ភ្នំពេញ៖ ពីវេទិកាបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សារព័ត៌មានដើរតួនាទីសំខាន់ ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើនីតិរដ្ឋ ផ្តល់ព័ត៌មានពិត ផ្តល់ការអប់រំ ចូលរួមចំណែកកែលម្អសង្គម និងបង្ហាញសកម្មភាពការងាររបស់រាជរដ្ឋាភិបាល។

សម្តេចមហាបវរធិបតី បានថ្លែងថា សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹង ទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន។ ចាប់តាំងពីមុន រហូតបច្ចុប្បន្ន រាជរដ្ឋាភិបាលនៅតែបានចាត់ទុកវិស័យព័ត៌មាន ជាចំណុចអាទិភាពមួយដ៏សំខាន់ និងមិនអាចខ្វះបាន។
កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានផ្តល់ការការពារលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទូទៅ ដោយផ្អែកលើមូលដ្ឋានច្បាប់។ មូលដ្ឋានច្បាប់ដែលធានាដល់ភាពសុខដុមរមនាក្នុងសង្គមជាតិ និងឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ការប្រើប្រាស់ព័ត៌មានដោយត្រឹមត្រូវ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍ ថែរក្សាសន្តិភាព ផ្តល់ថាមពលដល់ពលរដ្ឋក្នុងការសម្រេចចិត្ត និងការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យព័ត៌មាន ជាកាតាលីករយ៉ាងសំខាន់ នៅក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយអំពីសង្គមជាតិ និងការបង្ហាញពីតថភាពសង្គម និងការអភិវឌ្ឍជាក់ស្តែងក្នុង ដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក វិស័យព័ត៌មាន បានរួមចំណែកសូចនាករដ៏សំខាន់ ដូចជា ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកតាមមូលដ្ឋាននីតិរដ្ឋ បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង ជាឆ្មាំត្រួតពិនិត្យសង្គមដ៏ស្មោះត្រង់ ចូលរួមចំណែកកែលម្អសង្គមតាមរយៈ ការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល នៅក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៥ខែមកនេះ សម្តេចទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជាច្រើនក្នុងសង្គម តាមរយៈព័ត៌មានពីបណ្តាញសង្គម។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ អភិបាលរាជធានី-ខេត្ត តាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ក្នុងការថែរក្សាតម្លៃរបស់អ្នកសារព័ត៌មាន។ ដើម្បីថែរក្សាតម្លៃសារព័ត៌មាន អ្នកសារព័ត៌មានត្រូវរួមគ្នាការពារកុំឱ្យអ្នកសារព័ត៌មានប្រព្រឹត្តទង្វើខុសក្រមសីលធម៌វិជ្ជាជីវៈ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
















