ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា ការបើកច្រកថ្មី ការបើកទីផ្សារថ្មីនៅប្រទេសនានាបន្ថែមជាការល្អ ប៉ុន្តែសំខាន់ត្រូវថែរក្សាទីផ្សារចាស់ឱ្យបានល្អ និងរឹងមាំ។
នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ ទាំងបងប្អូនអ្នកចិញ្ចឹមសត្វ និងតម្លៃសាច់នៅលើទីផ្សារ ដោយធ្វើយ៉ាងណា កុំឱ្យមានអតិផរណា ដែលនាំឱ្យប៉ះពាល់អ្នកបរិភោគ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក ដែលកន្លងទៅប្រជាកសិករ យើងមួយចំនួនបានសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាល ហើយការងារនេះក្រសួងកសិកម្ម បានដឹកនាំប្រជុំជាមួយវិស័យចិញ្ចឹមសត្វ ខាងវិស័យឯកជន ពិតណាស់ការដោះស្រាយ ការធានា គឺថារាជរដ្ឋាភិបាលត្រូវធានាពីរ ធានាទី១ គឺកសិផល លក់បានថ្លៃល្អ ចំណូលដល់កសិករ ធានាមួយទៀតកុំឱ្យមានអតិផរណាថ្លៃ»។
សម្តេចធិបតីបានបញ្ជាក់ផងដែរថា ជារៀងរាល់ថ្ងៃរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ញើតម្លៃម្ហូបអាហារ ជូនសម្តេចដើម្បីតាមដានជាប់ជាប្រចាំ ធ្វើយ៉ាងណាងាយក្នុងការចាត់វិធានការអន្តរាគមន៍ ឱ្យទាន់ពេលវេលា។
សម្តេចនាយករដ្ឋមន្ត្រីថា ការដោះស្រាយកាត់បន្ថយថ្លៃដើម ក្នុងការផលិតជូនកសិករ ជាអ្វីដែលរាជរដ្ឋាភិបាលខិតខំធ្វើ ដែលកន្លងទៅរាជរដ្ឋាភិបាលបានចេញគោលការណ៍អនុគ្រោះច្រើន ដល់វិស័យកសិកម្ម ដូចជាការមិនយកពន្ធដីកសិកម្ម ការបញ្ចុះតម្លៃអគ្គិសនី និងការផ្តល់នូវការអនុគ្រោះមួយចំនួនទៀត គឺសុទ្ធសឹង ដើម្បីជួយដល់វិស័យមានផលចំណេញ។

សម្ដេចធិបតី បានមានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធកំពុងតាមដានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត និងធ្វើការជួយសង្គ្រោះបន្ទាន់លើបញ្ហានេះ។
សម្ដេចបន្តថា នៅក្នុងការស្វែងរកទីផ្សារលក់ផលិតផលកសិកម្ម សូមយកតែផលិតផលតែ១មុខ ឬ ២មុខដែលចាំបាច់ និងអាចជាតម្រូវការទៅបង្ហាញនៅប្រទេ សនានាជាការល្អ ប្រសើរជាងយកទៅច្រើន ដែលធ្វើឱ្យប្រទេសនោះពិបាកនៅក្នុងការសម្រេច ហើយប្រទេសមួយចំនួនផ្សេងទៀត ក៏បាននាំចូលទៅកាន់ប្រទេសនោះរួចហើយដែរ។
នៅថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅជុំវិញតំបន់បឹង ទន្លេសាបជូនប្រជាពលរដ្ឋនៅទីនោះ ឱ្យបានលឿន ច្បាស់លាស់ និងឱ្យចប់សព្វគ្រប់។ សម្ដេចក៏បានដាក់បទបញ្ជាទៅស្ថាប័នជំនាញឱ្យរៀបចំគូសផែនទីតំបន់ការពារបឹងទន្លេសាបឡើងវិញ និងរៀបចំបោះបង្គោលការពារនៅតំបន់នោះឡើងវិញ នៅក្រោយរៀបចំផែនទីតំបន់ការពាររួច។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រុមការងារដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះកំណត់ឱ្យបានច្បាស់លាស់នូវដីអភិរក្សបឹងទន្លេសាប។ សម្តេចបានថ្លែងថា ការកំណត់ដីអភិរក្សបឹងទន្លេសាបត្រូវធានាឱ្យបានសុក្រឹត្យភាព ចីរភាព និងប្រសិទ្ធភាព។ ដីអភិរក្សបឹងទន្លេសាបត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាបជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ។
នាឱកាសនេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា អាជ្ញាធរខេត្ត និងស្រុកនៅជុំវិញបឹងទន្លេសាប មានតួនាទីស្នូលក្នុងកិច្ចការពារដីបឹងទន្លេសាប។ សម្តេចក៏វបានសុំការយោគយល់ពីអ្នកទន្ទ្រានយកដីបឹងទន្លេសាប សូមចូលរួមរក្សាដីបឹងទន្លេសាប ដើម្បីប្រយោជន៍ពលរដ្ឋទូទាំងប្រទេស។ សម្តេចធិបតីបានថ្លែងទៀតថា គ្មានផលប្រយោជន៍ណាធំជាងការថែរក្សាការពារផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយនោះទេ។
សម្តេចធិបតីក៏បានប្រាប់ដល់អភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ ត្រូវចូលរួមការពារឱ្យបាននូវដីអភិរក្សតំបន់ល្បីជុំវិញបឹងទន្លេសាបឲ្យបាន។
នាឱកាសនេះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មួយចំនួនផងដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី
