រាជធានីភ្នំពេញ ÷ លោកស្រី ម៉ារីយ៉ាម សឺរមែន នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ បានបង្ហាញការមើលឃើញនៅចំពោះមុខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរស្របគ្នា មានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងទិសដៅគោលនយោបាយ និងការងារសំខាន់ៗរបស់ធនាគារពិភពលោក ក្នុងកម្រិតសាកល និងក្នុងកម្រិតប្រទេសកម្ពុជាផងដែរ។

ការបង្ហាញទស្សនៈយល់ឃើញបែបនេះរបស់ លោកស្រី ម៉ារីយ៉ាម សឺរមែន ធ្វើឡើងក្នុងជំនួបជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអនុញ្ញាតឱ្យ លោកស្រីនាយិកាធនាគារពិភពលោកប្រចាំតំបន់ និងសហការី ចូលជួបពិភាក្សាការងារ អំពីបញ្ហាកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា។
លោកស្រីនាយិកា ម៉ារីយ៉ាម សឺរមែន បានវាយតម្លៃថា រាជរដ្ឋាភិបាលកម្ពុជា មានភាពមាំមួន បានធ្វើឱ្យមានវឌ្ឍនភាពនៃការអភិវឌ្ឍជាច្រើនវិស័យប្រកបដោយភាពយូរអង្វែង, ហើយភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា យើងមានជំនឿជាក់ថា ជំនួបជាមួយ សម្ដេចធិបតីនាឱកាសនេះ នឹងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបវិញថា សូមអរគុណ លោកស្រី ម៉ារីយ៉ាម សឺរមែន នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលបានអញ្ជើញមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវអំណរគុណចំពោះធនាគារពិភពលោក ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។ សម្តេចធិបតី បានសម្តែងសេចក្តីសោមនស្សរីករាយក្នុងជំនួបពិភាក្សាការងារនាពេលនេះ ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងផងដែរថា ធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញារួមគ្នាបន្តកិច្ចសហប្រតិបត្តិការ ជាពិសេស បន្តក្របខ័ណ្ឌភាពជាដៃគូនឹងគ្នា សម្រាប់ឆ្នាំ២០២៥-២០២៩ ក្នុងនោះមាន ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងវិស័យអាទិភាពមួយចំនួន រួមមាន ៖ វិស័យអប់រំ វិស័យ សុខាភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
ក្នុងកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោកនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីគោលនយោបាយ អាទិភាពចំនួន ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមៗតាំងពីឆ្នាំ២០២៣ និងអាទិភាពគន្លឹះចំនួន៥ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ ការធានាកំណើន ចីរភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN




