រាជធានីភ្នំពេញ ÷ បន្ទាប់ពីមានការណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យសមត្ថកិច្ចជំនាញរឹតបន្តឹងត្រួតពិនិត្យច្បាប់ចរាចរណ៍ និងជាតិស្រវឹងទៅលើអ្នកបើកបរយានយន្ត ដើម្បីកាត់បន្ថយអត្រារបួស និងស្លាប់នោះ មន្ត្រីនគរបាលចរាចរណ៍ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ បានចុះអនុវត្តយ៉ាងតឹងរ៉ឹង ហើយលទ្ធផលនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដែលដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើសជាតិស្រវឹង ចំនួន ២៣គ្រឿង និងល្មើសផ្សេងៗ ចំនួន ២១១គ្រឿង សរុប ២៣៤គ្រឿង។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី នឹងចេញធ្វើយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង។
គួររំលឹកឡើងវិញថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានណែនាំដល់អគ្គស្នងការនគរបាលជាតិ ឱ្យរឹតបន្តឹងឡើងវិញលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្ដោតលើអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ដើម្បីកាត់បន្ថយការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន, កាត់បន្ថយអត្រារបួស និងមរណភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកចំឈ្មោះតែម្ដង គឺណែនាំដល់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើយ៉ាងណាឱ្យពង្រឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ។ ខ្ញុំសូមឱ្យ ឯកឧត្តម ស ថេត ពិនិត្យមើលពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ ព្រោះពេលថ្មីៗនេះកើតឡើងសោកនាដកម្មខ្លាំងណាស់ ដែលបណ្ដាលមកពីការបើកបរបុក និងប៉ះពារ។ រឿងបើកបរបុកស្លាប់នេះ ខ្ញុំក៏ជឿដែរថា អត់មានអ្នកណាចង់ទេ សូម្បីតែបើកបរឱ្យប៉ះបន្តិច ក៏មិនចង់ផង ប៉ុន្ដែអាហ្នឹងវាបណ្ដាលមកពីគ្រឿងស្រវឹងនៅក្នុងខ្លួន អ៊ីចឹងត្រូវធ្វើមិចទប់កុំឱ្យចូលខ្លួន ហើយទៅបើកបរអត់ប្រយ័ត្នប្រយែង ទៅបុកគេរបួស-ស្លាប់ និងបំផ្លាញទ្រព្យសម្បត្តិមហាសាល, ប៉ុន្តែការបុកស្លាប់ និងរបួសខ្លះទៀត កើតឡើងពីអំនួត មោទនភាព និងការធ្វែសប្រហែស បើកបរ បំពានកាតព្វកិច្ចសន្តិសុខធ្វើដំណើរ, ដូច្នេះ ត្រូវពង្រឹងច្បាប់ ពង្រឹងការត្រួតពិនិត្យ ជាតិស្រវឹងឱ្យបានតឹងរ៉ឹង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN











