ភ្នំពេញ ៖ ក្នុងឱកាសពិធីភ្ជាប់ស្ពានអាកាសមរតកតេជោ ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ពានអាកាសដែលបាននិងកំពុងសាងសង់ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានី នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានកម្ពស់បីជាន់ គ្រោងនឹងដាក់ ឈ្មោះស្ពានអាកាសថ្មីនេះជាស្ពានអាកាស មរតកតេជោ។ នេះគ្រាន់តែជាគំរោង ដោយលោកនឹងសុំទៅប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដើម្បីសុំប្រសិទ្ធនាមឈ្មោះស្ពាននេះ ជាស្ពានអាកាសមរតកតេជោ។

ឯកឧត្តមឃួង ស្រេង បានថ្លែងថា ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ៧៤ថ្ងៃទៀត យើងនឹងសុំទៅសម្ដេចហ៊ុនម៉ាណែត ដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្តោះអាសន្ន ដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរ។ ខណៈដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ន គម្រោងទី ២នឹងបន្តសាងសង់ នៅជាន់ផ្ទាល់ដីនិងជាន់ទី១ បន្តទៀត។
ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរលំហូរ ចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។

ឯកឧត្តម បានបន្តថា កំណត់ផ្លូវជាតិលេខ១ ក្រោយពីដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងកាត់ទន្លេបាសាក់ពី កោះនរាមកកោះពេជ្រ ឃើញថាស្ថានភាពចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចូលមករាជធានីភ្នំពេញ ដោះស្រាយបានប្រមាណ៥០% ពិសេស ដោះស្រាយសារាចរណ៍ ពីស្រុកលើកដែក ខេត្តកណ្ដាលនិងពីខេត្តព្រៃវែងក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅផងដែរ ។
ជាការគិតគូររបស់រាជរដ្ឋាភិបាល យើងនិងកសាងស្ពានបេតុងថ្មីមួយកន្លែងទៀត នោះគឺស្ពានព្រែកប្រា ដែលស្ពាននេះនឹងប្រើប្រាស់ថវិកាជាតិ។ ស្ពានព្រែកប្រានេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការរំដោះចរាចរណ៍ពីព្រែកប្រាមកទិសខាងលិច មកផ្លូវ២១៧ បន្តមកផ្លូវក្រវ៉ាត់ក្រុងទី៣ បន្តទៅផ្លូវល្បឿន លឿនឆ្ពោះទៅខេត្តព្រះសីហនុ។
ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ថា វិស្វករដែលបាននិងកំពុងសាងសង់ស្ពានអាកាស មរតកតេជោនេះ គឺជាវិស្វកររបស់ខ្មែរសុទ្ធសាធ ដែល បណ្ដុះបណ្ដាលនៅកម្ពុជារហូតក្លាយជាវិស្វករ ក្រោមការដឹកនាំប្រទេសរបស់សម្ដេចតេជោហ៊ុនសែន។ ពីមុនយើងពឹងគេលើជំនាញផ្សេងខ្លះ ប៉ុន្តែពេលនេះកូនខ្មែរយើងអាចធ្វើបានហើយ។កម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រទេសខ្លួនឯងបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងក៏មិនបោះបង់ចោលនៅបច្ចេកទេសរបស់ពិភពលោកបានដែរ។ យើងនឹងសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យកិច្ចការងារអភិវឌ្ឍន៍គំរោងផ្សេងៗរបស់ជាតិមានភាពរឹងមាំដើម្បីឧត្ដមប្រយោជន៍ជាតិយើង។

សូមឱ្យបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តទៅលើការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត ដោយសម្ដេចនិងបន្តរក្សា មរតករបស់សម្ដេចតេជោនិងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗទៀត ជូនជាតិមាតុភូមិ។សម្ដេចហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តរក្សាឲ្យបាននូវសន្តិភាពដើម្បីឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ។
សូមបញ្ជាក់ថា៖ ស្ពានអាកាសទី៨នេះ សាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពល ខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហា វិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានី ភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពាន អាកាសមួយកន្លែងទៀតស្ថិតនៅចំណុច ប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។
គួរបញ្ជាក់ថា៖ បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





















