ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត លី ធុជ ស្នើឱ្យUN-ESCAP ជួយកៀរគរបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលមិនទាន់ក្លាយជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ាឱ្យចូលរួមជារដ្ឋភាគី

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានស្នើឱ្យ UN-ESCAP ជួយកៀរគរបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឱ្យចូលរួមជារដ្ឋភាគី ខណៈកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត លី ធុជ បានអរគុណចំពោះ លោក ជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា និងគណៈប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ UN-ESCAP ដែលតែងតែគាំទ្រដល់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច និងសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលជាង៣០ ឆ្នាំ ហើយបានក្លាយជាប្រទេសមួយដែលបានរំដោះផ្ទៃដីមានមីននិងគ្រាប់ច្រើនជាងលើពិភពលោក ក្នុងចំណោមប្រទេស ៣០ ដែលកំពុងធ្វើការបោសសម្អាតមីនដូចកម្ពុជា។ ឆ្នាំ២០២៥ គឺជាគោលដៅរួមរបស់រដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិ វឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា និងដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសគ្មានមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា៖ ភាពជោគជ័យរបស់កម្ពុជា ក្នុងការទទួលបានការគាំទ្រពីរដ្ឋភាគីអនុសញ្ញា ហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញា) ធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានស្នើសុំការគាំទ្រពី UN-ESCAP ក្នុងកិច្ចការសាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ដោយគាំទ្រដល់កម្ពុជាកៀរគរប្រទេសនានាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកចូលរួមគាំទ្រ និងចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមបណ្ឌិត លី ធុជ ដែលបានផ្តល់នូវកិច្ចសហការដល់គណៈប្រតិភូ UN-ESCAP ហើយលោកជំទាវ បានសម្តែងនូវការអរគុណ និងរីករាយចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោកជំទាវ និងគណៈប្រតិភូទាំងអស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា។

លោកជំទាវ បានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ដែលទទួលបានគាំទ្រធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។ បន្ថែមលើនេះ លោកជំទាវក៏បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រកម្ពុជា ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម