Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃនាំចេញទំនិញនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រួមចំណែកប្រហែល ៧% ក្នុងតម្លៃនាំចេញសរុបទូទាំងប្រទេស

រាជធានីភ្នំពេញ ÷ តម្លៃនៃការនាំចេញទំនិញនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងជាលំដាប់ គួរឱ្យគត់សម្គាល់រយៈពេល ៨ឆ្នាំចុងក្រោយ សរុបតម្លៃ ១៦០០លានដុល្លារ នៅត្រឹមឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា «យើងខ្ញុំមានមោទនភាពបំផុត ដែលបានរួមចំណែកប្រហែល ៧% ក្នុងតម្លៃនាំចេញសរុបទូទាំងប្រទេស ដែលមានចំនួនប្រមាណ ២៣ ៤៧០លានដុល្លារអាមេរិក។

តម្លៃនៃការនាំចេញបានកើនឡើងទ្វេដង ក្នុងរយៈពេល ៨ឆ្នាំ ពោលគឺ ពីតម្លៃ ៣១៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លាន ដុល្លារអាមេរិកក្នុងឆ្នាំ២០២១។ ចំនួននេះបានកើនឡើងទ្វេដងម្ដងទៀត ក្នុងរយៈពេលត្រឹមតែមួយឆ្នាំបន្ទាប់ប៉ុណ្ណោះ គឺកើនដល់ទៅ ១ ៣៤៦លានដុល្លារ ក្នុងឆ្នាំ២០២២។

សម្រាប់នៅឆ្នាំ២០២៣ តម្លៃនាំចេញបានកើនដល់កម្រិតខ្ពស់ នៅក្នុងប្រវត្តិសាស្ត្រនៃការកកើតតំបន់សេដ្ឋកិច្ចនេះ ជាមួយនឹងតួលេខ ១ ៦២១លានដុល្លារ ដែលមានកំណើន២០ភាគរយបើធៀបនឹងឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានឱ្យដឹងទៀតថា ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស តួលេខខាងលើនេះផ្តល់ឱ្យយើងនូវថាមពលកាន់តែច្រើន ដើម្បីបន្តខិតខំប្រឹងប្រែងផ្តល់នូវ តំបន់សេដ្ឋកិច្ចពិសេសមួយដ៏ល្អបំផុត សម្រាប់អ្នកវិនិយោគកម្ពុជា និងអន្តរជាតិ សម្រាប់ការធ្វើឱ្យប្រសើរឡើង នៃអាជីវកម្មរបស់អ្នកវិនិយោគ ក៏ដូចជាសេដ្ឋកិច្ចរជាតិ និងការរួមចំណែកដល់ឧស្សាហូបនីយកម្មរបស់ប្រទេសផងដែរ។

គួរជ្រាបថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ គោលបំណងបង្កើតទីតាំងឈានមុខគេ សម្រាប់អ្នកផលិតឧស្សាហកម្មផ្សេងៗ និងបង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×