Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានជួបលោក អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពី កូននេនសីហា , សម្តេចសម្រេចជួយកសាងវត្តប្រគេន កូននេនសីហា

ភ្នំពេញ ៖ ដោយសទ្ធាជ្រះថ្លា និងក្តីអាណិតចំពោះ កូននេន សីហា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចចិត្តជួយកសាងវត្តប្រគេនព្រះអង្គ ក៏ដូចជាព្រះសង្ឃដទៃទៀត។

សម្តេចតេជោ បានគូសបញ្ជាក់លើបណ្តាញសង្គមថា នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចបានជួបលោក អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពី កូននេនសីហា។

សម្តេចតេជោ បានបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងដើម្បីរិះរកវិធីជួយដល់ កូននេនសីហា និងការជួយកសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ និងទិញដីបន្ថែម ដើម្បីពង្រីកនិងកសាងវត្ត។

សម្តេចតេជោ បានបញ្ជាក់ថា ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួបព្រះចៅអធិការវត្ត និងកូននេនសីហា ដោយរួមដំណើរជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។

សម្តេចតេជោ បានអរគុណលោក អួន សារ៉ាត់ ដែលបានជួយផ្សព្វផ្សាយពី កូននេន សីហា។ សម្តេចតេជោ ក៏បានអរគុណសប្បុរសជនដែលបានជួយ កូននេនសីហាដើម្បីកសាងព្រះវិហារ។ សម្តេចតេជោ ក៏បានអំពាវនាវដល់សប្បុរសជនបន្តជួយរហូតសាងសង់ព្រះវិហារក្នុងវត្តរួចរាល់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្តេចនឹងទទួលខុសត្រូវលើការជាវដីពង្រីកវត្ត និងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។

សូមបញ្ជាក់ថា កូននេន សីហា មានព្រះជន្ម៥វស្សា កំពុងគង់នៅវត្តព្រៃថ្មី ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ កូននេន សីហា កំពុងមានប្រជាប្រិយភាពលើបណ្តាញសង្គម តាមរយៈការផ្សព្វផ្សាយវីដេអូសកម្មភាពនានាដោយលោក អួន សារ៉ាត់។

វត្តដែលព្រះអង្គគង់នៅបច្ចុប្បន្នជួបការខ្វះខាត ហើយក៏កំពុងអំពាវនាវដល់សប្បុរសជន ដើម្បីជួយសាងសង់ព្រះវិហារផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×