ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា» ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការប្រឡងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះគឺធ្វើឡើងដោយតម្លាភាព នឹងមិនមានការផ្ដល់អាទិភាពពិសេសដល់បុគ្គលណាម្នាក់ឡើយ។

នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ស្តីពី«ការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា» ក្រោមគណៈធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនធឿន តំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចចូលរួមពី តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងតំណាងសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មាន ២១ស្ថាប័ន-អង្គភាព។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ផ្អែកទៅលើមូលដ្ឋាននេះគឺសូមបញ្ជាក់ថា គោលការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ហើយជាពិសេសក្នុងការជំរុញវិធានការគន្លឹះ ហើយវិធានការគន្លឹះទី១ គឺការរៀបចំប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដោយការផ្តល់ឱកាសឲ្យស្មើៗគ្នា ដូចនេះផ្អែកលើមូលដ្ឋាននេះការជ្រើសរើសមន្ត្រីអប់រំឯកទេសអប់រំកាយ និងកីឡានេះ គឺយើងផ្តល់ឱកាសឲ្យទាំងអស់គ្នាតែម្ដងសិន។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា ចំពោះរូបលោកដែលជាលក្ខណៈឯកជន គឺមានតែការលើកទឹកចិត្តឲ្យគាត់មានចំណាប់អារម្មណ៍ក្នុងការប្រឡង ប៉ុន្តែការរៀបចំជាប្រព័ន្ធរបស់ប្រឡងនេះគឺធានាឱ្យមានស្មើៗគ្នានៃសិទ្ធក្នុងការចូលចុះឈ្មោះ ហើយនឹងការប្រកួតប្រជែងដើម្បីធ្វើយ៉ាងណាផ្អែកលើសមត្ថភាពរបស់ពួកគាត់ ដើម្បីអាចមានលក្ខណៈជាប់ជាកិត្តិយស ហើយបើធ្លាក់គឺធ្លាក់ដោយអស់ចិត្ត។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា ការធ្វើដូចនេះគឺដូចជាអ្វីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកន្លងមក ដូចនេះជាគោលការណ៍អាទិភាពទៅលើផ្នែកណាមួយ គឺអត់មានទេ គឺត្រូវធានាថាការប្រឡងនេះផ្តល់ឱកាសស្មើៗគ្នាតែម្តង។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា «វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរដោយផ្នត់គំនិតប្រកួតប្រជែងតាមរយៈសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន។»
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន១០០នាក់ ក្នុងចំណោមផែនការក្របខណ្ឌ ២០៨៨នាក់ ដែលជាផែនការក្របខណ្ឌរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងចាប់ផ្តើម ក្នុងពេល២ថ្ងៃទៀត។ ឆ្ពោះទៅកាន់ការប្រឡងនេះ គណៈកម្មការទាំងអស់បានជួបជុំគ្នាធ្វើវឌ្ឍនភាពការងារ និងបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានជូនសាធារណជនជ្រាប។
គ្រប់ដំណាក់កាលនៃការរៀបចំ រួមមានការផលិតមាតិកាផ្សាយចម្រុះឱ្យបានទូលំទូលាយ ទាំងOnline ទាំងOffline ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការរៀបចំប្រព័ន្ធទិន្នន័យ និងផ្តល់ព័ត៌មានជូនបេក្ខជនតាមប្រព័ន្ធព័ត៌មានវិទ្យាឌីជីថល, ការរៀបចំកម្មវិធីផ្តល់ព័ត៌មាន (Orientation Session) រួមទាំងការរៀបចំសន្និសីទសារព័ត៌មានដែលបានធ្វើនាពេលនេះ សុទ្ធតែជាការធានាដល់តម្លាភាព និងការផ្តល់លទ្ធភាពស្មើៗគ្នា ដល់សាធារណៈជន ចូលរួមប្រឡងប្រជែងគ្រប់ៗគ្នា។ ការប្រឡងប្រជែងនាពេលដ៏ខ្លីខាងមុខនេះ នឹងមានបេក្ខជនប្រឡងចំនួន ១៨៩២ រូប និងមានការចូលរួមសង្កេតការពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៨៧រូប, សាធារណៈជន ចំនួន៤៤ រូប, តំណាងសាកលវិទ្យាល័យចំនួន១០ រូប, និងសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២០រូប រួមទាំងវត្តមានសារព័ត៌មានចម្រុះស្ថាប័នផ្សេងៗទៀត។
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅដោយបែងចែកជា២ ប្រភេទវិញ្ញាសាគឺ៖ (១) ប្រភេទវិញ្ញាសាសរសេរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង(២) ប្រភេទវិញ្ញាសាអនុវត្តកីឡា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅមណ្ឌលប្រឡងវិទ្យាស្ថានអប់រំកាយ និងកីឡា។
ក្រសួងមុខងារសាធារណៈមានទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំយន្តការ និងនិយាមជ្រើសរើសមន្ត្រីរាជការស៊ីវិលដោយត្រូវឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបជាមួយទំនុកចិត្តដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ដែលមានឆន្ទៈខ្ពស់ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការបង្កើតបរិយាកាស ឬឱកាសស្មើៗគ្នា ក្នុងការចូលរួមប្រឡងប្រជែង។ ក្នុងន័យនេះ វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរដោយផ្នត់គំនិតប្រកួតប្រជែងតាមរយៈសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន។
ការប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡានឹងត្រូវប្រព្រឹត្តទៅក្រោមប្រភេទវិញ្ញាសាចំនួន២គឺប្រភេទវិញ្ញាសាសរសេរ និងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា។
សម្រាប់ប្រភេទវិញ្ញាសាអនុវត្តន៍កីឡា នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
ប្រភេទវិញ្ញាសាអនុវត្តន៍កីឡាមាន ៣វិញ្ញាសា ដូចខាងក្រោម៖
១. អនុវត្តវិញ្ញាសាចោលដុំដែក ទម្ងន់៥គីឡូក្រាម សម្រាប់បុរស និងទម្ងន់៣គីឡូក្រាម សម្រាប់នារី
២. អនុវត្តវិញ្ញាសាលោតចម្ងាយ បុរស-នារី
៣. អនុវត្តវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ សម្រាប់បុរស និង៨០ម៉ែត្រ សម្រាប់នារី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






