Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីអភិរក្សបឹងទន្លេសាបត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប​ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ។ អាជ្ញាធរខេត្ត និងស្រុកនៅជុំវិញបឹងទន្លេសាប មានតួនាទីស្នូលក្នុងកិច្ចការពារដីបឹងទន្លេសាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤សម្តេចធិបតី បានលើកឡើងថា គ្មានដីណា ដែលថ្លៃជាងអនាគតនោះទេ ហើយការថែរក្សាបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅលើពិភពលោក និងជាផលប្រយោជន៍សម្រាប់ជំនាន់ក្រោយ មានតម្លៃយ៉ាងធំធេង។ សម្តេចធិបតី ក៏បានប្រាប់អភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ ត្រូវចូលរួមការពារឱ្យបានដីអភិរក្សបឹងទន្លេសាបតំបន់៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចការងារនេះ យើងត្រូវអនុវត្តឲ្យបានហ្មត់ចត់ អភិក្រមទាំង៥ ខ្ញុំសង្ឃឹមថា អភិក្រម៤ នឹងត្រូវបានប្រើ។ អភិក្រមទាំង៥ ខ្ញុំមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ។ ការទទួលខុសត្រូវក្នុងរដ្ឋបាល បើគ្មានវិន័យធ្វើការងារអ្វីមិនចេញទេ។ ខ្ញុំអត់សូវចេះមាត់ទេ តែដៃខ្ញុំចេញស៊ីញ៉េ។ ខេត្តទាំង៦ ជាអ្នកទទួលបន្ទុកដឹកនាំរួម ហត់កាយមិនសូវបញ្ហាទេ កុំឲ្យហត់ចិត្ត ខ្ញុំជឿថា ឯកឧត្តមដូចគ្នា ខិតខំធ្វើយ៉ាងណា អាជ្ញាធរទាំងអស់ខិតខំប្រឹងប្រែងស្រុះដៃគ្នា យើងទុក។

សម្តេចធិបតី បានបន្តថា បញ្ហាអត់លំបាកទេ យើងចាំបាច់បំផុតក្នុងការស្រុះដៃគ្នា។ យល់រួមគ្នា អំពីអត្ថប្រយោជន៍ នៅតំបន់នេះ។ វាគ្មានតម្លៃអី ដីណាគ្មានតម្លៃដូចអនាគតរបស់យើងទេ វាគ្មានតម្លៃណា ស្មើនឹងការថែរក្សាធនធានធម្មជាតិ ដែលជាផលប្រយោជន៍ សម្រាប់អត្តសញ្ញាណជាតិរបស់យើង ដែលបឹងទន្លេសាបជាបឹងទឹកសាបធំជាងគេលើពិភពលោក និងជាផលសម្រាប់ឲ្យកូនចៅយើងតទៅទៀត អីចឹងខ្ញុំសង្ឃឹមថា បងប្អូនដែលចាប់អារម្មណ៍ទៅលើដីកន្លែងតំបន់ ៣នោះ សូមម្ចាស់ការដកថយមុននឹងត្រូវការអនុវត្តច្បាប់។ ព្រោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបានត្រូវការពារឲ្យបាន។ អីចឹង ឯកឧត្តម ទាំង ៦ខេត្ត សន្យាជាមួយខ្ញុំ ចូលរួមអនុវត្ត ទប់ស្កាត់ ការទន្ទ្រានតំបន់៣ នេះឲ្យបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះកំណត់ឱ្យបានច្បាស់លាស់ដីអភិរក្សបឹងទន្លេសាប។ ការកំណត់ដីអភិរក្សបឹងទន្លេសាប ត្រូវធានាឱ្យបានសុក្រឹត្យភាព ចីរភាព និងប្រសិទ្ធភាព។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកជាថ្មីដល់មន្ដ្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែការពារឲ្យបានជាដាច់ខាត ដើម្បីការពារកិត្តិនាមបឹងទន្លេសាប ដែលជាបឹងទឹកសាបជាងគេនៅលើពិភពលោក។ក្រៅពីការពារកិត្តិនាមបឹងទន្លេសាបហើយនោះ បឹងទន្លេសាបក៏ជាជម្រកត្រីដ៏សម្បូរបែប