាលប្រទេសក្នុងតំបន់៕