និងបម្រើឲ្យសេចក្ដីត្រូវការក្នុងការទទួលទានរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសតែម្ដង ដូច្នេះហើយត្រូវតែការពារ និងទប់ស្កាត់ការទន្ទ្រានយកបន្ដទៀត តាមរយៈការកំណត់ និងបោះបង្គោលព្រំឲ្យបានច្បាស់លាស់តាមអ្វីដែលបានកំណត់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការពារឲ្យបានជាដាច់ខាតនូវតំបន់បឹងទន្លេសាប ដែលជាទ្រព្យសម្បត្តិរួមរបស់ជាតិយើង អាជ្ញាធរមូលដ្ឋានខេត្ត ស្រុក គឺជាតួអង្គសំខាន់។ កិច្ចការងារនេះអាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចូលរួមអនុវត្តការងារនេះឲ្យបានម៉ត់ចត់ ជាពិសេសពាក់ព័ន្ធការទន្ទ្រានព្រៃទឹកសាបនេះ ត្រូវធ្វើយ៉ាងណាឲ្យបានសុក្រឹត្យភាព។

ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអភិរក្សបឹងទន្លេសាបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវការណែនាំចំនួនរួមមាន៖១៖ ត្រូវចុះបញ្ជីដីទាំងអស់ជាប្រព័ន្ធឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ហើយការងារនេះត្រូវប្រគល់ភារកិច្ចជូនលោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកដឹកនាំការងារនេះ។២៖ ក្រោយការចុះបញ្ជីដីចប់សព្វគ្រប់ អាជ្ញាធរទន្លេសាប ត្រូវរៀបចំគូសផែនទី និងបោះបង្គោលឡើងវិញ ព្រោះតំបន់១ តំបន់២ និងតំបន់៣ ត្រូវបានកែប្រែ។ ក្រោយគូសផែនទី និងបោះបង្គោលរួចរាល់នោះ ត្រូវដាក់បញ្ជូនក្នុងប្រព័ន្ធដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។៣៖ ការងារអចិន្ដ្រៃយ៍ត្រូវថែរក្សាគ្រប់គ្រងឲ្យបានល្អ ដោយអាជ្ញាធរទន្លេសាប ត្រូវពង្រឹងយន្ដការគ្រប់គ្រង ដើម្បីធានាដល់ការដឹកនាំសម្របសម្រួលគ្រប់គ្រង ដែលមានស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលខេត្តចំនួន៦ ដែលជាប់បឹងទន្លេសាបតែម្ដង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់នូវការងារចាំបាច់បំផុត ទៅដល់រដ្ឋបាលខេត្តទាំង៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង, បន្ទាយមានជ័យ, ពោធិ៍សាត់, បាត់ដំបង, កំពង់ធំ និងខេត្តសៀមរាប ត្រូវគ្រប់គ្រងធ្វើយ៉ាងណាឲ្យមានចីរភាពដោយត្រូវកំណត់ឲ្យបានច្បាស់លាស់រយៈពេលវែង នៅតំបន់ទាំងអស់តាមរយៈការចុះបញ្ជី ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសងាយស្រួលក្នុងការត្រួតពិនិត្យ។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក៏បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់២ និងតំបន់១ ដែលទទួលបានសិទ្ធិអាស្រ័យផលហើយនោះ ត្រូវបន្ដអាស្រ័យផលលើដីដែលខ្លួនទទួលបាន ហើយត្រូវបន្ដថែរក្សាអ្វីដែលបានចែកជូន ដោយមិនត្រូវទន្ទ្រាន និងបំពានទៅតំបន់ដែលអភិរក្សនោះទេ។ សម្ដេចបានអះអាងថា ការការពារនេះ គឺដើម្បីធានានិរន្ដរ៍រយៈពេលវែង មិនមែនរយៈពេលខ្លីឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×